ស្ថានទូតបារាំងនឹងបើកទ្វារឲ្យសាធារណជនចូលទស្សនានៅក្នុងទិវាបេតិកភណ្ឌ

ភ្នំពេញ៖​ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥,៣០០នាក់ កាលពីឆ្នាំមុនដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថាន ទូតបារំាងប្រចាំកម្ពុជានឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨ព្រឹក រហូតដល់ម៉ោង ៤រសៀលរួមទាំងពេលថ្ងៃត្រង់ផងដែរ។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ជាថ្មីអំពីស្ថានទូតដែលពោរពេញ​ដោយប្រវត្តិ​សាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈ​ចម្រុះក្នុងនោះមានដើមឈើជាង ២០០ដើមត្រូវជាប្រមាណ ៥០ប្រភេទ និងសត្វប្រមាណ ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូតដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោល គឺកាលពីជិត៥០ឆ្នាំមុន។

The French Embassy opens its gardens for Heritage Day នៅពេលចេញពីស្ថានទូតសាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញ​ពីការរំាបែបកីឡា Breakdance កម្ពុជា។ ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូលក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍ ២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗ នេះ។​ ដំណើរកម្សាន្តនឹងអមដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេសក៏គ្រោងនឹងរៀបចំផងដែរ។

ការទស្សនាធ្វើឡើងដោយសេរី និងមិនបាច់ចុះឈ្មោះជាមុននោះទេ ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹក​​ដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ កាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុ​ញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែក​ជើង​សម​ស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យានដែលកន្លែងខ្លះមានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅ។

ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០។ នៅកម្ពុជាអគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗ ទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១ ខែកញ្ញាផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលនឹងបើកឱ្យទស្សនាជាលើកទីមួយដែលរួមមាន ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប៕

រូបភាពដោយ៖ ស្ថានទូតបារាំងនៅកម្ពុជា

The French Embassy opens its gardens for Heritage Day

LEAVE A REPLY

Please enter your comment!
Please enter your name here