អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសិក្សាផ្សារភ្ជាប់ប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម

ថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ការជម្លៀសដោយបង្ខំ និងការជម្លៀសលើកទីពីរនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)​។​ កម្មវិធីទស្សនកិច្ចសិក្សាលើកទី៨ នេះ មានយុវជនស្ម័គ្រចិត្តចំនួន៣២០០នាក់មកពីគ្រប់បណ្ដាខេត្តរាជធានីនៃប្រទេសកម្ពុជា និងបានបែងចែកជា ១០ក្រុម ដោយបច្ចុប្បន្ននេះបានបញ្ចប់ ៦ក្រុម ដែលពួកគាត់បានចាប់ផ្ដើមធ្វើនៅចុងខែមីនាហើយបញ្ចប់នៅក្នុងខែមិថុនានេះ។

លោក ឆាំង យុ ជានាយកនៃមជ្ឈមណ្ឌលឯកសាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃព្រះរាជបណ្ដាល័យហ្លួងម៉ែ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីទស្សនៈកិច្ចនេះធ្វើឡើងក្នុងគោលបំណងផ្ដល់ការសិក្សាក្រៅប្រព័ន្ធអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម តាមរយៈរថភ្លើង ដើម្បីផ្សារភ្ជាប់ប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំពីបច្ចុប្បន្នកាលផ្ដល់ឱកាសដល់យុវជនបង្កើតទំនាក់ទំនងតាំងពីវ័យក្មេង និងបណ្ដុះស្មារតីយុវជនឱ្យចេះជួយគ្នាទៅវិញទៅមកលើកទឹកចិត្តឱ្យយុវជន បង្កើតប្រធាន បទ និងធ្វើការសិក្សាស្រាវជា្រវលើប្រធានបទដែលបានជ្រើសរើសតាមតំបន់ ទីតាំងដែលបានចុះទៅផ្ទាល់។ តាមរយៈកម្មវិធីនេះ លោកឆាំង យុ ចង់ឱ្យយុវជនបានយល់ពីតម្លៃនៃក្រុមគ្រួសារ សីលធម៌ក្នុងសង្គម និងដើម្បីរក្សាការចងចាំ ដូច្នេះជនរងគ្រោះទាំងអស់នឹងមិនស្លាប់នៅក្នុងការចងចាំនៃយើងទាល់តែសោះ។

លោក ឆាំង យុ បានលើកឡើងថា៖ «អំពើប្រល័យពូជសាសន៍ពិបាកនឹងពណ៌នាជាភាសា ជាការសរសេរ ដោយសារវាលំបាកខ្លាំងពេក បើគាត់ចង់បំភ្លេចប្អូនគួរតែគាំទ្រ បើសិនពួកគាត់អាចបំភ្លេចបាន ហើយការជួបពួកគាត់ គឺជាសារមន្ទីរស់ គឺជាប្រវត្តិសាស្រ្តរស់ ព្រោះគាត់ទោះបី១០ ២០ឆ្នាំទៀតគាត់លែងនៅជាមួយយើង គាត់នៅតែរស់នៅក្នុងការចងចាំរបស់យើង ចឹងហើយ ពូសុំឱ្យសិស្សានុសិស្សមានភាពគោរពចំពោះមនុស្សដែលរស់រានមានជីវិត ចំពោះអ្នករស់រានមានជីវិត យើងជំពាក់ការគោរព ចំពោះអ្នកស្លាប់ យើងជំពាក់ការពិត»។

លោក ឆាំង យុ បានបន្ថែមទៀតថា៖ «រថភ្លើង គឺជាការចាប់ផ្ដើមនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលខ្មែរក្រហមបានធ្វើការជម្លៀសប្រជាជនដោយបង្ខំពីភូមិភាគបូពា និងទីក្រុងភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាចំណតរថភ្លើងចុងក្រោយបង្អស់»។

គួរបញ្ជាក់ដែរថា កម្មវិធីទស្សនកិច្ចនេះបានចាប់ផ្ដើមចេញដំណើរពីទីក្រុងភ្នំពេញតាមរយៈរថភ្លើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

អត្ថបទដោយ៖ អាយ រីសសា

LEAVE A REPLY

Please enter your comment!
Please enter your name here