ភ្នំពេញ៖ សហរដ្ឋអាមេរិកមានសេចក្តីរីករាយក្នុងការចូលរួមពិធីប្រគល់ទទួលវត្ថុបូរាណចំនួន ៥៦រូប ដែលត្រូវបានលួចចេញពីកម្ពុជាក្នុងអំឡុងពេលនៃសង្គ្រាមមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។ អ្នកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរប្រារព្ធធ្វើនៅ វិមានសន្តិភាពនាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អ្នកស្រី Walker បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និងជាទីទុកចិត្តក្នុងការការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។ ការនាំយកវត្ថុបូរាណដែលត្រូវបានលួចយកចេញទៅមកកាន់កន្លែងដើមរបស់វាវិញគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើ»។
គិតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញនូវវត្ថុបូរាណចំនួនជាង ១៥០រូបដែលក្នុងនោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ និងរូបចម្លាក់ព្រះស្កន្ធគង់លើក្ងោកជារចនាបទសតវត្សទី១០ ដែលរូបចម្លាក់ទាំងពីរនេះត្រូវបានដាក់តាំងនៅសារមន្ទីរជាតិកម្ពុជានារាជធានីភ្នំពេញ។
ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅខែសីហា ឆ្នាំ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន ៥ឆ្នាំទៀត។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងនាឆ្នាំ២០០៣ សហរដ្ឋអាមេរិកបានជួយបណ្តុះបណ្តាលអ្នកជំនាញការពារបេតិកភណ្ឌសម្បត្តិវប្បធម៌ បង្ការការលួចវត្ថុបូរាណហើយបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញពីបុគ្គល និងវិចិត្រសាលឯកជននៅទូទាំងសហរដ្ឋអាមេរិកនូវវត្ថុបូរាណដែលត្រូវបានគេលួចយកចេញទៅ។
កិច្ចសហការគ្នាផ្នែកវប្បធម៌រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាក៏រួមមានផងដែរនូវការវិនិយោគសរុបចំនួន ៦លានដុល្លារសម្រាប់ការអភិរក្សវប្បធម៌តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងគម្រោងផ្សេងៗទៀត។ សកម្មភាពទាំងនេះរួមមានការជួសជុលប្រាសាទភ្នំបាខែងពីសតវត្សទី៩ ដែលស្ថិតនៅក្នុងឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា៕
រូបភាពដោយ៖ ស្ថានទូតសហរដ្ឋអាមេរិក