ភ្នំពេញ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ស្ថានទូនជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានប្រារព្ធពិធីបំពាក់គឿងឥស្សរិយយសជូនដល់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំនៅកម្ពុជាបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ពិត ចំណាន ដែលទទួលបានគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon កាលពីសរទរដូវឆ្នាំ២០២២។
លោកឯកអគ្គរាជទូតរូបនេះបានប្រាប់ឱ្យដឹងថា ឯកឧត្តម ពិត ចំណាន បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំភាសាជប៉ុននៅក្នុងប្រទេសកម្ពុជា សមិទ្ធិផលដ៏សំខាន់មួយដែលឯកឧត្តមបានរួមចំណែកគឺតាមរយៈតួនាទីជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងការលើកកម្ពស់ភាសាជប៉ុន និងវប្បធម៌ជប៉ុន។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា៖ «នៅឆ្នាំ២០០៣ ខណៈពេលដែលគាត់ជាសាកលវិទ្យាធិការនៃ RUPP គាត់បានស្នើឱ្យបង្កើតកម្មវិធីសិក្សាភាសាជប៉ុនរយៈពេល៤ឆ្នាំនៅមហាវិទ្យាល័យភាសាបរទេស ហើយសំណើរនេះត្រូវបានអនុម័ត»។
លោកឯកអគ្គរាជទូតបានបន្ថែមទៀតថា នៅអំឡុងពេលនោះ បើទោះបីជាមានសាលាឯកជនច្រើនបានបង្រៀនភាសាជប៉ុនណាក្តី តែការបង្កើតដេប៉ាតឺម៉ង់ភាសាជប៉ុនជាផ្លូវការនៅ RUPP គឺកាន់តែមានកិត្យានុភាពបំផុតក្នុងការជរុញឱ្យសិស្សដែលរៀនភាសាជប៉ុនទទួលបានការអប់រំជាស្ដង់ដា។ លោកបន្តថាឯកឧត្តម ពិត ចំណាន ជឿជាក់ថា RUPP គឺជាកន្លែងដ៏សមស្របបំផុតសម្រាប់សកម្មភាពរួមចំណែកដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ដូច្នេះឯកឧត្តមបានជួយបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ឯកអគ្គរាជទូតបន្តថា៖ «ជាលទ្ធផល CJCC ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណ RUPP ក្នុងឆ្នាំ២០០៤។ CJCC បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតសម្រាប់ការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និងបានរៀបចំព្រឹត្តិការណ៍វប្បធម៌ជប៉ុនជាច្រើនដូចជា មហោស្រពគីហ្សូណាដែលជាព្រឹត្តិការណ៍វប្បធម៌ជប៉ុនធំជាងគេនៅកម្ពុជា និងការប្រគំតន្ត្រីអូខេស្ត្រាឆ្នាំមុន ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ឆ្នាំរវាងមិត្តភាពរវាងជប៉ុន និងកម្ពុជា»។
លើសពីនេះ ឯកឧត្តម ពិត ចំណាន បានគាំទ្រយ៉ាងសកម្មឱ្យមានការផ្លាស់ប្តូរការអប់រំរវាងប្រទេសជប៉ុន និងកម្ពុជាដោយនៅឆ្នាំ២០០០ លោកបានជួយជ្រោមជ្រែង និងសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរការសិក្សាភាសាជប៉ុនជាមួយនឹងសាកលវិទ្យាល័យតូក្យ។ នៅឆ្នាំ២០០២ លោកក៏ជួយជ្រោមជ្រែងឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីផ្លាស់ប្តូរការសិក្សាភាសាជប៉ុនជាមួយនឹងសាកលវិទ្យាល័យសូវ៉ាសម្រាប់ស្ត្រីផងដែរ។
ក្នុងតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តមបានផ្ដល់ការគាំទ្រដល់ការអប់រំភាសាជប៉ុននៅតាមវិទ្យាល័យនានា ដោយលោកបានចូលរួមសម្របសម្រួលជាមួយអង្គការមិនរកប្រាក់កម្រៃ ALC Communications ក្នុងការប្រឡងថ្លែងសុន្ទរកថាជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យ និងបានចូលរួមស្ទើរតែគ្រប់ការប្រឡងទាំងអស់ដើម្បីផ្ដល់កម្លាំងចិត្តដល់សិស្សវិទ្យាល័យឱ្យយល់ដឹងពីការប្រលងភាសាជប៉ុនផងដែរ។
ឯកឧត្តម ពិត ចំណាន បានប្រាប់ថា លោកពិតជាមានកិត្តិយសជាពន់ពេកដែលបានចូលរួមក្នុងសកម្មភាពជំរុញការផ្លាស់ប្ដូរការអប់រំ ស្រាវជ្រាវ និងការយោគយល់ពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាក្នុងវិស័យអប់រំ។ បន្ថែមលើពីនេះ ប្រទេសទាំងពីរក៏មានការផ្លាស់ប្ដូរនិស្សិតមកទស្សនៈកិច្ចសិក្សាដើម្បីស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម ពិត ចំណាន មានប្រសាសន៍ថា៖ «ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែងដោយទទួលបានគ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ពីរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ខ្ញុំសូមសម្តែងនូវអំណរអរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅដោយស្មោះអស់ពីដួងចិត្តចំពោះរដ្ឋាភិបាលជប៉ុនដែលបានសម្រេចប្រគល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២២ ជូនដល់រូបខ្ញុំ»។
លោកបន្ថែមថា៖ «ខ្ញុំពិតជាមានមោទកភាព និងចិត្តសប្បាយរីករាយដោយបានទទួលនិស្សិតជប៉ុនដែលសិក្សាជំនាញភាសាខ្មែរឱ្យមកស្នាក់នៅជាមួយក្រុមគ្រួសាររបស់ខ្ញុំ និងផ្ដល់ឱកាសផ្សេងៗ ទៀត ដើម្បីចែករំលែកដល់ពួកគេទាំងនោះឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសង្គម និងវប្បធម៌កម្ពុជា»។
ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការអបអរសារទរចំពោះឯកឧត្តម ពិត ចំណាន ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Ray with Neck Ribbon សម្រាប់សទរដូវឆ្នាំ២០២២ ពីរដ្ឋាភិបាលជប៉ុន។
ក្រសួងទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរបស់ឯកឧត្តម ពិត ចំណាន ក្នុងការចូលរួមចំណែកបម្រើជាតិ បម្រើប្រជាជនក្នុងតួនាទីជាស្ពាននៃការរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសលើការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យតាមរយៈកម្មវិធីផ្លាស់ប្តូរវិស័យអប់រំដើម្បីជំរុញឱ្យមានការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។
ឯកឧត្តម អ៊ុង បូរាត បានថ្លែងថា៖ «ឯកឧត្តម គឺជាវីរជនគំរូមួយរូបសម្រាប់ប្រទេសជាតិដែលបាននាំមកនូវកិត្តិយស និងមោទនភាពជូនជាតិមាតុភូមិ និងក្រុមគ្រួសារតាមរយៈការបង្កើតសមិទ្ធផលស្នាដៃដែលមិនអាចកាត់ថ្លៃបាន។ ខ្ញុំសង្ឃឹមថាឯកឧត្តមនឹងបន្តការបំពេញបេសកកម្មដ៏មានតម្លៃនេះបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍រវាងប្រជាជនទាំងពីរ»។
ឯកឧត្តម អ៊ុង បូរាត បន្តថា រាជរដ្ឋាភិបាលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងសម្របសម្រួលកិច្ចការបង្រួបបង្រួមជាតិដើម្បីសន្តិភាពនៅកម្ពុជា។ ប្រទេសទាំងពីរបានបង្ហាញជំហរសារជាថ្មីក្នុងការរឹងបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងការបើកចំហយ៉ាងទូលំទូលាយក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោកបន្តថា៖ «ជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាធំជាងគេ បើគិតចាប់តាំងពីឆ្នាំ១៩៩២ ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានការកសាងហេដ្ឋរចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ការថែទាំសុខភាព និងការងារជំនួយមនុស្សធម៌ ជាដើម»។
អត្ថបទដោយ៖ ទុយ អេងលី