ភ្នំពេញ៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រារព្ធពិធី បិទគម្រោងអនាគតបៃតងកម្ពុជា USAID ដែលជាគម្រោងរយៈពេលប្រាំឆ្នាំក្រោមកិច្ចសហការជាមួយយុវជនក្នុងការលើកកម្ពស់ ការប្រត្តិបត្តប្រកបដោយចីរភាពក្នុងគោលបំណងកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត កាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងការបញ្ឈប់ការទុកដាក់សំរាមមិនត្រឹមត្រូវ។
គម្រោងនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តជាវិជ្ជមានតាមរយៈការប្រើវិធីសាស្ត្រទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម និងការចូលរួមជាមួយអ្នកដឹកនាំជាយុវជន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងភាគីពាក់ព័ន្ធដទៃទៀត។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ គម្រោងអនាគតបៃតងកម្ពុជា USAID បានបណ្តុះបណ្តាលអ្នកដឹកនាំជាយុវជន អ្នកមានឥទ្ធិ ពលលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងសមាជិកអង្គការសង្គមស៊ីវិលរាប់រយនាក់ដើម្បីធ្វើការទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាព និងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថមកស្រឡាញ់ និងថែរក្សាបរិស្ថានធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
ថ្លែងទៅកាន់តំណាងយុវជននៅក្នុងពិធី នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID លោកស្រី Kerry Pelzman បានកត់ សម្គាល់ថា៖ «គម្រោងនេះនឹងត្រូវបញ្ចប់ ប៉ុន្តែយើងដឹងថាការងាររបស់អ្នកនឹងបន្ត។ អ្នកគឺជាគន្លឹះឆ្ពោះទៅអនាគតបៃតង ប្រកបដោយចីរភាពសម្រាប់កម្ពុជា។ ផ្អែកលើការស្ទង់មតិរបស់គម្រោងយុវជនកម្ពុជាបីនាក់ក្នុងចំណោមបួននាក់ជឿថា ការអភិរក្សជីវចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព គឺជាបញ្ហាសំខាន់សម្រាប់កម្ពុជា។ សូមបន្តសកម្មភាពទៀតរហូតដល់យើងសម្រេចបាន ១០០ ភាគរយ»។
ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាគ្រប់ៗ រូបមានភារកិច្ចរួមមួយ ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ គោលដៅ និងគោលបំណងរបស់គម្រោងអនាគតបៃតង គាំទ និងស្របជាមួយយុទ្ធសាស្ត្រចក្រស្តីពីបរិស្ថានសម្រាប់ឆ្នាំ ២០២៣-២០២៨ ដែលមានគោលបំណងធានា ការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសេដ្ឋកិច្ចអព្យាក្រឹតកាបូននៅឆ្នាំ២០២៥»។
ពិធីនេះ រួមមានការដាក់បង្ហាញស្តង់ពិពណ៌ ដែលបង្ហាញពីសមិទ្ធិផល នៃយុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម (SBCC) ចំនួនបីរបស់គម្រោង៖ #រួមគ្នានិយាយដើម្បីការពារព្រៃឈើ #រួមគ្នានិយាយដើម្បីការពារសត្វព្រៃយើង និង #រួមគ្នា និយាយដើម្បីបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។ អ្នកចូលរួមពិធីនេះ បានស្វែងយល់អំពីតួនាទីរបស់យុវជនក្នុងការអភិរក្សជីវចម្រុះ ការការពារព្រៃឈើ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ អ្នកចូលរួមរួមមានតំណាងក្រសួងពាក់ព័ន្ធ ដៃគូក្នុងវិស័យបរិស្ថាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកមានឥទ្ធិពល និងអ្នកដឹកនាំជាយុវជន។
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិឈានមុខគេ និងជាតួអង្គដ៏ សំខាន់ក្នុងការជំរុញលទ្ធផលនៃការអភិវឌ្ឍន៍។ ការងាររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID គឺជំរុញឱ្យមានសន្តិសុខជាតិ និងវិបុលភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបង្ហាញពីទឹកចិត្តសប្បុរសរបស់សហរដ្ឋអាមេរិក និងការលើកកម្ពស់ដំណើរការទទួលបានការពឹងផ្អែកលើខ្លួនឯងនិងភាពធន់។ ទីភ្នាក់ងារជំនួយអាមេរិក USAID សហការជាមួយដៃគូកម្ពុជានិងអន្តរជាតិទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានភាពបើកចំហរ រីកចម្រើន មានភាពធន់ និងជាដៃគូប្រកបដោយបរិយាប័ន្នក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងផ្តោតលើការលើកកម្ពស់គណនេយ្យភាពរបស់រដ្ឋាភិបាល និងសិទ្ធិមនុស្សលើកកម្ពស់សុខភាពនិងអាហារូបត្ថម្ភគាំទ្រការអប់រំ និងការអភិវឌ្ឍកុមារ បង្កើនផលិតភាពកសិកម្ម និងសន្តិសុខស្បៀង អភិរក្សព្រៃឈើ និងអាងត្រងទឹក ជួយគ្រួសារកសិករសម្របខ្លួន និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងគ្រោះថ្នាក់ធម្មជាតិ។
គម្រោងអនាគតបៃតងកម្ពុជា USAID មានរយៈពេល ៥ឆ្នាំ (២០១៩-២០២៤) ដែលមានទឹកប្រាក់ ៥លានដុល្លាសហរដ្ឋអាមេរិក អនុវត្តដោយក្រុមហ៊ុន ECODIT និងអង្គការ FHI 360។ គម្រោងអនាគតបៃតងកម្ពុជា មានគោលដៅផ្តល់ភាពអង់អាចដល់ប្រជាជន និងសង្គមស៊ីវិលកម្ពុជាតាមរយៈការផ្តល់ចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្អែកលើភស្តុតាងដើម្បីជម្រុញឱ្យមានសកម្មភាពវិជ្ជមានក្នុងការគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ នៅពេលដែលប្រជាជនកម្ពុជាបានយល់ដឹងពីការគំរាមកំហែងជាទូទៅដល់ជីវៈចម្រុះ និងជីវភាពរបស់ខ្លួនពួកគាត់នឹងអាចចូលរួមប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយប្រជាជនកម្ពុជាផ្សេងទៀត និងជំរុញអ្នកទាំងនោះឱ្យចូលរួមការពារធនធានធម្មជាតិរបស់ពួកគាត់។ ដើម្បីសម្រេចគោលដៅនេះ គម្រោងមានគោលបំណងសំខាន់ពីរគឺ៖ គោលបំណងទី១៖ បង្កើនចំណេះដឹង និងឥរិយាបថវិជ្ជមានដល់ក្រុមគោលដៅអំពីផលប្រយោជន៏នៃជីវៈចម្រុះ និងសត្វដែលជិតផុតពូជ និងមានតែមួយគត់ក្នុងប្រទេសកម្ពុជាព្រមទាំងសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ គោលបំណងទី២៖ បង្កើនកិច្ចខិតខំប្រឹងប្រែងដែលចេញពីប្រជាជនដើម្បីអនុវត្តន៍ការទំនាក់ទំនងជាយុទ្ធសាស្ត្រក្នុងកិច្ចការពារជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើក្នុងតំបន់គោលដៅនៃគម្រោង។ ស្វែងយល់បន្ថែមពីគម្រោងៈ www.facebook.com/USAIDCambodiaGreenFuture។
យុវជនស្ម័គ្រចិត្តបៃតង គឺជាយុវជនស្ម័គ្រចិត្តក្រោមការសម្របសម្រួលរបស់គម្រោងអនាគតបៃតងកម្ពុជា USAID។ យុវជនស្ម័គ្រចិត្តបៃតងត្រូវបានបង្កើតឡើងតាំងពីខែតុលា ឆ្នាំ២០២១។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ យុវជននេះ មានចំនួន ១១ ក្រុម ដែលមានសមាជិកសរុបចំនួន ១១៣ នាក់ (ស្រី ៨៦ និងបុរស ២៧ នាក់)។ យុវជនស្ម័គ្រចិត្តបៃតងមានតួនាទីសំខាន់ពីរ៖ ១). យុវជនមានតួនាទីឈានមុខ (ផ្អែកលើតួនាទីរបស់ពួកគេនៅក្នុងសង្គមកម្ពុជា) ក្នុងនាមជាភ្នាក់ងារផ្លាស់ប្ដូរពួកគេអាចមានឥទ្ធិពលលើមិត្តភក្តិ ឪពុកម្តាយ ដែលជាអ្នកដែលចូលរួមក្នុងការប្រព្រឹត្តឥរិយាបថប៉ះពាល់ដល់បរិស្ថាន និង ២). ការចូលរួមរបស់ពួកគេកំពុងទទួលបានលទ្ធផល៖ ការចូលរួមយ៉ាងសកម្មរបស់យុវជនស្ម័គ្រចិត្តបៃតងក្នុងការធ្វើសកម្មភាព ផ្សព្វផ្សាយនៅសាលារៀន និងសហគមន៍។ យុវជនស្ម័គ្រចិត្តបៃតងបានចូលរួមក្នុងផលិតសម្ភារៈយុទ្ធនាការដូចជាសិក្ខា សាលាបង្កើតយុទ្ធសាស្ត្រគម្រោង (បញ្ញាក់ឡើងវិញនូវឥរិយាបថស្វែងរកមូលហេតុបង្កឱ្យមានឥរិយាបថទាំងនោះ និងស្វែងរកយុទ្ធសាស្ត្រដើម្បីដោះស្រាយឥរិយាបថទាំងនោះ) សហការជាមួយក្រុមការងារគម្រោងក្នុងការបង្កើតយុទ្ធសាស្ត្រក៏ដូចជាឧបករណ៌ ឬសម្ភារៈទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម (SBCC)៕
រូបភាពដោយ៖ សហការី