ជំនួយឥតសំណង KUSANONE នៃប្រទេសជប៉ុនប្តេជ្ញាបន្តជួយដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសពត៌មានពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល​​ជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៨២៨,៥៤៦ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយចំនួនបីក្រោមជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិជំនួយឥតសំណងគូសាណូណិ។

កិច្ចសន្យា​​​​ផ្តល់ជំនួយត្រូវបាន​ចុះហត្ថលេខានៅថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយវត្តមានឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អ្នកតំណាងស្ថាប័នទទួលជំនួយទាំងបីមកពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ​មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ននិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។

KUSANONE Grant of Japan Committed to Support Cambodiaគម្រោងបោសសម្អាតមីនក្នុងខេត្តចំនួនបីស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលនឹងទទួលបានថវិកាចំនួន ៥១៥,០៦០ ដុល្លារអាមេរិកនឹងផ្តល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីនដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីនផ្អែកលើបញ្ញាសិប្បនិម្មិត (AI)។ គួរបញ្ជាក់ថាគ្រាប់មីននៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់កំពុងអភិវឌ្ឍន៍សម្រាប់កសិកម្ម កន្លែងទេសចរណ៍ និងតំបន់សម្រាប់រោងចក្រខ្នាតធំៗ។ បច្ចុប្បន្នគ្រាប់មីនត្រូវបានរកឃើញដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងនាំមកនូវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋប្រមាណ២០ពាន់នាក់ក្នុងខេត្តទាំងបីដោយការលុបបំបាត់គ្រាប់មីនក្នុងផ្ទៃដីសរុប ០,៩៦គីឡូម៉ែត្រការ៉េ។

KUSANONE Grant of Japan Committed to Support Cambodiaគម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបងដែលនឹងទទួលបានថវិកាចំនួន ៨៨,៩០០ ដុល្លារអាមេរិកនឹងផ្តល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។ គម្រោងនេះមានអគារសិក្សា១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមនឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេលក្នុងខេត្តបាត់ដំបង។ បច្ចុប្បន្ន សិស្សនៅសាលាមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារឹមធ្វើអំពីឈើមានសភាពទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៦នាក់តាមរយៈការកែលម្អអោយកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

KUSANONE Grant of Japan Committed to Support Cambodiaគម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តរតនគិរីដែលនឹងទទួលបានថវិកាចំនួន ១៥,០៦០ ដុល្លារអាមេរិកនឹងផ្តល់ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។ ថវិកាជំនួយនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្ងួតក៏ដូចជាតម្លើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្មចំនួន៤ ក្នុងខេត្តរតនគិរី។ បច្ចុប្បន្ននេះគ្រាប់ស្វាយចន្ទីស្របច្បាប់ត្រូវបានលក់ក្នុងតម្លៃទាបក្នុងរដូវប្រមូលផលដោយសារតែពុំមានឃ្លាំង និងកន្លែងសម្ងួត។ បន្ថែមពីលើនេះកសិករបាននិងកំពុងមានភាពលំបាកក្នុងការរក្សាគុណភាពនៃគ្រាប់ស្វាយចន្ទីឱ្យខ្ពស់ក្នុងដំណើរការផលិតដោយសារតែពួកគេមិនមានឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ២០០នាក់នៅក្នុងសហគមន៍កសិកម្មចំនួន៤ ដោយការពង្រឹងខ្សែសង្វាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។

KUSANONE Grant of Japan Committed to Support Cambodiaឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតប្រចាំកម្ពុជាបានថ្លែងប្រាប់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងនេះនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង។

លោកថា៖ «គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានចូលរួមចំណែកក្នុងគម្រោងចំនួន ៦៩១នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។ ប្រទេសជប៉ុនទាំងមូលមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញឱ្យមានភាពម្ចាស់ការលើខ្លួនឯងនៅក្នុងប្រជាសហគមន៍។

ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបថតដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

KUSANONE Grant of Japan Committed to Support Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here