អ្នកស្រី Sara Minkara ទីប្រឹក្សាពិសេសនៃក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅរកម្ពុជា

ភ្នំពេញ៖​ អ្នកស្រី Sara Minkara ទីប្រឹក្សាពិសេសរបស់សហរដ្ឋអាមេរិក ផ្នែកសិទ្ធិអន្តរជាតិ និងសិទ្ធិជនពិការបានបំពេញទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១​ ដល់ថ្ងៃទី២ ខែសីហានេះ ដើម្បីស្វែងយល់អំពីការងារ និងការអប់រំប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព និងការកសាងសមត្ថភាពជាមួយភាគីពាក់ព័ន្ធពីខាងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលក្នុងការបង្កើនការចូលរួមជាទូទៅនៅក្នុងសង្គម។

អ្នកស្រី Minkara បានជួបពិភាក្សាជាមួយមន្ត្រីក្រសួងទេសចរណ៍ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសបន្ទាប់ពីបានទៅទស្សនានៅរោងចក្រដំឡើងរថយន្ត Ford ដែលមានការចូលរួមវត្តមានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ដោយផ្ទាល់នូវការអនុវត្តការងារប្រកបដោយបរិយាបន្ន​នៅកម្ពុជា។ លោកស្រីក៏បានទស្សនាផងដែរនូវសាលាសម្រាប់​កុមារដែលមានតម្រូវការពិសេស ហើយបានជួបជាមួយសង្គមស៊ីវិល ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងឱកាសសម្រាប់ការចូលរួមរបស់ជនមានពិការភាព។

Sara Minkara, Special Advisor on International Disability Rights, U.S. Department of State Visit Cambodiaអ្នកស្រីទីប្រឹក្សាពិសេស Minkara បានមានប្រសាសន៍ថា៖ «យើងត្រូវធានាថា ជនមានពិការភាព ជាផ្នែកមួយក្នុងការចូលរួមកិច្ចពិភាក្សា ហើយត្រូវធ្វើយ៉ាងណាឱ្យពួកគេអាចទទួលសិទ្ធិចូលរួមនោះ។ នៅពេលសង្គមបើកឱ្យមានការចូលរួម​របស់ជនមានពិការភាពសក្តានុពលរបស់យើងគ្មានព្រំដែនកំណត់ទេ»។

រូបភាពដោយ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

Sara Minkara, Special Advisor on International Disability Rights, U.S. Department of State Visit Cambodia