ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសពត៌មានពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៧៦,៣៣៣ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) ដើម្បីអនុវត្តគម្រោងសម្រាប់ការសាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។
ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។ ដោយសារទីលានប្រកួតមិនមានដំបូលអត្តពលិកកីឡាបាល់បោះរទេះជនពិការមានពេលវេលាតិចក្នុងការហាត់សមនាពេលព្រឹក ឬពេលល្ងាចនៅពេលព្រះអាទិត្យមិនសូវក្តៅខ្លាំង ឬអាចមិនហាត់សមតែម្តងនៅពេលមានភ្លៀងធ្លាក់។ តាមរយៈគម្រោងនេះរំពឹងថាអត្តពលិកអាចហាត់សមបានគ្រប់ពេលវេលាមិនថាថ្ងៃ ឬយប់ និងអាកាសធាតុបែបណាក៏ដោយហើយនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុនក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះគម្រោងរំពឹងទុកយ៉ាងមុតមាំថា មនុស្សកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡាហើយតាមរយៈការលេងកីឡាពួកគេនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អនៅថ្ងៃអនាគត។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជាថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ថាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះគាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោងដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៦,៣៣៣ ដុល្លារអាមេរិកទៅដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) ក្នុងគោលបំណងសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការដែលមានស្រាប់ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។ ដោយសារកង្វះខាតដំបូលអត្តពលិកកីឡាបាល់បោះរទេះជនពិការមានពេលវេលាតិចក្នុងការហាត់សមដោយសារពួកគេមិនអាចហាត់សមក្រោមពន្លឺថ្ងៃខ្លាំង ភ្លៀង ឬនាពេលងងឹត។
ឯកឧត្តម អ៊ូអិណុ៖ «ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការសាងសង់ដំបូលរួចរាល់យើងរំពឹងថាអត្តពលិកអាចហាត់សមកីឡាបាល់បោះបានគ្រប់ពេលវេលាមិនថាអាកាសធាតុបែបណាក៏ដោយ ហើយក្រុមកីឡាបាល់បោះរទេះជនពិការអាចទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុននៅក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ ខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជាកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អតាមរយៈការលេងកីឡា»។
លោកបន្ថែមថា៖ «ជប៉ុនរីករាយនឹងទំនាក់ទំនងការទូតដ៏ជិតស្និទ្ធិជាមួយកម្ពុជាជាង៧០ឆ្នាំមកហើយ។ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលបន្ថែមដល់ការផ្លាស់ប្តូរវប្បធម៌ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុនក៏នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមដើម្បីកែលម្អគុណភាពជីវិតតាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់គឺជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌»។
គម្រោងទ្រង់ទ្រាយតូចវប្បធម៌ “គូសាណូណិ” របស់ប្រទេសជប៉ុនរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ក៏ដូចជាការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញដែលសកម្មនៅកម្រិតមូលដ្ឋាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ៕
រូបថតដោយ៖ សហការី