ហេឡែន ខេលល័របើកវគ្គសិក្ខាសាលាណែនាំស្ដីពី «គម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សា»

កំពង់ធំ៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ នាយកដ្ឋានសុខភាពសិក្សា ក្រោមជំនួយឧបត្ថម្ភពី អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា បានបើកសិក្ខាសាលាណែនាំស្ដីពី «គម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សា» ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ អនុប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអប់រំ យុវជន និងកីឡា។​

សិក្ខាសាលាបានផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍ សន្ទុក និងស្រុកស្ទោង មន្ត្រីការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកទាំងបី នាយក នាយិកាសាលា មកពី ១៤ សាលាស្រុកតាំងគោក ១៣ សាលាស្រុកសន្ទុក និងស្រុកស្ទោងចំនួន ១៣សាលា។

helen-keller-international-cambodiaគោលបំណងនៃសិក្ខាសាលាគឺកាត់បន្ថយហានិភ័យជំងឺមិនឆ្លងតាមគ្រឹះស្ថានសិក្សានៅកម្ពុជា ពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដែលជាប្រតិបត្តិករដ៏សំខាន់នៅក្នុងវិស័យអប់រំ ពិសេសដើម្បីបង្កើនការយល់ដឹងពីការលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងអាហារប្រកបដោយសុខភាពផងដែរ។

ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធិ បានលើកឡើងថា៖ «ភាពចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថាសិក្សា គឺក្នុងគោលដៅបង្កើតនូវមូលធនមនុស្សដែលពេញលេញដោយសម្បទាទាំង ៥ គឺកាយចិត្តសម្បទា វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា»។

ទន្ទឹមនឹងនោះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ល្អៗ ជាច្រើន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពិសេសត្រូវយកចិត្តទុកដាក់ការជ្រើសរើសអាហារញ៉ាំ ដោយត្រូវញ៉ាំខ្លាញ់តិច ស្ករតិច អំបិលតិច តាមពាក្យស្លោក «ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី»

រូបភាពដោយ៖ អង្គការហេឡែន ខេលល័រ

helen-keller-international-cambodia