ភ្នំពេញ៖ តាមសេចក្តីប្រកាសស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយដើម្បីអនុវត្តគម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមានថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិកនឹងត្រូវផ្តល់ទៅឱ្យគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)។
នៅក្នុងគម្រោងនេះសៀវភៅណែនាំដែលបានបោះពុម្ព អាវយឺត និងសម្ភារៈនានា នឹងត្រូវបានផ្តល់ជូនដល់អ្នកសង្កេតការណ៍បោះឆ្នោតរយៈពេលខ្លីចំនួន ១០,២៤១ នាក់ដែលនឹងត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជាក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ។ គម្រោងនេះនឹងចូលរួមចំណែកធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការគោរពឆន្ទៈអ្នកបោះឆ្នោតទាំងអស់ រួមទាំងស្ត្រី យុវជន និងក្រុមងាយបាត់ឱកាស។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិជាង៦៨០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី