ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានរៀបចំពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈលើកដំបូងរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូសវូដ ក្នុងគោលបំណងបង្ហាញពីជម្រើសអាហារ និងភេសជ្ជៈអាមេរិកជាច្រើនប្រភេទ។
អ្នកស្រី Aleks Zittle អនុប្រធានស្តីទីនៃស្ថានទូតអាមេរិកមានប្រសាសន៍ថា៖ «គ្រឿងផ្សំរបស់អាមេរិកនឹងនៅតែជាការចូលរួមចំណែកមួយដ៏សំខាន់សម្រាប់ភាពជោគជ័យក្នុងវិស័យភោជនីយដ្ឋាន អាហារ និងភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា»។
មានការតាំងបង្ហាញសាច់ ដំឡូង រួមមានទឹកដោះគោ និងស្រាជាច្រើនមុខផងដែរ។ នាថ្ងៃពិព័រណ៍លើកដំបូងនេះ មានការចូលរួមពីអ្នកតំណាងមកពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកទូទាំងតំបន់នានា បានមកដាក់តាំងបង្ហាញម្ហូបអាហារ។ ចុងភៅល្បីឈ្មោះ និងជាស្ថាបនិកសមាគមចុងភៅកម្ពុជា លោក លូ ម៉េង បានធ្វើការស្វាគមន៍តំណាងអ្នកចូលរួមមកពីសណ្ឋាគារ ភោជនីយដ្ឋាន សមាគមពាណិជ្ជកម្ម សាលាធ្វើម្ហូប និងជាការពិតណាស់គឺអ្នកទទួលទានផ្ទាល់តែម្តង។
ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈលើកដំបូងរបស់សហរដ្ឋអាមេរិកទទួលបានការគាំទ្រថវិកាដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ដោយមានការចូលរួមគាំទ្រពីក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា ក្រុមប្រឹក្សានាំចេញសណ្តែកសៀងសហរដ្ឋអាមេរិក ក្រុមប្រឹក្សានាំចេញផលិតផលទឹកដោះគោសហរដ្ឋអាមេរិក សហព័ន្ធនាំចេញសាច់សហរដ្ឋអាមេរិក ក្រុមហ៊ុន Potatoes USA និងក្រុមប្រឹក្សានាំចេញផលិតផលបក្សី និងស៊ុតរបស់សហរដ្ឋអាមេរិក។ បន្ថែមពីវត្តមានអ្នកចែកចាយក្នុងស្រុកដែលមិនអាចខ្វះបាន គឺក្រុមហ៊ុន AusKhmer Lee’s LSH, Nice Blue និងក្រុមហ៊ុនផ្សេងទៀតផងដែរ៕
រូបថតដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា


