ភ្នំពេញ៖ ដោយសារតែ Belly Burger ប្រើសុទ្ធតែសាច់គោ Wagyu នាំចូលពីប្រទេសអូស្រ្តាលីដែលជាប្រភេទសាច់ស្រស់មិនដែលកក់មានគុណភាព ឈ្ងុយឆ្ងាញ់ ចំណែកឯនំប៉័ងវិញដុតថ្មីៗ ម៉ោង៣ភ្លឺជារៀងរាល់ថ្ងៃ លើសពីនេះទៀតដំឡូងនាំចូលពីប្រទេសហូឡង់ ហើយទឹកសសធ្វើឡើងដោយរូបមន្តរបស់ Belly Burger កាន់តែមិនអាចខ្វះបាន។
បន្ទាប់ពី Belly Burger សាខាទីមួយនៅ Eden Garden បានទទួលជោគជ័យ និងមានការគាំទ្រច្រើនលើសការរំពឹងទុកពីអតិថិជនអ្នកនាង តាំង គីមបួយ និងលោក ក្លា នេត្រា បានវិនិយោគដាក់ទុនប្រមាណជាង ៩ម៉ឺនដុល្លារបន្តពង្រីកសាខាទី២ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០៤។ Belly Burger សាខាទី២នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងការផ្តល់ជូនប៊ឺហ្គឺរ៥០០ឈុតដោយឥតគិតថ្លៃរួមទាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូអាជីវកម្មជាមួយ Nham24 ដែលជា App ដឹកជញ្ជូនអាហារដ៏ល្បីមួយនៅកម្ពុជា។

អ្នកនាង តាំង គីមបួយ ម្ចាស់ហាង Belly Burger បានឱ្យដឹងថា៖ «ការបើកសាខាទីមួយបើកនៅ Eden Garden ដំបូងឡើយគិតថាមិនធ្វើទីផ្សារច្រើននោះទេ គ្រាន់តែចង់បើកសាកល្បងថាតើភ្ញៀវចូលចិត្តរសជាតិរបស់ ប៊េលលី ប៊ឺហ្គឺរ ឬអត់ បន្ទាប់មកមានការរីកចម្រើនដោយលក់អស់រាល់ថ្ងៃទើបគិតថាចង់បើកហាងមួយទៀត ហើយបន្ទាប់មកក៏សម្រេចចិត្តបើកសាខាទី២ នៅផ្លូវ២០០៤ នេះតែម្តង»។
ទន្ទឹមនឹងកំណើនអ្នកគាំទ្រអ្នកនាង គីមប៊ួយ ក៏បានបង្ហើបឱ្យដឹងថា៖ «មូលហេតុដែលធ្វើឱ្យការលក់កើនឡើងព្រោះអតិថិជនមានការគាំទ្រពីរសជាតិនៃប៊ឺហ្គឺររបស់ Belly Burger ដោយសារតែហាងគាត់ប្រើសុទ្ធតែសាច់គោ Wagyu នាំចូលពីប្រទេសអូស្រ្តាលី ជាពិសេសគឺប្រភេទសាច់ស្រស់មិនដែលកក់ មានគុណភាព ឈ្ងុយឆ្ងាញ់ ងាយស្រួលញាំ ចំណែកឯនំប៉័ងវិញ គឺខាងហាងរបស់គាត់ដុតថ្មីៗ រាល់ថ្ងៃម៉ោង៣ភ្លឺ ចំណែកដំឡូងនាំចូលពីប្រទេសហូឡង់»។

ទាក់ទងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូអាជីវកម្មជាមួយ Nham24 អ្នកនាង តាំង គីមបួយ បានលើកឡើងថា៖ «ការកុម្ម៉ង់ម្ហូបអាហារតាមរយៈការដឹកជញ្ជូនកំពុងតែល្បី និងមានការពេញនិយម។ មុនពេលកូវីដ១៩ មនុស្សភាគច្រើននិយមមកញ៉ាំនៅហាងផ្ទាល់ តែចាប់តាំងពីមានការផ្ទុះកូវីដមកការទិញទំនិញអនឡាញ ការកុម្ម៉ង់ម្ហូបតាមអនឡាញបានកើនឡើង។ Nham24 ជា App ដឹកជញ្ជូនម្ហូបអាហារដ៏ល្បីមួយឈានមុខគេនៅកម្ពុជាដូច្នេះយើងចង់សហការជាមួយ Nham24 ដែលនេះជាឱកាសល្អមួយអាចបង្កើនការលូតលាស់របស់យើងហើយម្យ៉ាងទៀត Nham24 ក៏ជាប្រេនរបស់ខ្មែរដូចគ្នានឹង Belly Burger ដែរ»។ អ្នកនាងបានបញ្ជាក់ថា៖ «ចំពោះតម្លៃនៅហាងផ្ទាល់ និងការកុម្ម៉ង់តាមអនឡាញ គឺមានតម្លៃដូចគ្នា»។

លោក រ៉ូវេល ប្រធានផ្នែកទីផ្សារ Nham24 បាននិយាយថា៖ «ភាពជាដៃគូជាមួយ ប៊េលលី ប៊ឺហ្គ័រ នឹងជួយលើកស្ទួយវិស័យម្ហូបអាហារឱ្យកាន់តែរីកចម្រើន។ Nham24 មានដៃគូជាច្រើននៅក្នុងប្រទេសកម្ពុជាតែភាពជាដៃគូជាមួយ Belly Burger ជាការផ្តល់ជម្រើសបន្ថែមទៀតជូនអតិថិជន ជាពិសេសរសជាតិថ្មី ហើយ ប៊េលលី ប៊ឺហ្គ័រ ជាប្រេនរបស់ខ្មែរ»។ លោកបញ្ជាក់បន្ថែមថាគិតមកដល់បច្ចុប្បន្ន Nham24 មានបុគ្គលិកជាង៣០០នាក់ធ្វើការនៅក្នុងការិយាល័យ និងមានអ្នកបើកបរដឹកជញ្ជូនជាង២៥០០នាក់។

ចំណែកឯលោក ក្លា នេត្រា ក៏បានឱ្យដឹងផងដែរថា៖ «សម្រាប់ឆ្នាំ២០២៣នេះ ពួកគាត់គ្រោងនឹងបើកឱ្យបាន៥សាខា។ បន្ទាប់មកទៀតគ្រោងនឹងបើកនៅតាមខេត្តធំៗ ដូចជា សៀមរាប ខេត្តព្រះសីហនុ និងបាត់ដំបង។ សម្រាប់សាខាទី២ នៅផ្លូវ២០០៤ នេះចំណាយទុនប្រមាណ ៩ម៉ឺនដុល្លារ»។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១១ ខែមិថុនា នេះ Belly Burger ក៏បានបើកដំណើរការសាខាទី៣ នៅតំបន់ទួលទំពូងដោយផ្តល់សេវាសម្រាប់តែការវេចខ្ចប់ និងការកុម្ម៉ងតាម App ដឹកជញ្ជូនផងដែរ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ទទួលបាននូវរសជាតិបឺហ្គឺរដែលមានគុណភាពរសជាតិឆ្ងាញ់ តម្លៃសមរម្យ សេវាកម្មរហ័សកុំភ្លេច Belly Burger ដែលមានទីតាំងនៅផ្លូវ២០០៤ ឬនៅផ្សារ Eden Garden និងសាខាទួលទំពូងទាំងអស់គ្នា ឬក៏អាចកុម្ម៉ង់ទិញតាម App ដឹកជញ្ជូនផងដែរ (ទស្សនាវីដេអូ Belly Burger)៕
រូបភាពដោយ៖ ទុយ អេងលី និងសហការី




