យោងតាមការសិក្សាពីក្រសួងសុខាភិបាល និងអង្គការ ហេឡែន ខេលល័រ ស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជាមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ទាំងមុនពេល និងអំឡុងពេលមានផ្ទៃពោះរួមទាំងពេលបំបៅដោះកូនផងដែរ។ ស្ត្រីជាច្រើននាក់បានយល់ដឹងពីអ្វីដែលពួកគាត់គួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជាបរិភោគអាហារដែលនាំមកនូវសុខភាពល្អ ប៉ុន្តែពួកគាត់ពុំបានដឹងច្បាស់ថាប្រភេទអាហារណាខ្លះដែលសម្បូរសារជាតិចិញ្ចឹម មានបរិមាណអាហារប៉ុន្មានត្រូវបរិភោគដើម្បីនាំឱ្យគាត់មានសុខភាពល្អ ម្យ៉ាងវិញទៀតពួកគាត់ពុំបានដឹងពីសារៈសំខាន់នៃការឡើងទម្ងន់ក្នុងអំឡុងពេលមានផ្ទៃពោះ។
កត្តាទាំងនេះអាចកើតមានឡើងដោយសារតែស្ត្រីពុំទទួលបានការផ្ដល់ប្រឹក្សាអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ វាគឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យពួកគាត់មានបញ្ហាកង្វះមីក្រូសារជាតិហើយទាមទារនូវការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ ដូច្នេះហើយទើបក្រសួងសុខាភិបាល និងអង្គការ ហេឡែន ខេលល័រ បានធ្វើការសិក្សារជាមួយស្ត្រីមានផ្ទៃពោះជាង ១,៥០០នាក់ នៅខេត្តកំពង់ធំបានបង្ហាញថា ការលេបថ្នាំមីក្រូសារជាតិចម្រុះចំនួន ១៨០ គ្រាប់មានអត្រារហូតដល់ ៩៥% គឺខ្ពស់ជាងការលេបថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួនត្រឹមតែ ៩០គ្រាប់ ដែលមានអត្រា ៩១%។
គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ MMS (Multiple Micronutrient Supplement for Pregnant Women) មានអត្ថប្រយោជន៍ច្រើនជាអតិបរិមាបើប្រៀបធៀបជាមួយគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកដូចជា៖
១. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ MMS មានវីតាមីន និងជាតិរ៉ែ ១៥មុខ ដែលស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃត្រូវការចាំបាច់ រីឯគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិកវិញមានតែជាតិដែក និងអាស៊ីតហ្វូលិកតែប៉ុណ្ណោះ។
២. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ MMS អាចជួយកាត់បន្ថយអត្រាទារកកើតមកមិនគ្រប់ទម្ងន់បានចំនួន ១៣% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក។ សម្រាប់ម្តាយដែលមានបញ្ហាស្លេកស្លាំងវិញគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះអាចជួយកាត់បន្ថយអត្រាទារកកើតមកមិនគ្រប់ទម្ងន់បានចំនួន ១៩% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក។ សម្រាប់ម្តាយដែលមាន BMI ទាបវិញ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយកាត់បន្ថយអត្រា កូនកើតមុនអាយុបានចំនួន ១៦% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក។
៣. គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ MMS អាចជួយកាត់បន្ថយអត្រាស្លាប់ក្នុងចំណោមកុមារអាយុ ៦ខែ ដែលម្តាយមានបញ្ហាកង្វះអាហារូបត្ថម្ភបានរហូតដល់ ២៩% ច្រើនជាងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលីក។
ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនអនេកនេះ ទើបអង្គការសុខភាពពិភពលោកបានបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ MMS សម្រាប់ស្រ្តីមានផ្ទៃពោះទៅក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួននៅឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យប្រទេសនានាអាចបញ្ចូលគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះក្នុងបញ្ជីឱសថសារវន្ដរបស់ខ្លួនដែរ។
រូបភាពដោយ៖ ទុយ អេងលី