ភ្នំពេញ៖ រោងភាពយន្ត Major Cineplex Cambodia រួមជាមួយ BluO Cambodia សាខា Aeon Mall Sen Sok សហការជាមួយវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីរោងភាពយន្ត និងបច្ចេកទេសលេងកីឡាប៊ូលីង “Learn to Blow with BluO” នាថ្ងៃ២៨ ខែមិថិនា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពីសិស្សនិសិ្សត និងបុគ្គលិកមកពីវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) ប្រមាណជាង ៩០នាក់ ទៅ ១០០នាក់ ដែលសិស្សនិសិ្សតទាំងអស់ក៏បានស្វែងយល់បន្ថែមពីប្រព័ន្ធប្រតិបត្តិការនៃរបៀបធ្វើការងារនៅវិស័យកម្សាន្តផងដែរ។
នៅព្រឹកថ្ងៃកម្មវិធីលោក ថេង ស្រស់ ប្រធានផ្នែក BluO Cambodia ថាកម្មវិធីចែករំលែកបច្ចេកទេសលេងកីឡាប៊ូលីង “Learn to Blow with BluO” រៀបចំបានចំនួន ៥លើករួចមកហើយ។ អំឡុងពេលចាប់ផ្តើមរហូតមកដល់ថ្ងៃនេះកម្មវិធីទទួលបានសិស្សនិសិត្សធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកម្មវិធីប្រមាណជាង ៤០០នាក់ និងជ្រើសរើសបានអ្នកដែលមានទេពកោសល្យលេងកីឡាប៊ូលីង ៦នាក់សម្រាប់ត្រៀមចូលជាកីឡាករជម្រើសជាតិ។
លោក ថេង ស្រស់ លើកឡើងថា៖ «គិតទៅដូចជាលើកទី៥ហើយ! គិតទៅសរុបទាំង៥លើក មានកូនសិស្សប្រមាណជាង៤០០នាក់ហើយ លើកនេះយើងមានកូនសិស្ស ៨០នាក់ ហើយមានក្រុមការងារមកពីសាលាមានប្រហែលជា ១០នាក់ទៀត អ៊ីចឹងសរុបជាង៩០នាក់ ជិត១០០នាក់»។
ប្រធានផ្នែក BluO Cambodia សាខា Aeon Mall Sen Sok រូបនេះរំពឹងថា សិស្សនិស្សិតរួមទាំងបុគ្គលិកមកពីវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) នឹងជួយផ្សព្វផ្សាយបន្ថែមពីកីឡាប៊ូលីងឱ្យកាន់តែទូលំទូលាយជាងនេះ។ លោកបន្ថែមថា ប្រហែលជាមានសិស្សនិស្សិតមួយចំនួនមិនធ្លាប់បានសាកល្បងលេងកីឡាប៊ូលីងពីមុន តែលោកជឿជាក់ថា បន្ទាប់ពីពួកគាត់សាកល្បងលេងនិងស្វេងយល់ពីបច្ចេកទេសនៃការលេងពួកគាត់នឹងចាប់អារម្មណ៍លេងកីឡាសុវត្ថិភាពមួយនេះ។
លោកបន្តថា៖ «សម្រាប់កម្មវិធីនេះ គឺខ្ញុំរំពឹងទុកថាយើងអាចផ្សព្វផ្សាយពីកីឡាប៊ូលីងឱ្យបានកាន់តែច្រើន ជាពិសេសកូនសិស្សឱ្យគាត់កាន់តែយល់ដឹងពីការលេងបន្ថែមទៀត ពីរបៀបនៃការលេងប៊ូលីង ព្រោះអីកីឡាប៊ូលីង គឺជា Sport [កីឡា] មួយដែរ។ ខ្ញុំជឿជាក់ថាពួកគាត់អត់ដែលដឹងពីការលេងប៊ូលីងទេ តែបន្ទាប់ពីពេលហ្នឹងទៅគាត់អាចចេះលេងប៊ូលីង គាត់អាចមកកម្សាន្តនៅពេលណាមួយ»។
លោក ថេង ស្រស់ បញ្ជាក់ប្រាប់បន្ថែមថា គោលដៅសំខាន់នៃការរៀបចំកម្មវិធី “Learn to Blow with BluO” គឺជ្រើសរើសអ្នកដែលមានទេពកោសល្យចូលរួមជាកីឡាករជម្រើសជាតិ “Blow to be National Cambodia Team” ហើយបច្ចុប្បន្ននេះកម្មវិធីក៏ជ្រើសរើសបេក្ខជនបានចំនួន ៦នាក់ និងកំពុងតែហ្វឹកហាត់លេងនៅ BluO ទាំងពីរសាខា បន្ថែមពីនេះ លោកក៏ឆ្លៀតអំពាវនាវឱ្យស្រ្តីចូលរួមបញ្ចេញសម្ថភាពផងដែរ។
លោក ថេង ស្រស់ ថា៖ «គោលបំណងប្រមូលផ្តុំអ្នកដែលចូលចិត្តលេងលេងប៊ូលីងហ្នឹងឱ្យគាត់បានក្លាយជាកីឡាករជម្រើសជាតិ ហើយជាក់ស្តែងឥឡូវហ្នឹងយើងឆាប់ៗ យើងនឹងមានការប្រកួតនៅប្រទេសថៃ! យើងបានមើលឃើញនូវកីឡាករ ៥ ទៅ ៦នាក់ដែរ […] ឥឡូវនេះយើងមានតែបុរសទេ! យើងគិតពីបញ្ហាយេនឌ័រដែរ យើងកំពុងតែជំរុញឱ្យក្មេងៗ នារីៗ ដែលគាត់ចូលចិត្តលេងប៊ូលីង គឺយើងណែនាំគាត់ក៏ដូចជាប្រាប់គាត់ពីអ្វីដែលពួកយើងកំពុងតែធ្វើ ឱ្យពួកគាត់មកហ្វឹកហាត់កីឡាប៊ូលីងនេះផងដែរ»។
ចំណែកលោក ជោត សុខហេង ប្រធានផ្នែកភាសាចិននៃ សាលាភាសាបរទេស ខេម អាស៊ាន (CAM ASEAN) ប្រាប់ឱ្យដឹងថា លោករួមជាមួយក្រុមការងារបានដឹកនាំសិស្សនិស្សិតប្រមាណជាង ៩០នាក់ធ្វើដំណើរទស្សនកិច្ចសិក្សានៅរោងភាពយន្ត Major Cineplex និងស្វេងយល់ពីបច្ចេកទេសនៃការលេងកីឡាប៊ូលីង “Learn to Blow with BluO” ក្នុងគោលបំណងជាទន់ដល់សិស្សនិស្សិតកាន់តែយល់ដឹងបន្ថែមពីប្រតិបត្តិការនៃការគ្រប់គ្រងរោងភាពយន្ត លើលពីនេះ គឺរបៀបនៃការធ្វើការងារក្រុមរួមទាំងការផ្តល់បដិសណ្ឋារកិច្ចដល់អតិថិជនជាដើម។
លោក ជោត សុខហេង លើកឡើងថា៖ «ជាក់ស្តែងដូចថ្ងៃនេះអ៊ីចឹង យើងបានធ្វើដំណើរកម្សាន្តទស្សកិច្ចសិក្សាមកកាន់ Major Cineplex។ ទស្សកិច្ចសិក្សានេះ បន្ថែមធាតុចូលមួយចំនួនទៀតជូនពួកគាត់ដើម្បីឱ្យពួកគាត់ដឹងពីប្រតិបត្តិការនៃការគ្រប់គ្រងរបស់រោងកុន ថាតើដើម្បីឱ្យមានភាពរលូតនៅក្នុងការផ្តល់សេវាកម្មដល់អតិថិជនអ៊ីចឹង ថាតើពួកគាត់ Work [ធ្វើការជាក្រុម] ជា Group ម៉េចដែរ»។
លោក សុខហេង យល់ឃើញថា ការសិក្សាគឺជាការផ្សារភ្ជាប់ជាមួយនឹងកីឡា ដូចនេះលោកលើកទឹកចិត្តឱ្យសិស្សនិស្សិតលេងកីឡាដើម្បីបំបាត់ភាពតានតឹង និងជួយឱ្យសុខភាពផ្លូវចិត្តផ្លូវកាយបានរឹងមាំល្អ៖ «ការសិក្សាផ្សារភ្ជាប់ជាមួយនឹងកីឡា នៅពេលដែលគាត់សិក្សាគាត់ទទួលបានល្អត្រូវការកម្សាន្ត គាត់ត្រូវការកម្សាន្តផ្សេងៗ ជាក់ស្តែងទៅកីឡា គឺជាការកម្សាន្តមួយបែបដែលជួយទាំងសុខភាព ជួយទាំងភាពរីករាយក៏បានជួយរំសាយដល់អារម្មណ៍ធុញធប់ Stress [ភាពតានតឹង] ពីការសិក្សាផងដែរ»។
ប្រធានផ្នែកភាសាចិនរូបនេះបានបង្ហាញចំណាប់អារម្មណ៍បន្ថែមថា បន្ទាប់ដំណើរទស្សនកិច្ចសិក្សានេះ លោកពិតជាស្ញប់ស្ញែងចំពោះការខិតខំរៀបចំកម្មវិធី “Learn to Blow with BluO” និងបានអញ្ជើញសិស្សស្សិតពីវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) រួមទាំងរូបលោកឱ្យមកសិក្សាស៊ីជម្រៅបន្ថែមទៀតពីវិស័យកម្សាន្ត។ លោកយល់ថា ដំណើរទស្សនកិច្ចលើកនេះជាប្រយោជន៍សម្រាប់សិស្សនិស្សិត ដូច្នេះលោកក៏មានគម្រោងបន្តកិច្ចការសហការបន្ថែមនាពេលខាងមុខឆាប់ៗ នេះ។
លោកបន្តថា៖ «ស្ញប់ស្ញែងមែនទែនចំពោះផែនការទាំងអស់នេះ ជាក់ស្តែងទៅផែនការរបស់សាលាយើងគ្រោងបង្កើត Club សិក្សាកីឡាប៊ូលីញមួយ អាចថាត្រូវមានការសហការជាមួយនឹងខាង BluO ហើយយើងកំពុងតែគិតធ្វើការរួមគ្នាទៅលើការចុះហត្ថលេខាលើអនុស្សរណៈរវាង CAM ASEAN ដើម្បីយើងអាចជំរុញកីឡានេះចូលទៅក្នុងប្រព័ន្ធសិក្សារបស់យើង អាចឱ្យកូនសិស្សរបស់យើងគាត់ទទួលបាន Membership Card [កាតសមាជិក] អីផ្សេងៗ»។
ប្រធានផ្នែកសម្បុរសកូនកាត់ចិនលោក ជោត សុខហេង សង្ឃឹមថាវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) អាចនឹងមានកិច្ចសហប្រត្តិបត្តិការជាមួយនឹង Major Cineplex Cambodia ដើម្បីធ្វើយ៉ាងណាអាចជំរុញឱ្យកីឡាប៊ូលីញឆ្ពោះទៅកាន់កម្រិតស្តង់ដាអន្តជាតិបាន។
លោក ជោត សុខហេង៖ «ជូនពរឱ្យកិច្ចសហប្រត្តិការរបស់ CAM ASEAN ក៏ដូចជា Major Cineplex ក៏ដូចជា BluO យើងសហការគ្នាកាន់តែស្អិតរមួតដើម្បីជំរុញឱ្យកីឡាប៊ូលីញកម្ពុជារបស់យើងឆ្ពោះកម្រិតមួយស្តង់ដាអន្តជាតិ»។
មិនខុសពីលោក ជោត សុខហេង កញ្ញា អៀង ជេស្ថា ជានិស្សិតជំនាញអក្សរសាស្រ្តភាសាអង់គ្លេសនៃវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) ប្រាប់ពីចំណាប់អារម្មណ៍បន្តាប់ពីលេងកីឡាប៊ូលីងថា កញ្ញាធ្លាប់ឭពីកីឡាប៊ូលីងនេះពីមុនមក តែមិនធ្លាប់បានលេងពីមុនមកនោះទេ វាជាលើកទីមួយដែលបានសាកល្បងលេង និងស្វេងយល់ពីបច្ចេកទេសលេងកីឡាប៊ូលីងជាមួយកម្មវិធី “Learn to Blow with BluO” ។
កញ្ញា អៀង ជេស្ថា និយាយថា៖ «ធ្លាប់ឭ តែអត់ដែលលេងពីមុនមកទេ! សប្បាយ ហើយវាធ្វើឱ្យយើងបានបញ្ចេញចលនាទៅវាជួយសម្រួលសសៃរបស់យើងទៅដូចហាត់ប្រាណដែរ។ ទទួលបានបទពិសោធន៍ថ្មីព្រោះអីយើងអត់ដែលសាក ពេលយើងសាកទៅអ៊ីចឹងទៅធ្វើឱ្យខួរក្បាល់យើងស្រឡះល្អ ដូចថាយើងធ្វើការហត់អ៊ីចឹងទៅយើងអាចមកបញ្ចេញអារម្មណ៍មកលេងប៊ូលីងអ៊ីចឹងទៅ»។
ទើបតែសាកល្បងលើកដំបូងយ៉ាងណាក្តីតែ ជេស្ថា លើកទឹកចិត្តឱ្យមានអ្នកចូលរួមលេងកីឡាមួយប្រភេទនេះ៖ «បើសិនជាបងៗ ដែលគាត់ធ្វើការ ឬក៏គាត់មានមុខរបររកស៊ីអី Stress [ភាពតានតឹង] អ៊ីចឹងហើយអត់ដឹងថាទៅណា អាចមក BluO នេះដើម្បីបោះប៊ូលីង […] និយាយទៅបទពិសោធន៍ថ្មីដែលគាត់អត់ធ្លាប់មានអ៊ីចឹង គឺមក Fresh [ស្រស់ស្រាយ] ហើយស្រស់ស្រាយប្លែកហ្មង»។
គួរបញ្ជាក់ថា BluO Cambodia បានសហការរៀបចំកម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Blow with BluO” ជាមួយនិងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) សាលាអន្តរជាតិហ្វីលីពីនភ្នំពេញ (PISPP) សាកលវិទ្យាល័យបៀលប្រាយ (BBU) សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (UP) និងវិទ្យាស្ថាន អន្តរជាតិ អាស៊ាន (CAM ASEAN) និងទទួលបានការសហការពីភេសជ្ជៈ Idol Energy Drink ផងដែរ៕
រូបថតដោយ៖ សហការី និង ទុយ អេងលី