រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតពីប្រទេសបារាំង

ភ្នំពេញ៖ ក្នុងនាមលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបំពាក់​គ្រឿងឥស្សរិយយស ឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ជូនឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ឡា ឡេស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំងដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។ គ្រឿងឥស្សរិយយសនេះអាចប្រគល់ជូនជនបរទេសដែលបានបំពេញការងារសម្រាប់ប្រទេសបារាំង ឬបានលើកស្ទួយបុព្វហេតុនានាដែលប្រទេសបារាំងការពារ។

នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសខាងលើមានការចូលរួមពីក្រុមគ្រួសាររបស់ឯកឧត្តមរដ្ឋមន្រ្តី និងឥស្សរជន​ជាន់​​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហសេវិករបស់ឯកឧត្តមដែលបម្រើការនៅក្រសួងសុខា​ភិបាល។ លោក​ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីស្នាដៃរបស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានរួមចំណែកលើកកម្ពស់ចំណងទាក់​ទង​ដ៏ស្អិតរមួតរវាងប្រទេស បារាំង និងកម្ពុជាក្នុងវិស័យសុខាភិបាល​ ជាពិសេសក្នុងវិស័យសុខាភិបាលតាមរយៈតួនាទី​ប្រកប​ដោយ​ការទទួលខុសត្រូវរបស់ឯកឧត្តមនៅមន្ទីរពេទ្យកាល់ម៉ែត។ ​​​

ក្រោយកិច្ចព្រមព្រៀងសន្តិភាព​​ទីក្រុងប៉ា​រីស៍​មន្ទីរពេទ្យ​កាល់ម៉ែតត្រូវបានជ្រើសរើសជាមន្ទីរពេទ្យបង្អែកថ្នាក់ជាតិដើម្បីទទួលជំនួយពីប្រទេសបារាំង​​​លើការកសាងប្រព័ន្ធ​មន្ទីរពេទ្យឡើងវិញ។ ឯកឧត្តម ឈាង រ៉ា បានបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែតរយៈពេលជាង២៥ឆ្នាំចាប់ពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៣ ក្នុងនាមជាអគ្គនាយករង និងបន្ទាប់មកជាអគ្គនាយក។

លោក ហ្សាក់ ប៉ឺឡេ លើកឡើងថា៖ «៣០ឆ្នាំក្រោយមក គោលដៅរបស់យើងត្រូវបានសម្រេចយ៉ាងពេញលេញ ហើយឯកឧត្តម ឈាង រ៉ា គឺជាតួអង្គដ៏សំខាន់ម្នាក់នៃជោគជ័យនេះដោយសារកិច្ចខិតខំប្រឹងប្រែង និងការបំពេញការងារមិនចេះនឿយហត់ប្រកបដោយវិជ្ជាជីវៈរបស់ឯកឧត្តម»។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបានក្នុងវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩៣ ដោយបានសង្កេតឃើញពីចំណេះដឹងជ្រៅជ្រះផ្នែកវេជ្ជសាស្រ្ត និងគ្រូពេទ្យប្រកបដោយបទពិសោធន៍ខ្ពស់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ៕

ប្រភពដោយ៖ ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here