ថ្ងៃទី២៥ ដល់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយគម្រោង «ពង្រឹងសមត្ថភាពមន្ត្រី កសិកម្មឃុំ សង្កាត់» នៃអង្គការហេទ្បែន ខេលល័រ ដែលមានការគាំទ្រមូលនិធិដោយ គម្រោង MUSEFO នៃអង្គការ GIZ ដើម្បីបើកវគ្គបណ្តុះបណ្តាលរយៈ ៥ថ្ងៃ ក្រោយអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងមានអ្នកចូលរួមសរុបចំនួន ៣៧ រូប។
ទន្ទឹមនឹងងនេះផងដែរ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ក៏បានបញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងរំលឹកអំពីតួនាទីភារកិច្ច រចនាសម្ព័ន្ធការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ក៏ដូចជាតួនាទីភារកិច្ចរបស់ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដើម្បីតាមដានតម្លៃ វិភាគ រក្សាលំនឹងថ្លៃ និងទីផ្សារជាខ្សែច្រវាក់តម្លៃផលិតផលកសិកម្មសរីរាង្គអាទិភាពដូចជាស្រូវ ដំឡូងមី ស្វាយចន្ទី សណ្ដែកដី ល្ង ម្រេច និងដំណាំបន្ទាប់បន្សំ នៅក្នុងខេត្តកំពត និងកំពង់ស្ពឺផងដែរ។
ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់លើកម្មវិធីដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ ការរៀបចំសហគមន៍កសិកម្មទំនើប និងកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ តាមរយៈការកសាងប្រព័ន្ធពូជសុទ្ធ និងផលិតផលកសិកម្មសរីរាង្គដោយឈរលើគោលការណ៍និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ វគ្គបណ្តុះបណ្តាលសម្របសម្រួលដោយមន្ត្រីនាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានដំណាំស្រូវដោយផ្តោតសំខាន់ៗ មានដូចជាជំនាញសម្របសម្រួល វិធីសាស្រ្តផ្សព្វផ្សាយ ដំណាំស្រូវ និងប្រព័ន្ធធានាគុណភាពពូជដំណាំកសិកម្មវៃឆ្លាតធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទនៃការធ្វើកសិកម្មដែលគិតគូរដល់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង។
នាពេលចុងបញ្ចប់នៃវគ្គបណ្តុះបណ្តារយៈពេល ៥ថ្ងៃ ឯកឧត្តមខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកោតសសើរទៅដល់សិក្ខាមទាំងអស់ដែលបានចំណាយពេល ៥ថ្ងៃពេញក្នុងការចូលរួមដោយការចាប់យកមេរៀនថ្មីៗ ល្អៗ និងបានលើកជាសំណួរទៅកាន់លោកគ្រូសម្របសម្រួលដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះមានសកម្មភាពយ៉ាងផុសផុល។
បន្ថែមពីលើនេះ ឯកឧត្តមក៏មានចំណាំអារម្មណ៍យ៉ាងខ្លាំងទៅលើខ្លឹមសារបច្ចេកទេសរបស់មេរៀននីមួយៗ ដែលនាយកដ្ឋានបានយកមកបង្រៀន និងបានជំរុញលើកទឹកចិត្តដល់សិក្ខាមឱ្យមានបេះដូងចេះស្រឡាញ់កសិករសហគមន៍ និងប្រទេសជាតិ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះមន្ត្រីកសិកម្មនឹងមានលទ្ធភាពអាចជួយស្វែងរកដំណោះស្រាយផ្តល់ជូននូវបច្ចេកទេសវៃឆ្លាតក្នុងវិស័យកសិកម្ម យល់ដឹងពីវិធីសាស្ត្រធ្វើការជាមួយសហគមន៍ អាចរកទីផ្សារជូនដល់ប្រជាកសិករបានហើយវគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ៕
រូបភាពដោយ៖ សហការី