ភ្នំពេញ៖ សណ្ឋាគាររ៉ូសវូដភ្នំពេញធ្វើការណែនាំហាងនំ Butterfly Pâtisserie ដែលជាហាងនំដ៏ទំនើបដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលចូលមកជំនួសហាងនំ Patisserie នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ។ ក្រៅពីការផ្ដល់ ជូននំខេកដែលមានការរចនាដ៏ប៉ិនប្រសព្វ នំ Pastries និងនំសូកូឡាដែលមានភាពច្នៃប្រឌិតរួមទាំងប្រណីតភាព ទីតាំង ហាងនេះក៏មានការតាំងបង្ហាញប្រភេទនំដែលបានច្នៃម៉ូតឡើងយ៉ាងផ្ចិតផ្ចង់ដោយដាក់តាំងបង្ហាញនៅក្នុងទូកញ្ចក់យ៉ាងប្រណីតក្រោមបរិយាកាសដ៏សម្បូរបែបប្រកបដោយគុណតម្លៃខ្ពស់។
ហាងនំ Butterfly Pâtisserie ដំបូងគេនេះ មានទីតាំងនៅសណ្ឋាគាររ៉ូសវូដហុងកុងឆ្នាំ២០១៩ ហើយក៏បានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាហាងធ្វើនំខេកដ៏ទំនើបល្បីល្បាញមួយក្នុងចំណោមហាងជំនាញផលិតនំ។ ក្នុងទីក្រុងភ្នំពេញទីកន្លែងសម្រាប់អ្នកចូលចិត្តទទួលទាននំឆ្ងាញ់ៗ ថ្មីមួយនេះ នឹងពាំនាំមកនូវការឌីហ្សាញដូចគ្នានឹងរចនាបថដើមអ៊ីចឹងដែរ ពោលគឺ មានការបញ្ចូលនូវការរចនាទម្រង់ស្លាបបក្សីដ៏ល្បីល្បាញប្រចាំហាងដែលមើលទៅហាក់ដូចជាកំពុងហោះហើរនៅគ្រប់ជ្រុងនៃការរចនា និងគ្រប់នំបូករួមទាំងការបញ្ចូលនូវរសជាតិប្រចាំតំបន់ផងដែរ។
មេចុងភៅផ្នែកធ្វើនំរបស់សណ្ឋាគាររ៉ូសវូដភ្នំពេញ លោក Sonara Sieng គឺជាអ្នកដឹកនាំជំរុញការងារថ្មីមួយនេះ ដោយមានគោលបំណងជំរុញឱ្យវិស័យម្ហូបអាហារកាន់តែឈានខ្ពស់ថែមមួយកម្រិតទៀត ក៏ដូចជាដើម្បីបង្កើនកេរ្តិ៍ឈ្មោះនំខេកប្រណីតគួរឱ្យទាក់ទាញ លោក Sonara បានពាំនាំមកនូវអារម្មណ៍បែបប្លែកទៅលើសិល្បៈរចនា និងលំដាប់នៃរសជាតិរបស់ហាង Butterfly Pâtisserie។
លោក Sonara បានលើកឡើងថា៖ «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបន្តរីកចម្រើនឆ្ពោះទៅមុខ និងវិវត្តន៍ខ្លួនជាមួយនឹងសណ្ឋាគាររ៉ូសវូដភ្នំពេញតាមរយៈការស្វាគមន៍ហាងនំ Butterfly Pâtisserie មកកាន់ប្រទេសកម្ពុជា។ ក្រុមការងាររបស់ខ្ញុំ និងខ្ញុំពិតជាមានភាពអន្ទះសារជាខ្លាំងក្នុងការស្វាគមន៍អតិថិជនទាំងអស់មកភ្លក់រសជាតិអាហារឆ្ងាញ់ក្នុងតំបន់អឺរ៉ុប និងអាស៊ី។ នំដ៏ប្រណីតរបស់យើងនឹងធ្វើឱ្យលោក លោកស្រី អ្នកនាងកញ្ញាមានភាពភ្ញាក់ផ្អើលដោយសារតែរសជាតិនៃស្រទាប់នំ ពណ៌ និងសាច់នំ ហើយរសជាតិវិញគឺឈ្ងុយឆ្ងាញ់ដូចទៅនឹងសម្រស់ខាងក្រៅអញ្ចឹងដែរ»។
សម្រាប់ម៉ឺនុយដំបូងរបស់ហាងនំ Butterfly Pâtisserie លោក Sonara បានរៀបចំនំខេកតូចធំជាច្រើនប្រភេទ។ តាមរយៈការរួមបញ្ចូលគ្នានូវវប្បធម៌ប្រពៃណីអ៊ឺរ៉ុបជាមួយនឹងរសជាតិបែបអាស៊ី នំខេកតូចៗ ជាច្រើនប្រភេទទាំងនេះ មានបញ្ចូលនូវរសជាតិប្រចាំហាងដែលមានប្រភពចេញពីទីក្រុងហុងកុងដែលក្នុងនោះរួមមាន Tahitian Vanilla Millefeuille ដែលគ្មានគូប្រៀប។ នំនេះ គឺជាស្នាដៃឯកដែលត្រូវបានរចនាឡើងជាស្រទាប់ Pastry ដ៏ស្ដើងស្រទន់បូករួមជាមួយនឹងគ្រីម Tahitian Vanilla) ដ៏ផ្អែមឆ្ងាញ់។ នំខេកដ៏ពិសេសប្លែកមួយទៀតនោះ គឺនំខេកត្រាវពណ៌ស្វាយ (Purple Taro Cake ដែលជាការបង្កើតឡើងដ៏អស្ចារ្យដើម្បីផ្ដល់ជូននូវនំខេកដ៏ស្រទន់រសជាតិវ៉ានីឡា គ្រីម Hokkaido និងត្រាវ បូករួមជាមួយនឹងរសជាតិសណ្ដែកដីតិចៗ។
ក្រៅពីម៉ឺនុយនំខេកតូចៗ ក៏មាននូវនំខេកសូកូឡាវ៉ានីឡា (Vanilla Chocolate) និងការ៉ាមែល (Salted Caramel Cake) ដែលជាការលាយបញ្ចូលគ្នានូវរសជាតិសូកូឡា និងការ៉ាមែល និងនំ Hazelnut Paris Brest ដែលជានំ Pastry ស្រួយបែបបារាំងជាមួយនឹងគ្រីម Hazelnut ដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
នំខេកខ្នាតធំរបស់លោក Sonara ដែលជានំខេកពិសេសប្រចាំសណ្ឋាគាររ៉ូសវូដ បានប្រើប្រាស់នូវគ្រឿងផ្សំក្នុងស្រុកទៅតាមរដូវកាល។ នំទាំងនោះមានដូចជា នំខេក Coconut Pandan ដែលជានំខេករសជាតិស្លឹកតើយដែលត្រូវបានរៀបជាស្រទាប់ជាមួយនឹងគ្រីមស្លឹកតើយម៉ាស្កាផន និងចាហួយដូង។ នំខេក Banana Chocolate Peanut ជាប្រភេទនំខេកសូកូឡាលាយសណ្ដែកដីដែលមានគ្រីមវ៉ានីឡា និងចេកដ៏ឈ្ងុយឆ្ងាញ់ និងនំខេក Coconut Mango Tart ដែលជានំថាតរសជាតិស្រាលៗ និងស្រស់ស្រាយដែលមានដាក់ចំណិតផ្លែស្វាយស្រស់ៗក្នុងស្រុកពីខាងលើផងដែរ។
រូបភាពដោយ៖ សហការី