ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ស្ថានទូតសហរដ្ឋអាមេរិកភ្នំពេញ បានរៀបចំពិព័រណ៍ស្តីពីការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំសម្រាប់២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ក្នុងគោលបំណងបង្ហាញពីឱកាសសិក្សានៅសហរដ្ឋអាមេរិក និងកម្មវិធីការផ្លាស់ប្តូរសម្រាប់និស្សិតកម្ពុជារវាងនិស្សិតមកសហរដ្ឋអាមេរិក។ លោក Jason D. Kalbfleisch អនុប្រធានបេសកកម្មស្តីទីស្ថានទូតអាមេរិក និងឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានអញ្ជើញបើកសម្ពោធពិព័រណ៍ និងទស្សនាស្តង់នៃសាកលវិទ្យាល័យនីមួយៗ ដែលមកចូលរួម។
ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ២០២៤ បានផ្តល់ឱកាសពិសេសសម្រាប់និស្សិតកម្ពុជា ក្នុងការស្វែងយល់អំពីការសិក្សានៅថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកអំពីឱកាសអាហារូបករណ៍ ដំណើរការទិដ្ឋាការ និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយតំណាងស្ថាប័នអប់រំរបស់សហរដ្ឋអាមេរិកចំនួន២០ ដែលបានផ្តល់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សារបស់ពួកគេពីលក្ខខណ្ឌនានាក្នុងការចូលរៀនរួមទាំងដំណើរការដាក់ពាក្យផងដែរ។
លោក Kalbfleisch អនុប្រធានបេសកកម្មស្តីទីបានមានប្រសាសន៍ថា៖ «ការអប់រំអាចបង្កើតនូវឱកាសសេដ្ឋកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍របស់អ្នក រួមទាំងប្រទេសកម្ពុជា និងពិភពលោកទាំងមូល។ កាលពីឆ្នាំមុនចំនួននិស្សិតកម្ពុជាដែលទៅសិក្សានៅសហរដ្ឋអាមេរិកបានកើនឡើង ២១% ហើយនៅឆ្នាំនេះខ្ញុំជឿជាក់ថា យើងនឹងឃើញមានការកើនឡើងកាន់តែច្រើនថែមទៀត»។
នៅក្នុងប្រទេសកម្ពុជាស្ថានទូតអាមេរិក បានផ្សព្វផ្សាយឱកាសសិក្សាតាមរយៈមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាការសិក្សានៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា EducationUSA Advising Center ដោយឥតគិតថ្លៃក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ មជ្ឈមណ្ឌល EducationUSA ផ្តល់ជូនការផ្តល់ប្រឹក្សាដល់សិស្សនិស្សិតដោយឥតគិតថ្លៃតាមរយៈដំណើរការដាក់ពាក្យ ការចូលប្រើប្រាស់សៀវភៅ និងសម្ភារៈសិក្សាផ្សេងៗ។ ស្ថានទូតសហរដ្ឋអាមេរិកក៏បានផ្សព្វផ្សាយពីឱកាសសម្រាប់ការសិក្សានៅបរទេសតាមរយៈកម្មវិធីផ្លាស់ប្តូរ និងអាហារូបករណ៍ តាមរយៈកម្មវិធីនិងបទបង្ហាញផ្សេងៗ នៅបណ្ណាល័យទាំងបួនរបស់ស្ថានទូតសហរដ្ឋអាមេរិកដែលស្ថិតក្នុងខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តសៀមរាប និងនៅតាមសាលាមួយចំនួនទៀតទូទាំងប្រទេសកម្ពុជា៕
រូបថតដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា