ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ គម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ» នៃអង្គការហេឡែន ខេលល័រ គាំទ្រមូលនិធិដោយគម្រោង MUSEFO នៃអង្គការ GIZ បានទទួលដំណើរទស្សនៈកិច្ចដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពរបស់គម្រោងដោយលោកបណ្ឌិត Tom Van Mourik ទីប្រឹក្សាបច្ចេទេសរបស់អង្គការហេទ្បែនខេលល័រអន្តរជាតិនៅតាមចំការបន្លែកសិករសមាជិកសហគមន៍តារាមច្រើនផល នៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់នេះ មានការចូលរួមពីកសិករផលិតបន្លែដែលជាសមាជិកសហគមន៍សរុបចំនួន ១១នាក់ វត្តមានស្រ្តីចំនួន៦នាក់ រួមជាមួយបុគ្គលិកអង្គការហេឡែនខេលល័រចំនួន ៤នាក់។ ដំណើរទស្សនៈកិច្ចនេះ លោកបណ្ឌិតបានផ្តល់ការប្រឹក្សាជាលក្ខណៈជាក្រុមជាមួយកសិករដែលជាសមាជិកដាំដុះបន្លែក្នុងសហគមន៍តារាមច្រើនផល ដែលទទួលបានការគាំទ្រាំគ្រាប់ពូជបន្លែ និងជីសរីរាង្គ ផ្តោតលើបច្ចេកទេសដែលបានផ្តល់ដោយអង្គការហេឡែន ខេលល័រ ការទទួលយករបស់កសិករ បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្ត។
លោកបណ្ឌិត Tom Van Mourik បានកត់សម្គាល់ និងចាប់អារម្មណ៍លើការផ្តល់បច្ចេកទេសដោយអង្គការហេឡែន ខេលល័រ និងការអនុវត្តន៍តាមបច្ចេកទេសរបស់កសិករ ការចែកគ្រាប់ពូជបន្លែគ្នា និងការដាំដុះចម្រុះមុខដំណាំនៅក្នុងបរិវេណភូមិដ្ឋាន។ មិនតែប៉ុណ្ណោះ លោកក៏បានចាប់អារម្មណ៍លើការគ្របគល់ដំណាំ ការគ្របស្បៃលើប្រភេទដំណាំបន្លែស្លឹក ការផលិតជីកំប៉ុស្តិទឹក ការរក្សាទុកពូជបន្លែសម្រាប់ដាំនៅរដូវបន្ទាប់ ការចែករំលែកគ្រាប់បន្លែគ្នា និងការផ្សំថ្នាំបណ្តេញសត្វល្អិតពីរុក្ខជាតិផងដែរ។ សកម្មភាពទាំងអស់នោះគឺជាការអនុវត្តន៍កសិកម្មឆ្លាតវៃ (CSA) ហើយពិតជាបានសម្របទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកំដៅ នាពេលបច្ចុប្បនុ្ននេះ។
កសិករអនុវត្តការដាំដុះតាមចបច្ចេកទេសពិតជាបានជួយបង្កើនទិន្នផល និងកាត់បន្ថយភាពប្រឈមទៅនឹងបម្រែប្រមួលអាកាសធាតុ និងគម្រូដល់កសិករដទៃទៀតដែលមានដីដាំដុះតូច ចេះប្រើប្រាស់ដីដាំដុះដំណាំបន្លែចម្រុះមុខបានអស់លទ្ធភាព។ ការផ្តល់បច្ចេកទេស គ្រាប់ពូជបន្លែ និងជីសរីរាង្គរបស់អង្គការហេឡែន ខេលល័រ ពិតជាបានចូលរួមចំណែកលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ និងសហគមន៍ពិតប្រាកដមែន៕
រូបភាពដោយ៖ សហការី