គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាពីគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះស្រ្តីមានផ្ទៃពោះនៅសេរ៉ាឡេអូន

ភ្នំពេញ៖ ដោយមានការណែនាំពីលោកជំទាវ លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំ មីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការដឹកនាំសម្របសម្រួលការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះ នៃប្រទេសសេរ៉ាឡេអូន នៅពីថ្ងៃទី៨ ដល់១១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយមន្ត្រីក្រសួងសុខាភិបាលប្រទេសសេរ៉ាឡេអូន លើដំណើរការរៀបចំការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះជំនួសគ្រាប់ថ្នាំជាតិដែក អាស៊ីតហ្វូលីកក្នុងក្របខណ្ឌប្រព័ន្ធសុខាភិបាលជាតិ។ គណៈប្រតិភូបានចុះទៅទស្សនាឃ្លាំងឱសថដែលមានស្តុកឱសថជាច្រើនប្រភេទរួមទាំងគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះជាង ៣៦លានគ្រាប់ផងដែរ។ បន្ទាប់មកគណៈប្រតិភូបានចុះទស្សនកិច្ចការិយាល័យសុខាភិបាល និងមន្ទីរពេទ្យថ្នាក់ស្រុកដើម្បីពិភាក្សាលើបទពិសោធន៍និងមេរៀនល្អៗ ក្នុងការផ្តល់សេវាសុខាភិបាលដល់ប្រជាជនសេរ៉ាឡេអូន ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។

Cambodian Delegation Visits Sierra Leone to Study about MMS for Pregnant Womenបន្ទាប់មកទៀតគណៈប្រតិភូបានចុះទៅកាន់មណ្ឌលសុខភាពសហគមន៍ជនបទ និងជួបស្រ្តីមានផ្ទៃពោះស្ត្រីបំបៅដោះកូនផ្ទាល់ដើម្បីស្វែងយល់ពីបទពិសោធន៍ការផ្តល់ទទួល និងលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ។ គណៈប្រតិភូបានពាំនាំយកបទពិសោធន៍មួយចំនួនដែលប្រទេសសេរ៉ាឡេអូន នឹងអនុវត្តដែលរួមមានដូចជា បុគ្គលិកសុខាភិបាលគ្រប់មណ្ឌលសុខភាពនៅទូទាំងប្រទេសទទួលការបណ្តុះបណ្តាលបានយ៉ាងល្អមុននឹងផ្តល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ ដោយការបណ្តុះបណ្តាលធ្វើឡើងបន្ទាប់ពីឯកសារគោលការណ៍ណែនាំ និងឯកសារវគ្គបណ្តុះបណ្តាលត្រូវបានអនុម័តដោយក្រសួងសុខាភិបាល។

បន្ថែមពីនេះគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះត្រូវបានបញ្ចូលក្នុងបញ្ជីឱសថសារវន្ដរបស់ក្រសួងសុខាភិបាលនៅឆ្នាំ២០២២រួចរាល់។ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះជាង ៣៦លានគ្រាប់នឹងត្រូវផ្តល់ជូនមូលដ្ឋានសុខាភិបាលទាំងអស់នៅទូទាំងប្រទេសត្រឹមដំណាច់ខែមិថុនា ដែលក្នុងនោះស្រ្តីមានផ្ទៃពោះជាង ២០ម៉ឺននាក់នឹងទទួលបានគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនាឆ្នាំ២០២៤ នេះ។

Cambodian Delegation Visits Sierra Leone to Study about MMS for Pregnant Womenសូចនាករពាក់ព័ន្ធនឹងគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៥ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធព័ត៌មានក្រសួងសុខាភិបាលរួមមាន៖ ទី១ ចំនួនស្ត្រីមានផ្ទៃពោះដែលទទួលបានគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ១៨០គ្រាប់ក្នុងម្នាក់។ ទីពីរចំនួនស្ត្រីមានផ្ទៃពោះដែលបានលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ១៨០គ្រាប់ក្នុងម្នាក់។ ទី៣ ចំនួនស្ត្រីមានផ្ទៃពោះដែលបានមកពិនិត្យផ្ទៃពោះលើកទី១ ទី៤ ចំនួនស្ត្រីមានផ្ទៃពោះដែលបានមកពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង និងទី៥ ចំនួនស្ត្រីមានផ្ទៃពោះដែលបានមកពិនិត្យផ្ទៃពោះយ៉ាងតិច ៨ដង។

បន្ថែមពីនេះប្រទេសសេរ៉ាឡេអូន បានសម្រេចចិត្តរក្សាគោលការណ៍ផ្តល់បន្ថែមគ្រាប់ថ្នាំជាតិដែក អាស៊ីតហ្វូលិកសម្រាប់ស្ត្រីក្រោយសម្រាល។ ចំណែក​ឯស្ត្រីមានផ្ទៃពោះដែលមានបញ្ហាស្លេកស្លាំងត្រូវព្យាបាលដោយការបន្ថែមគ្រាប់ថ្នាំជាតិដែក អាស៊ីតហ្វូលិកមួយគ្រាប់ក្នុងមួយថ្ងៃលើគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដែលលេបជាធម្មតាតាមគោលការណ៍របស់ក្រុមបច្ចេកទេស MMS TAG។

Cambodian Delegation Visits Sierra Leone to Study about MMS for Pregnant Womenស្រ្តីមានផ្ទៃពោះទាំងអស់ទទួលបានបទពិសោធន៍វិជ្ជមានបន្ទាប់ពីលេបគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដូចជា មិនមានអាការៈចាញ់កូន ឃ្លាន និងញុំាអាហារបានច្រើនជាងមុន គេងលក់ស្រួល គ្មានជំងឺយាយីពោល គឺសុខភាពល្អ ឡើងទម្ងន់សមស្រប និងមានអារម្មណ៍ល្អ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសេរ៉ាឡេអូននឹងរ៉ាប់រងលើការចំណាយទាំងស្រុងក្នុងការទិញគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនៅឆ្នាំ២០២៨។ រដ្ឋាភិបាលសេរ៉ាឡេអូនមានគម្រោងផលិតជាវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយដល់សហគមន៍ស្តីពីសារៈសំខាន់ និងអត្ថប្រយោជន៍ការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ នៅប្រទេសសេរ៉ាឡេអូនបានសម្រេចដាក់ឈ្មោះគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះនេះថា «ថ្នាំបង្កើនឈាម»

រូបភាពដោយ៖ អង្គការហេទ្បែន ខេលល័រ

Cambodian Delegation Visits Sierra Leone to Study about MMS for Pregnant Women