ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy លោកឯកអគ្គរាជទូតជប៉ុន Ueno Atsushi និងដៃគូដទៃទៀតបានមកជួបជុំគ្នានៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៣ នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុងសម័យសង្គ្រាម ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។
ពិធីនេះបានរៀបចំដោយស្ថានទូតបារាំង និងស្ថានទូតអាមេរិកនៅភ្នំពេញក្នុងគោលបំណងរម្លឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ មកពីប្រទេសចំនួន១១ ដូចជាប្រទេសជប៉ុន បារាំង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាដែលត្រូវបានសម្លាប់ ឬបាត់ខ្លួននៅក្នុងសង្គ្រាមនៅកម្ពុជា។

ឯកអគ្គរដ្ឋទូត Pellet ឯកអគ្គរដ្ឋទូត Murphy និងឯកអគ្គរដ្ឋទូត Ueno បានមើលឃើញពីតួនាទីដ៏សំខាន់នៃសារព័ត៌មានសេរីនៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គណនេយ្យភាព និងតម្លាភាព។
ឯកអគ្គរដ្ឋទូត Murphy មានប្រសាសន៍ថា៖ «ក្នុងពេលដែលយើងរម្លឹកដល់អ្នកសារព័ត៌មានដ៏ក្លាហាននៅទីនេះ និងនៅជុំវិញពិភពលោក យើងសូមសម្តែងការគាំទ្រចំពោះសេរីភាពសារព័ត៌មាន ហើយឈរនៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលស្វែងរកការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។

ឯកអគ្គរដ្ឋទូត Pellet មានប្រសាសន៍ថា៖ «សេរីភាពសារព័ត៌មាន គឺជាសសរស្តម្ភមួយនៃសង្គមប្រជាធិបតេយ្យ។ វាតម្រូវ ឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយធានាថាប្រជាពលរដ្ឋអាចទទួលបានព័ត៌មានដោយត្រឹមត្រូវ និងមិនលម្អៀង»។
ចំណែកឯឯកអគ្គរដ្ឋទូត Ueno មានប្រសាសន៍ថា៖ «សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យសេរី»។
ប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចូលរួមជាមួយអ្នកសារព័ត៌មាននៅទិវាអន្តរជាតិ ដើម្បីបង្ហាញការប្តេជ្ញាចិត្តចំពោះសារព័ត៌មានសេរី និងដើម្បីបង្ហាញការគាំទ្រចំពោះប្រជាជនកម្ពុជា និងសេចក្តីប៉ងប្រាថ្នារបស់គេដែលចង់ឱ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ៕
រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)
