កម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោកអបអរទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “សិទ្ធិទទួលបានអាហារ ដើម្បីជីវិត និងអនាគតកាន់តែប្រសើរ” ដោយព្រឹត្តិការណ៍នៃការរំលឹកខួបនេះធ្វើឡើងនៅឯកីឡដ្ឋានក្រុងកែប ខេត្តកែប។ ទិវាស្បៀងអាហារពិភពលោកត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៦ ខែតុលា។
ការប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំនេះដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រធានបទដ៏សំខាន់ដែលជួយក្រឿនរំឮកដល់ប្រជាជនទាំងអស់ថា គ្រប់គ្នាមានសិទ្ធិទទួលបានអាហារគ្រប់គ្រាន់ និងប្រកបដោយជីវជាតិ និងបានគូសបញ្ជាក់ពីភាពចាំបាច់នៃលទ្ធភាពទទួលបានអាហារ ការប្រើប្រាស់ ព្រមទាំងភាពសម្បូរបែប និងលក្ខខណ្ឌតម្លៃសមស្របដែលមនុស្សគ្រប់រូបអាចទទួលយកបាន។ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណប្រយោជន៍របស់ “អាហារ” ជារួមដើម្បីបង្ហាញឱ្យឃើញពីតម្រូវការចាំបាច់នៃរបបអាហារចម្រុះ ដែលជួយទ្រទ្រង់ និងលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សគ្រប់រូបនៅទូទាំងពិភពលោក។
ការដោះស្រាយបញ្ហាអសន្តិសុខស្បៀងសកល
ទោះបីជាកសិករនៅលើពិភពលោកបានផលិតកាឡូរីច្រើនគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជននៅទូទាំងពិភពលោក ក៏ដោយ ក៏នៅមានប្រជាជនប្រមាណ ៧៣០លាននាក់នៅតែប្រឈមនឹងភាពអត់ឃ្លានដែលបង្កដោយកត្តាមនុស្ស និងគ្រោះមហន្តរាយធម្មជាតិ រួមមានសង្គ្រាម ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ វិសមភាព និងការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ច។ ជាងនេះទៅទៀត មនុស្សជាង ២.៨ពាន់លាននាក់មិនអាចមានលទ្ធភាពទទួលបានរបបអាហារប្រកបដោយសុខភាព ដែលការណ៍នេះបានបង្កជាបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងបង្កផលប៉ះពាល់ដល់គុណភាពជីវិតរស់នៅរបស់មនុស្សស្ទើរតែមួយភាគបីនៃប្រជាជនពិភពលោក។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយដៃគូដ៏សំខាន់ៗ បានខិតខំលើកកម្ពស់ការអនុវត្តសកម្មភាពរួមគ្នាជាច្រើន ដើម្បីជំរុញបរិវត្តកម្មប្រព័ន្ធស្បៀង ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព ភាពធន់ បរិយាបន្ន និងនិរន្តរភាព។
ការប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅកម្ពុជា
ព្រឹត្តិការណ៍ដែលប្រារព្ធធ្វើនៅកម្ពុជាឆ្នាំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការសំខាន់ៗ ចំពោះការប្រើប្រាស់ និងភាពសម្បូរបែបនៃរបបអាហារ ដើម្បីកសាងអនាគតដ៏ប្រសើររុងរឿងទៅថ្ងៃមុខ។ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ទៅកាន់អ្នកចូលរួមដោយសង្កត់ធ្ងន់លើការអនុវត្តរបរកសិកម្មប្រកបដោយនិរន្តរភាព ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានស្បៀងប្រើប្រាស់គ្រប់គ្រាន់។
ឯកឧត្តមបានបន្ថែមថា៖ «ក្នុងឱកាសនៃទិវាស្បៀងអាហារពិភពលោកលើកទី៤៤ ឆ្នាំ២០២៤នេះ យើងរួមគ្នាក្រោមប្រធានបទ “សិទ្ធិទទួលបានអាហារ ដើម្បីជីវិត និងអនាគតកាន់តែប្រសើរ” ដោយទទួលស្គាល់អំពីតួនាទីដ៏មានសារៈសំខាន់របស់យើងក្នុងការប្រយុទ្ធប្រឆាំងទល់នឹងភាពអត់ឃ្លាន លើកកម្ពស់សន្តិសុខស្បៀង និងធានាឱ្យបាននូវរបបអាហារប្រកបដោយសុខភាពសម្រាប់ប្រជាជនទូទៅ។ រឿងដែលចាំបាច់បំផុតនោះ គឺការរួបរួមគ្នាឱ្យកាន់តែសកម្មសំដៅឈានទៅរកការលុបបំបាត់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំងសកលលោក ក៏ដូចជានៅកម្ពុជាយើងផងដែរ»។
នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះក៏មានការតាំងបង្ហាញផលិតផលកសិកម្មមកពីតាមបណ្ដាខេត្តជាច្រើនដែលសុទ្ធសឹងជាផលិតផលក៏ដូចជាសមទ្ធិផលនៃគម្រោងផ្នែកអាហារូបត្ថម្ភ និងគំនិតផ្តួចផ្ដើមផ្ដល់តម្លៃបន្ថែមលើកសិផលទាំងនោះ។ បន្ថែមពីនេះក៏មានការថ្លែងសុន្ទរកថាពីសំណាក់គណៈអធិបតី និងភ្ញៀវកិត្តិយសមួយចំនួនរួមមាន លោក ហួរ មិថុនា អភិបាលរងខេត្តកែប លោក អេះសាន់ ខាបៀរ មន្ត្រីជំនាញផ្នែកទំនាក់ទំនង និងជាតំណាងរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងលោក ម៉េង ចាន់ធឿន តំណាងមកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ ដើម្បីរួមចំណែកដល់ផលិតកម្មស្បៀងព្រមទាំងលើកកម្ពស់ភាពសម្បូរបែបនៃចំណីអាហារ អង្គពិធីទាំងមូលក៏បានចែកជាធាតុចូលកសិកម្មមួចំនួនធំ មានដូចជាពូជស្រូវ និងពូជបន្លែជាច្រើនមុខជូនដល់តំណាងកសិករដែលបានចូលរួមក្នុងឱកាសនៃទិវានេះផងដែរ។
លោក អេះសាន់ ខាបៀរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបរិវត្តកម្មប្រព័ន្ធស្បៀងដោយធានាថាប្រជាជនគ្រប់រូបមានលទ្ធភាពទទួលបានអាហារចម្រុះ និងប្រកបដោយជីវជាតិគ្រប់គ្រាន់។
លោកបានបន្ថែមថា៖ «ការធ្វើសកម្មភាពរួមគ្នានឹងជួយជំរុញឱ្យមានការផ្លាស់ប្តូរប្រកបដោយផ្លែផ្កា ហើយការណ៍នេះ គឺទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ម្ចាស់អាជីវកម្ម បញ្ញវ័ន្ត អ្នកសិក្សាស្រាវជ្រាវ
សង្គមស៊ីវិល និងបុគ្គលផងដែរ។ ជាពិសេសយុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងសន្តិសុខស្បៀងសម្រាប់ពេលអនាគត។ កិច្ចខិតខំប្រឹងប្រែងរបស់យុវជននាថ្ងៃនេះនឹងសាបព្រោះនូវលទ្ធផលជាវិជ្ជមាននៅថ្ងៃខាងមុខ។ ចំពោះកសិករ និងម្ចាស់អាជីវកម្មវិញ ពួកគេអាចចូលរួមក្នុងកិច្ចការនេះបានតាមរយៈការប្រតិបត្តិ និងការប្រកបរបរទទួលទានរបស់ខ្លួនដោយគោរពតាមគោលការណ៍និរន្តរភាព។ រីឯបញ្ញាវ័ន្ត អ្នកស្រាវជ្រាវ និងសង្គមស៊ីវិលក៏មានតួនាទីក្នុងការរួមចំណែកជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយជំរុញវឌ្ឍនភាពក្នុងវិស័យមួយដ៏សំខាន់នេះ»។
ការប្រតិបត្តិសកម្មភាពរួមគ្នា
ទិវាស្បៀងអាហារពិភពលោកនៅកម្ពុជាបានសរបញ្ចាក់ពីសារៈសំខាន់នៃការធ្វើសកម្មភាពរួមគ្នាដើម្បីសម្រេចឱ្យបាននូវសន្តិសុខស្បៀងជាសកល។ វត្តមានចូលរួមរបស់តំណាងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសមាជិកសហគមន៍ទាំងអស់ស្ដែងឱ្យឃើញថា ការកសាងប្រព័ន្ធស្បៀងមួយប្រកបដោយប្រសិទ្ធភាពមានលក្ខណៈធន់ បរិយាបន្ន និងនិរន្តរភាព គឺទាមទារឱ្យមានការចូលរួមសហការពីគ្រប់វិស័យទាំងអស់។ ការចូលរួមរបស់យុវជនក៏ត្រូវបានយកចិត្តទុកដាក់ដូចគ្នា ដោយសារពួកគេត្រូវបានផ្ដល់សិទ្ធិ និងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសន្តិសុខស្បៀងឱ្យបានល្អប្រសើរនាពេលអនាគត។
នៅចុងបញ្ចប់នៃកម្មវិធីមានការរៀបចំពិធីដាំដើមឈើជានិមិត្តរូបដែលសកម្មភាពនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក៏ដូចជាការប្ដេជ្ញាចិត្តយូរអង្វែងក្នុងការថែរក្សាប្រភពធនធានស្បៀង។ ក្រៅពីនេះក៏មានការចែកជូនពូជស្រូវ និងពូជបន្លែជូនដល់តំណាងកសិករ ដែលពួកគេអាចយកទៅដាំដុះ និងបង្កបង្កើនផលបន្ថែមនៅក្នុងសហគមន៍របស់ខ្លួន។ សកម្មភាពទាំងនេះនឹងជួយជំរុញដល់ស្មារតីនៃការប្ដេជ្ញាចិត្តក្នុងការកសាងបរិស្ថានប្រកបដោយភាពធន់សម្រាប់ផលិតកម្មស្បៀងនាពេលអនាគត។
ចក្ខុវិស័យនាពេលអនាគត៖ សម្រេចបានរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០
ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់មានជាអាទិ៍ រដ្ឋាភិបាល វិស័យឯកជន បញ្ញាវ័ន្ត អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងបុគ្គលគ្រប់រូប សូមចូលរួមធ្វើសកម្មភាពរួមគ្នា ដើម្បីរួមចំណែកដល់បរិវត្តកម្មប្រព័ន្ធស្បៀងសកល ព្រមទាំងធានាបាននូវវិសាលភាពនៃភាពប្រសើរទាំងបួនរបស់យើង គឺផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតរស់នៅកាន់តែប្រសើរសម្រាប់មនុស្សគ្រប់រូប។ រួមគ្នាដើម្បីសម្រេចបានរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ហើយមនុស្សគ្រប់រូបនឹងទទួលបាននូវអាហារគ្រប់គ្រាន់អមដោយជីវជាតិដ៏សម្បូរបែបដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ៕
រូបភាពដោយ៖ FAO Cambodia