ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានប្រកាសបើកកម្មវិធីលើកកម្ពស់ជំនាញអាជីវកម្មដល់សហគ្រិនស្ត្រី ហៅថា Academy of Women Entrepreneurs (AWE) នៅប្រទេសកម្ពុជា។ កម្មវិធីនេះ ទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិកមានគោលបំណងលើកកម្ពស់ស្ត្រីក្នុងជំនាញអាជីវកម្ម តាមរយៈការសិក្សាពីកម្មវិធីអាជីវកម្ម វគ្គបណ្តុះបណ្តាល និងការបង្កើតបណ្តាញ។
លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងពិធីបើកនៅថ្ងៃទី១០ ខែកញ្ញា ថា៖ «ខ្ញុំមានមោទនភាពសូមនិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេក្នុងកិច្ចពិភាក្សាលើគោលនយោបាយក្នុងការលើកកម្ពស់ស្ត្រីអស់រយៈពេលរាប់ឆ្នាំមកហើយ។ ឆ្នាំនេះកម្មវិធី AWE រាប់ថាជាគម្រោងដ៏សំខាន់សម្រាប់យុទ្ធនាការរបស់យើង ស្តីពីការលើកកម្ពស់ស្រ្តីដែលអបអរសាទរ និងគាំទ្រស្ត្រីឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់គេ»។
លោកស្រីភារធារី Walker និងលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី AWE នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានសិក្ខាកាមនៃកម្មវិធី AWE នេះជាលើកដំបូងចំនួន ៣០នាក់មកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងវិស័យផ្សេងៗគ្នា រាប់តាំងពីសេវាកម្មបដិសណ្ឋារកិច្ចដល់វិស័យថាមពលប្រកបដោយចីរភាព។ អ្នកជំនាញខាងសហគ្រិនភាពមកពីសហរដ្ឋអាមេរិក គឺលោកស្រី Melinda Emerson ក៏បានចូលរួមថ្លែងសុន្ទរកថាជាគន្លឹះ ព្រមទាំងមានសុន្ទរកថាតាមវីដេអូរបស់លោកស្រី Leslie Kiernan អគ្គទីប្រឹក្សារបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកផងដែរ។
ក្រុមស្គរស្ត្រីមេធា (MeDha) ដែលជាក្រុមស្ត្រីវាយស្គរដំបូងនៅកម្ពុជា បានចូលរួមបើកកម្មវិធីជាមួយនឹងការសម្តែងដ៏អស្ចារ្យ។ AWE គឺជាគម្រោងផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលផ្តល់ចំណេះដឹង បណ្តាញ និងលទ្ធភាពចាំបាច់ដើម្បីឱ្យស្ត្រីជាសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មដោយជោគជ័យ ហើយប្រើប្រាស់អំណាចនៃអ្នកឧបត្ថម្ភពីវិស័យសាធារណៈ និងវិស័យឯកជនដៃគូក្នុងស្រុក និងបណ្តាញនៃអតីតនិស្សិតដែលបានចូលរួមក្នុងក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំរបស់សហរដ្ឋអាមេរិកដើម្បីជួយស្ត្រី និងអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន។
អ្នកដាក់ពាក្យចូលរួមសិក្សាត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៩ខែ ក្នុងកម្មវិធីដែលរួមមានការសិក្សាតាមប្រព័ន្ធ អនឡាញ ការចូលរួមសិក្សាដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ស្នាដៃ និងផ្តល់ការគាំទ្រនៅក្រោយចប់កម្មវិធីសិក្សា៕
រូបថតដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា