ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមសម្តែងអំណរសាទរអស់ពីដួងចិត្ត ចំពោះប្រជាជនកម្ពុជានៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៤! ដើម្បីជាការអបអរបុណ្យនេះ ស្ថានទូតមានសេចក្តីរីករាយសូមបង្ហាញវីដេអូទាក់ទងនឹងការចូលឆ្នាំថ្មីរបស់ខ្មែរសម្រាប់ឆ្នាំនេះ ដែលមានចំណងជើងថា៖ «ក្រម៉ាទៅអនាគត» ដែលជាការផ្សងព្រេងបែបវប្បធម៌ ហើយបង្ហាញ ពីឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាគឺលោក W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូតធ្វើដំណើរវិលទៅសម័យអង្គរ ក្នុងសតវត្សទី១៤។
ដើម្បីវិលត្រឡប់មកសម័យបច្ចុប្បន្នឱ្យទាន់ពេលដើម្បីអបអរឆ្នាំថ្មីលោកឯកអគ្គរដ្ឋទូត Murphy និងមិត្តភក្តិត្រូវរៀនត្បាញក្រម៉ា ដែលបានក្លាយជានិមិត្តរូបនៃការឯកភាពគ្នា ស្មារតីរឹងប៉ឹង និងភាពប៉ិនប្រសប់ជាច្រើន។ ក្នុងដំណើររបស់ពួកគាត់ត្រូវបានជួយដោយអ្នករាំរបាំអប្សារាតាមរឿងព្រេងខ្មែរ គឺជាមនុស្សចុះមកពីឋានសួគ៌សម្តែងដោយ អ្នកនាង ជុំវណ្ណ សូដាជីវី ហៅ ប៊ែល គាត់ជាអតីតសមាជិធ្លាប់បានចូលរួមក្នុងកម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ (IVLP) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
វីដេអូបានផលិតរួមគ្នាជាមួយផលិតកម្ម Chef Nak ដោយរួមបញ្ចូលភ្លេងរបស់ក្រុមតន្រ្តី D-Man និងក្រុម SmallWorld SmallBand។
ស្ថានទូតអាមេរិកនៅភ្នំពេញ សូមជូនពរដល់ប្រជាជនកម្ពុជានៅទូទាំងសាកលលោក សូមប្រកបដោយសុភមង្គល វិបុលភាព និងសុខភាពល្អ នៅឆ្នាំរោងនេះ។
តំណវីដេអូ៖ https://www.youtube.com/watch?v=L444cLOoGKE
រូបភាពដោយ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា