បដិមាព្រះវិស្ណុផ្ទំនៃប្រាសាទមេបុណ្យខាងលិចយាងទៅប្រទេសបារាំង

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការគម្រូបារាំង-កម្ពុជា ប្រទេសបារាំងត្រៀមខ្លូនដើម្បីទទួលស្វាគមន៍បដិមាព្រះវិស្ណុផ្ទំដ៏ធំនៃប្រាសាទមេបុណ្យខាងលិច។

ភ្នំពេញ៖ ពិធីប្រោះព្រំមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិភ្នំពេញក្នុងឱកាសនៃការយាងចេញទៅកាន់ប្រទេសបារំាងរបស់បដិមាព្រះវិស្ណុផ្ទំ ឬព្រះនារាយណ៍ផ្ទុំដ៏ធំធ្វើពីសំរឹទ្ធរួមទាំងបំណែក៣៩ដុំ។

ពិធីខាងលើបានប្រព្រឹត្តទៅក្រោម​អធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការចូលរួមពីសំណាក់​លោក ហ្វាប៉្រីស អេជែន ភារធារីស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងសារមន្ទីជាតិកម្ពុជា សារមន្ទីរជាតិសិល្បៈអាស៊ី-ហ្គីម៉េរបស់បារាំង សាលាបារាំងចុងបូព៌ា មជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសម្ព័ន្ធភាពអន្តរជាតិសម្រាប់ការការពារបេតិកភណ្ឌនៅតាមតំបន់ជម្លោះ(ALIPH)។

ការរកឃើញកំណាយមួយនៅប្រាសាទមេបុណ្យខាងលិចកាលពីឆ្នាំ១៩៣៦ ដោយមន្ត្រីអភិរក្សបារាំង Maurice Glaize ព្រះបដិមានេះមានអាយុកាលតាំងពីសតវត្សទី១១ ហើយជារូបសំរឹទ្ធធំជាងគេបំផុតមិនធ្លាប់ប្រទះឃើញកន្លងទៅនៅឧទ្យានអង្គរ រូបបដិមាដើមអាចមានបណ្តោយជាង៥ម៉ែត្រ និងកម្ពស់៤,៥០ម៉ែត្រ។

Departure of the Reclining Vishnu បដិមានេះគឺជារតនវត្ថុមួយនៃសារមន្ទីរជាតិភ្នំពេញដែលជាស្នាដៃល្អឯកនៃសិល្បៈខ្មែរ បដិមាព្រះវិស្ណុផ្ទំនេះបានទាក់ទាញចំណាប់ អារម្មណ៍របស់អ្នកស្រាវជ្រាវ និងអ្នកអភិរក្សលើសាកលលោក ជាពិសេសតាមរយៈនិមិត្តរូប និងទម្រង់ពិសេសមិនធ្លាប់មានសម្រាប់បដិមាសំរឹទ្ធរបស់ខ្មែរដែលមានទំហំធំបែបនេះ។

ការបញ្ជូនព្រះបដិមានេះទៅកាន់ប្រទេសបារាំងធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏សកម្មមួយដែល ផ្តោតលើការសិក្សា និងការជួសជុលរូបព្រះវិស្ណុផ្ទំខាងលើ។ ក្នុងន័យនេះ សារមន្ទីរជាតិភ្នំពេញបានបង្កើតភាពជាដៃគូជាមួយសារមន្ទីរសិល្បៈអាស៊ី-ហ្គីម៉េបារាំង និងសាលាបារាំងចុងបូព៌ាក៏ដូចជាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង (C2RMF) ដើម្បីធ្វើការងារនេះឱ្យបានល្អប្រសើរ។

ក្នុងអំឡុងពេលគង់នៅប្រទេសបារាំង ជាដំបូងព្រះបដិមានេះនឹងក្លាយទៅជាកម្មវត្ថុនៃការសិក្សាវិទ្យាសាស្រ្តពេញលេញ​មួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំងនៅទីក្រុងប៉ារីស៍ បន្ទាប់មកនឹងត្រូវធ្វើការជួសជុលនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីជួសជុលសំខាន់មួយនៅមន្ទីរពិសោធន៍ Arc Antique នាទីក្រុងណង់។ គម្រោងនេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រពីសម្ព័ន្ធភាពអន្តរជាតិ ALIPH។

Departure of the Reclining Vishnuបន្ទាប់មក បដិមាព្រះវិស្ណុផ្ទំនឹងយាងត្រលប់ទៅកាន់សារមន្ទីរហ្គីម៉េក្រុងប៉ារីស៍វិញ ដើម្បីធ្វើជាតួអង្គសំខាន់នៃពិព័រណ៍ពិសេសមួយស្តីពីសិល្បៈសំរឹទ្ធនៅកម្ពុជា ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ ប្រទេសបារាំងមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ព្រះបដិមាដ៏មហិមានៃសិល្បៈសម័យអង្គរនេះ ដែលមាន​ប្រវត្តិ​ទាក់ទងជាមួយប្រាសាទមេបុណ្យខាងលិចដ៏លេចធ្លោ។ ​ប្រាសាទនេះកំពុងជួសជុលដោយអាជ្ញាធរជាតិ​អប្សរា ក្រោមជំនួយ​ហិរញ្ញវត្ថុពីក្រសួងអឺរ៉ុប និងការបរទេសបារាំង។

ក្នុងពិព័រណ៍នៅសារមន្ទីរហ្គីម៉េក្នុងឆ្នាំ២០២៥នឹងមានការដាក់តាំងស្នាដៃសិល្បៈប្រមាណ២៤០។ ដោយផ្តោត​លើ​​ការផ្ចិតផ្ចង់នៃសម្បត្តិបេតិកភណ្ឌខ្មែរ ពិព័រណ៍ខាងលើនឹងបង្ហាញជាពិសេសនូវរូបចម្លាក់សំរឹទ្ធចំនួន១២៦ ដែលខ្ចីមកពី​សារមន្ទីរជាតិភ្នំពេញ រួមទាំងបដិមាធ្វើពីសំរឹទ្ធរបស់សារមន្ទីរហ្គីម៉េប្រមាណ៦០ផ្សេងទៀត ក្នុងនោះមានចម្លាក់វត្ថុសិល្បៈ គ្រឿង តុបតែងស្ថាបត្យកម្ម រូបថត ពុម្ព និងឯកសារគំនូសផ្សេងៗ។

ពិព័រណ៍ខាងលើក៏នឹងបង្ហាញផងដែរពីការងារបុរាណវិទ្យាដែលដឹកនាំធ្វើដោយសាលាបារាំងចុងបូព៌ានៅភាគខាងជើងនៃអតីតរាជវាំងអង្គរធំ និងនៅការដ្ឋានចម្រាញ់ស្ពាន់មួយកន្លែងដែលទើបរកឃើញថ្មីៗ នេះ។ ពិព័រណ៍នះធ្វើឡើងក្រោមការចាត់ចែងរបស់លោក Pierre Baptiste និងលោក Thierry Zéphir មន្ត្រីអភិរក្សនៃសារមន្ទីរហ្គីម៉េ លោក David Bourgarit មកពីមជ្ឈមណ្ឌល C2RMF និងលោក Brice Vincent មកពីសាលាបារាំងចុងបូព៌ា។

បន្ទាប់ពីតាំងនៅសារមន្ទីរហ្គីម៉េ បដិមាព្រះវិស្ណុផ្ទំនឹងត្រូវយកទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍នៅតាមបណ្តាទីក្រុងនានា​របស់សហរដ្ឋអាមេរិកមុននឹងយាងត្រលប់មកកាន់ប្រទេសកម្ពុជាវិញ៕

រូបភាពដោយ៖ ស្ថានទូបារំាងប្រចាំនៅកម្ពុជា

Departure of the Reclining Vishnu