ក្នុងពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងប៉ារីស៍ឆ្នាំ២០២៤ កាន់តែជិតឈានចូលមកដល់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បណ្តាញការទូត និងដែនដីបារាំងឯនាយសមុទ្រ ដែលត្រូវបានទទួលស្គាល់ជា «ដែនដីកីឡាឆ្នាំ២០២៤» បានរួមគ្នាអបអរកីឡាដោយរៀបចំឱ្យមានព្រឹត្តិការណ៍ «រត់បណ្តាក់ជុំវិញពិភពលោក» នៅលើទ្វីបទាំងប្រាំក្នុងរយៈពេល២៤ម៉ោង។ ស្ថានទូតបារំាងនៅកម្ពុជាចូលរួមព្រឹត្តិការណ៍ពិសេសនេះជាលើកទី៣។
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍ «រត់បណ្តាក់ជុំវិញពិភពលោក» ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រសួងអឺរ៉ុប និងការបរទេសបារំាងក្នុងការចែករំលែកគុណតម្លៃនៃព្រឹតិ្តការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកក៏ដូចជាអបអរកីឡានៅជុំវិញពិភពលោក។ ព្រឹត្តិការណ៍រត់បណ្តាក់នេះបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកមានអ្នកចូលរួមប្រមាណ២០០នាក់ដោយមានគោលដៅតែមួយគត់ពោលគឺបូកបញ្ចូលចម្ងាយរត់បានធ្វើឡើងដោយអ្នកចូលរួមម្នាក់ៗ ក្នុងរយៈពេលសរុប៤៥នាទី ដើម្បីទទួលបានចម្ងាយរត់បានវែងបំផុតតាមដែលអាចធ្វើបាន ហើយស្វែងយល់ថាតើស្មារតីកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកអាចជំរុញឱ្យអ្នកចូលរួមធ្វើបានដល់កម្រិតណា។
ស្ថានទូតបារំាងប្រចាំកម្ពុជាមានបំណងដាក់បញ្ចូលតម្លៃនៃសមភាព និងបរិយាប័ន្នជាស្នូលនៃព្រឹត្តិការណ៍រត់បណ្តាក់នេះ ដោយមានការចូលរួមពីកុមារា កុមារី និងយុវជន យុវនារីមកពីអង្គការជនមានពិការភាពសិលាកម្ពុជា ដែលមើលថែទាំកុមារមានពិការភាព អង្គការសាលារៀនទន្សាយដែលផ្តល់ការអប់រំដល់កុមារដែលមានពិការភាពផ្នែកបញ្ហាស្មារតី សមាគមសប្បុរសធម៌ Shanty Town Spirit អង្គការជួយកុមារកម្ពុជាឡាតាស្តិ៍ និងអង្គការកុមារអាស៊ីដែលជួយកុមារងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ។
ឯកឧត្តមបណ្ឌិត សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបើកក៏ដូចជាចូលរួមព្រឹត្តិការរត់បណ្តាក់ខាងលើ។ លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានបង្ហាញឱ្យអ្នកចូលរួមបានស្គាល់អ្នកស្ម័គ្រចិត្តកម្ពុជា៧រូបដែលត្រូវបានជ្រើសរើសក្នុងក្របខ័ណ្ឌកម្មវិធីអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស៍។ អ្នកស្ម័គ្រចិត្តទាំង៧នាក់ខាងលើនឹងចាកចេញទៅប្រទេសបារាំងក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ដើម្បីបំពេញបេសកកម្មស្ម័គ្រចិត្តនៅប្រទេសបារាំង។
ដោយមានបំណងលើកកម្ពស់ និងជំរុញលំហាត់ប្រាណដែលជាកត្តាមួយនៃសុខភាពសាធារណៈដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់កើតចេញពីរបៀបរស់នៅដែលមិនធ្វើលំហាត់ប្រាណការរត់បណ្តាក់ខាងលើទទួលបានការចូលរួមជាពិសេសពីសំណាក់លោក ឈុន ប៊ុនថន អត្តពលិកកម្ពុជាម្ចាស់មេដាយមាសក្នុងអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការរត់បណ្តាក់នេះក៏មានការចូលរួមផងដែរពីសំណាក់សិស្សានុសិស្សជាច្រើនមកពីសាលាបារាំងរឺណេដេកាត និងសាលាបារាំងអន្តរជាតិ។
គំនិតផ្តួចផ្តើមប្រកបដោយស្មារតីសាមគ្គីភាពដែល «បើកទូលាយសម្រាប់កីឡា» ទោះបីនៅកម្ពុជាដោយសារហេតុផលអាកាសធាតុ ការរត់បណ្តាក់ជុំវិញពិភពលោកនេះបានប្រព្រឹត្តទៅមុនពេលកំណត់ ពោលគឺនៅថ្ងៃទី១៦ ខែកុម្ភៈក្តី ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍រត់បណ្តាក់២៤ម៉ោង រៀបចំឡើងដោយក្រុងប៉ារីស៍ និងក្រសួងអឺរ៉ុប និងការបទេសបារាំង។ ការរត់បណ្តាក់នេះធ្វើឡើងដោយឆ្លងកាត់ទ្វីបទាំងប្រាំនៅលើពិភពលោកដោយនឹងមានការចូលរួមពីសំណាក់មហាជនក៏ដូចជាពិភពកីឡា តាមរយៈការកៀរគរស្ថានទូតបារាំងនានានៅបរទេសក៏ដូចជាខេត្ត តំបន់ និងដែនដីឯនាយសមុទ្រដែលត្រូវបានទទួលស្គាល់ថាជា «ដែនដីកីឡាឆ្នាំ២០២៤»។ ព្រឹត្តិការណ៍កីឡានេះដែលត្រូវបានរៀបចំឡើងជាលើកទី៣ ឆ្លុះបញ្ចាំងឱ្យឃើញពីឥទ្ធិពលនៃកីឡាដែលអាចប្រមូលផ្តុំពិភពលោកតាមរយៈថាមពលនៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។
កាលពីឆ្នាំកន្លងទៅ ស្ថានទូតបារាំងចំនួន១២៨ ស្ថានកុងស៊ុល ស្ថានតំណាងអចិន្រ្តៃយ៍ និងសមូហភាពដែនដីបារាំងឯនាយសមុទ្រដែលត្រូវបានទទួលស្គាល់ថាជា «ដែនដីកីឡាឆ្នាំ២០២៤» បានចូលរួមក្នុងព្រឹត្តិការណ៍រត់បណ្តាក់ខាងលើដោយបានបង្ហាញឱ្យឃើញនូវកីឡា និងអត្តពលិកនៃប្រទេសនីមួយៗ។ ការរត់បណ្តាក់នេះបានចាប់ផ្តើមនៅប្រទេសនូវែលហ្សេឡង់បន្ទាប់មកឆ្លងកាត់ទ្វីបអូសេអានី អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិក មុននឹងបញ្ចប់នៅតំបន់ប៉ាស៊ីហ្វិក ពោលគឺនៅប៉ូលីនេស៊ីបារាំង៕
រូបភាពដោយ៖ អេងលីទុយ