ភ្នំពេញ៖ នាថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៤ នេះ ប្លូអូខេមបូឌា សាខា អ៊ី អន សែនសុខ បានរៀបចំកម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Bowl with BluO” ដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយប្រមាណជាង ៥០នាក់ ដែលកម្មវិធីនេះ មានគោលបំណងជំរុញឱ្យយុវជនចូលរួមលេងកីឡាប៊ូលីងក៏ដូចជាត្រៀមខ្លួនក្លាយជាកីឡាជម្រើសជាតិផងដែរ។
លោក ថេង ស្រស់ ប្រធានផ្នែក ប្លូអូខេមបូឌា បានប្រាប់ឱ្យដឹងនៅថ្ងៃកម្មវិធីថា ជាក់ស្តែងប៊ូលីងជាកីឡាមួយប្រភេទដែលសិស្សានុសិស្ស ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមលេងដើម្បីសុខភាព។ បន្ថែមពីនេះ ប្លូអូខេមបូឌា ក៏មានគំនិតផ្តួចផ្តើមជួយជំរុញបន្ថែមឱ្យប្រជាជនកម្ពុជាចូលរួមលេងកីឡាសុវត្ថិភាពមួយនេះបានច្រើន។ លោកបន្ថែមថា នេះជាលើកទី៣ ដែល ប្លូអូខេមបូឌា បានរៀបចំកម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Bowl with BluO” ដោយកាលពីលើកទី១ និងទី២ បានធ្វើឡើងនៅ ប្លូអូ សាខា អ៊ី អន ភ្នំពេញ។
ប្រធានផ្នែករូបនេះបន្តទៀតថា វាជាជំហានដំបូងដែល ប្លូអូខេមបូឌា បានចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Bowl with BluO” ហើយកម្មវិធីបន្ទាប់ គឺធ្វើការជ្រើសរើសកីឡាករដែលពួកគាត់មានទេពកោសល្យចូលរួមជាកីឡាករជម្រើសជាតិ “Bowl to be National Cambodia Team” ដែលបច្ចុប្បន្ននេះ ប្លូអូខេមបូឌា បានក្លាយជាសមាជិកសហព័ន្ធកីឡាប៊ូលីងកម្ពុជា ដូច្នេះលោកអំពាវនាវឱ្យយុវជនចូលរួមលេង និងគាំទ្រកីឡានេះ។
លោក ថេង ស្រស់ លើកឡើងថា៖ «សម្រាប់គោលដៅរបស់ពួកយើងបន្តទៀតគឺ Step (ជំហាន) នេះ គឺយើងរៀបជាកម្មវិធី Learn to Bowl ហើយកម្មវិធីទៅមុខទៀត គឺយើងហ្នឹងផ្លាស់ប្តូរពី Program (កម្មវិធី) ទៅជា Bowl to be National Cambodia Team ជាកីឡាករជម្រើសជាតិតែម្តង»។
លោកបន្ថែមថា៖ «ដូចជាក់ស្តែងប៊ូលីងរបស់យើងខាង ប្លូអូ គឺយើងជាសមាជិកសហព័ន្ធប៊ូលីងកម្ពុជា អ៊ីចឹងយើងរៀបចំកម្មវិធីនេះ គឺដើម្បីឱ្យសិស្សានុសិស្សគាត់យល់ដឹងពីរបៀបលេង ពេលដែលគាត់លេងបានល្អប្រសើរ គាត់មាន potential (សក្តានុពល) ពួកយើងនឹង Select (ជ្រើសរើស) គាត់ដើម្បីឱ្យក្លាយជាក្រុមជម្រើសជាតិ»។
ចំណែកឯលោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបៀលប្រាយបានប្រាប់ឱ្យដឹងថា មាននិស្សិតជាង ៥០នាក់ដែលបានចូលរួមទទួលយកបទពិសោធន៍បច្ចេកទេសលេងកីឡាប៊ូលីងនៅថ្ងៃកម្មវិធី។ លោកបន្ថែមថា វាជាលើកទីមួយដែលសាកលវិទ្យាល័យបៀលប្រាយបានដឹកនាំនិស្សិតជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងទទួលយកបទពិសោធន៍បច្ចេកទេសលេងកីឡាប៊ូលីង “Learn to Bowl with BluO” ផងដែរ។
លោក អ៊ីន វីរជ័យ និយាយថា៖ «បើនិយាយទៅនេះជាលើកទីមួយហើយ យើងមកជាទ្រង់ទ្រាយធំ។ ក្រៅពីការសិក្សាពេលទំនេរយើងអាចចូលរួមលេងកីឡាដើម្បីសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់យើងផងដែរ អ៊ីចឹងវាជារឿងល្អមួយសម្រាប់ការចូលរួមលេងហ្នឹង កម្មវិធីថ្ងៃហ្នឹង គឺល្អមែនទែន»។
លោកសាកលវិទ្យាធិការរងរូបនេះ លើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមលេងកីឡាក្រៅពីម៉ោងសិក្សា ដើម្បីជាជំនួយស្មារតី កាត់បន្ថយស្រ្ដេសរួមទាំងជួយថែរក្សាសុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។
លោកបន្តថា៖ «មានន័យថាក្រៅពីការសិក្សាស្រាវជ្រាវ គាត់អាចមកលេងកីឡាដើម្បីសុខភាពផ្លូវកាយផង ផ្លូវចិត្តផង ហើយវាជួយដល់សុខភាពយើងបានល្អ ជាជាងទៅធ្វើអី អត់ចំណេញដល់ខ្លួនឯង ហើយសង្គមជាតិ»។
បន្ទាប់ពីទទួលយកបទពិសោធន៍បច្ចេកទេសលេងកីឡាប៊ូលីង លោក អ៊ីន វីរជ័យ តំណាងឱ្យនិស្សិតទាំងអស់មានក្តីរំពឹងទុកថា ក្រុមយុវជននឹងចូលរួមលេងកីឡាសុត្ថិភាពមួយនេះបន្តទៀត ដោយលោកអះអាងថា ការលេងកីឡាមួយប្រភេទនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់រូបរាងកាយនោះទេ។
លោកបន្ថែមថា៖ «វាជាកីឡាសុត្ថិភាព ហើយវាអត់មានគ្រោះថ្នាក់អីទេ លេងទៅវា Feel (អារម្មណ៍) អារម្មណ៍រំភើបហើយ Fresh (ស្រស់ស្រាយ) ដែរ។ កីឡាមួយនេះវាល្អមែនទែនសម្រាប់យើង វាអត់គ្រោះថ្នាក់ប៉ះពាល់ដៃជើងអីទេ គឺវាងាយស្រួល យើងរំភើបជាមួយនឹងការលេងវា ធ្វើឱ្យយើងបែកញើសដែរ»។
តំណាងឱ្យសាកលវិទ្យាល័យបៀលប្រាយរួមទាំងនិស្សិត លោក អ៊ីន វីរជ័យ បានថ្លៃងអំណរគុណដល់ ប្លូអូខេមបូឌា ដែលបានរៀបចំពិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង និងអញ្ជើញនិស្សិតចូលរួមទទួលយកបទពិសោធន៍ថ្មីៗ ពីកីឡាប៊ូលីងនេះ។
លោក អ៊ីន វីរជ័យ៖ «អគុណដល់ ប្លូអូ ដែលបានផ្តល់ឱកាសល្អដល់សាលាក៏ដូចជានិស្សិត ហើយក៏សុំជួយផ្តាំផ្ញើទៅដល់យុវជនក្រៅពីការសិក្សាស្រាវជ្រាវ ហើយនិងការងារ យើងក៏អាចលេងកីឡាដើម្បីឱ្យយើងមានអារម្មណ៍ល្អសម្រាប់ការបន្តបេសកម្មរបស់យើងសម្រាប់សង្គមក៏ជាការសិក្សាផងដែរ»។
មិនខុសពីលោក អ៊ីន វីរជ័យ លោក ថេង ស្រស់ មានក្តីរំពឹងទុក និងអំពាវនាវឱ្យសិស្សានុសិស្សដែលស្រលាញ់វិស័យកីឡាប៊ូលីងចូលរួមលេងជាមួយនឹងប្លូអូខេមបូឌា ទាំងពីរសាខា ហើយក្រុមការងារប្លូអូខេមបូឌានឹងទទួលសូមស្វាគមន៍រួមទាំងធ្វើការបណ្តុះបណ្តាលបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចចូលរួមជាក្រុមកីឡាករជម្រើសជាតិរបស់កម្ពុជាបាន។
លោក ថេង ស្រស់ លើកឡើងថា៖ «សម្រាប់សិស្សានុសិស្សក៏ដូចជាប្អូនៗ គាត់ស្រលាញ់វិស័យប៊ូលីង បើសិនជាមានចំណាប់អារម្មណ៍ចង់លេង ពួកយើងនឹងមានការផ្តល់ជូនការ Training (បណ្តុះបណ្តាល) អីផ្សេងៗ ដើម្បីឱ្យគាត់សម្រេចបានគោលដៅឱ្យក្លាយជាកីឡាករជម្រើសជាតិរបស់កម្ពុជា»។
លោក ថេង ស្រស់ រំពឹងថា៖ «ពួកខ្ញុំរំពឹងថា នៅពេលដែលគាត់បានមកចូលរួមកម្មវិធីនេះហើយ ពួគាត់នឹងទទួលបាននូវបទពិសោធន៍ថ្មីទាក់ទង់នឹងការលេងប៊ូលីង ហើយបន្ទាប់ពីហ្នឹង ពួកខ្ញុំរំពឹងថាពួកគាត់នឹងអាចស៊ែរទៅដល់មិត្តភក្តិផ្សេងៗ ហើយនិងណែនាំពួកគាត់ឱ្យគាត់មកលេងកីឡាប៊ូលីងទាំងអស់គ្នា»។
កម្មវិធីចែករំលែកបច្ចេកទេសកីឡាប៊ូលីង “Learn to Bowl with BluO” ទទួលបានការសហការពីភេសជ្ជៈ Idol Energy Drink ផងដែរ៕
រូបភាពដោយ៖ សហការី