បទយកការណ៍៖ ហ៊ន ថូវ៉ាន ខ្ញុំចង់ឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតដោយមានក្រមសីលធម៌គោរពស្រ្តី!

«តាមពិតទៅសារព័ត៌មាន ហើយក៏ដូចជាស្រ្តីនៅក្នុងវិស័យសារព័ត៌មានមិនមានអ្វីគួរឱ្យខ្លាចនោះទេ ប៉ុន្តែការរំលោភបំពាន ឬក៏ការមិនយកចិត្តទុកដាក់ទៅលើបញ្ហារបស់ពួកគាត់ ឬក៏មិនដោះស្រាយនៅពេលដែលពួកគាត់មានបញ្ហា! អាហ្នឹង គឺជាអាវុធដែលសម្លាប់ទឹកចិត្តស្រីរបស់ពួកគាត់លែងចង់ឱ្យបន្តនៅក្នុងវិស័យហ្នឹងតទៅទៀត»។​

អត្រាអ្នកសារព័ត៌មានស្រ្តីនៅក្នុងប្រទេសកម្ពុជាមានតិចតួច ខណៈដែលបញ្ហាប្រឈមរបស់ពួកគាត់មានកាន់តែច្រើន កត្តាទាំងនោះបានធ្វើឱ្យស្រ្តីវ័យក្មេងមួយចំនួនមិនចង់បន្តនៅក្នុងអាជីពជាអ្នកសារព័ត៌មានរបស់គាត់។

តាមរបាយការណ៍របស់ក្រសួងព័ត៌មានកាលពីឆ្នាំ២០២១ មានអ្នកសារព័ត៌មានជាស្រ្តី​ចំនួន ១៧០នាក់ក្នុងចំណោមអ្នកសារព័ត៌មានជាង ៥០០០នាក់ដែលស្នើនឹង ៩.៤%។

horn-thaovan-i-want-a-change-of-mindset-with-ethics-and-respect-women
​​ជំនួបក្រុមស្រ្តីអ្នកសារព័ត៌មានខែកុម្ភៈនៅភោជនីយដ្ឋានខ្មែរសុរិន។ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថតដោយ៖ សហការី

មានរូបរាងខ្ពស់ស្រឡះអមជាមួយនឹងផ្ទៃមុខញញឹមស្រគត់ស្រគំ សក់ពណ៌ទងដែកប្រាសស្មាចង់ឡើងទៅខាងលើ គ្រងដោយសម្លៀកបំពាក់ជាក្មេងស្រីទាន់សម័យកញ្ញា ហ៊ន ថូវ៉ាន គឺក្មេងស្រីម្នាក់ដែលមិនសូវជាចូលចិត្តនិយាយច្រើន។

ក្មេងស្រីមិនសូវមាត់ចិត្តហ៊ានមកពីខេត្តបាត់ដំបងរូបនេះ ជានិស្សិតឆ្នាំទី៤ ជំនាញប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងនៃសកលវិទ្យាល័យកម្ពុជា នាងក៏ជាអ្នកសារព័ត៌មានសេរីឱ្យស្ថាប័នសារព័ត៌មានល្បីមួយចំនួនផងដែរ។​ កំពុងតែអង្គុយនៅហាងការហ្វេ The imperfect café ថូវ៉ាន បានប្រាប់ឱ្យដឹងថា នាងចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មានសនៅក្នងអំឡុងពេលការរីករាតត្បាតជំងឺកូវីត-១៩ ដូច្នេះវាជាពេលវេលាតម្រូវឱ្យនាងធ្វើការតាមប្រព័ន្ធអនឡាញដោយទាក់ទងប្រភពតាមប្រព័ន្ធទូរស័ព្ទក៏ដូចជាប្រព័ន្ធអ៊ីនធឺណិតផងដែរ។

អំឡុងពេលដែល ថូវ៉ាន ធ្វើការតែងតែទទួលបានសារបៀតបៀនពីប្រភពដែលនាងបានសម្ភាសន៍​រហូតឈានទៅដល់ផ្ញើរូបភាពអាសអាភាសតាមរយៈបណ្តាយសង្គមដូចជាហ្វេសបុក តេឡេក្រាម​ជាដើម។ ថូវ៉ាន ទទួលអារម្មណ៍ថាភ័យខ្លាចនៅពេលដែលមានប្រភពតែងតែផ្ញើសារ និងសរសេរពាក្យលែបខាយមកកាន់នាងដោយប្រភពទាំងនោះយល់ថា វាជារឿងធម្មតាសម្រាប់មនុស្សប្រុស ក៏ប៉ន្តែសម្រាប់នាងជាស្រ្តីនាងយល់ថាវាជារឿងដែលគួរឱ្យខ្មាស់អៀន និងស្ថិតនៅតំបន់មិនមានសុវត្តិភាពសម្រាប់ជិវិតឯកជនរបស់នាង។

ហ៊ន ថូវ៉ាន និយាយថា៖ «សម្រាប់ការរំខានតាមរយៈប្រព័ន្ធអ៊ីនធឺណិតដែលមានតាមឆាត Messenger​ ឬក៏ Telegram ផ្សេងៗ ហ្នឹង។ ពេលខ្លះគាត់ផ្ញើរូប ឬក៏សរសេរសំណេរមួយដែលធ្វើឱ្យស្រើបស្រាលខាងផ្នែកកេរ្តិ៍ភេទ ផ្លូវភេទ»។

នាងបន្ថែមថា៖ «គាត់គិតថាវាអាចជារឿងសាមញ្ញសម្រាប់ពួកគាត់ដែលជាមនុស្សប្រុសទេ ប៉ុន្តែយើងជាមនុស្សស្រី ហើយយើងស្ថិតនៅក្នុងវិស័យហ្នឹងចង់មិនចង់ យើងមានអារម្មណ៍យើង insecure វាអត់សុវត្តិភាពទេ វាធ្វើឱ្យប៉ះពាល់ វាធ្វើឱ្យយើងហ្នឹងនៅអត់សុខ ដូចស្នាមប្រលាក់មួយនៅលើក្រណាត់សអ៊ីចឹង»។

horn-thaovan-i-want-a-change-of-mindset-with-ethics-and-respect-women
អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) ក្នុងកិច្ចពិភាក្សាបើកជាផ្លូវការនូវគម្រោង «ការពង្រឹងសុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ រូបថតថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។ រូបថតដោយ៖ សហការី

កាលពីថ្ងៃទី៧​ ខែមិនា កន្លងទៅថ្មីនេះ ក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជាហៅកាត់ថា (CFJ) បានសហការជាដៃគូរជាមួយមជ្ឈមណ្ឌលព័ត៌មានស្ត្រីរបស់កម្ពុជា ហៅកាត់ថា (WMC) ក្រោមជំនួយគាំទ្រពី UNESCO និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានរៀបចំ​ប្រកាសជាផ្លូវការនូវគម្រោង «ការពង្រឹងសុវត្ថិភាពអ្នកសារព័ត៌មានស្ត្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា»ដែលជាគម្រោងជួយគាំទ្រ​ស្រ្តីអ្នកសារព័ត៌មាន។

អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) បានលើកឡើងថា ប្រសិនបើស្រ្តីអ្នកសារព័ត៌មានទទួលរងការបៀតបៀនពីមន្រ្តីរដ្ឋាភិបាល ឬក៏ពីប្រភពជាអង្កការសង្គមស៊ីវិល។ អ្នកស្រីលើកទឹកចិត្តឱ្យស្រ្តីអ្នកសារព័ត៌មានស្វែងរកការអន្តាគមន៍ដែលមានដូចជាការគាំទ្រផ្នែកផ្លូវចិត្ត ផ្នែកស្មារតី ឬក៏ផ្នែកផ្លូវច្បាប់ ធ្វើយ៉ាងណាឱ្យប្រាកដថា​ផ្លូវចិត្តរបស់ស្រ្តីអ្នកសារព័ត៌មានភាពប្រសើរឡើងវិញ។

អ្វីដែលកាន់តែអាចជួយសម្រួលដល់ស្រ្តីអ្នកសារព័ត៌មានឱ្យបានកាន់តែល្អប្រសើរជាងនេះ ស្រ្តីអ្នកសារព័ត៌មានអាចរាយការណ៍ករណីរបស់គាត់ទៅកាន់ក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជាដែលជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានស្ត្រីរបស់កម្ពុជា (WMC) ដើម្បីផ្តល់ការប្រឹក្សាផ្នែកផ្លូវចិត្ត និងផ្តល់ជំនួយផ្នែកផ្លូវច្បាប់។

អ្នកស្រី ហង្ស សម្ផស្ស៖ «ស្រ្តីអ្នកសារព័ត៌មានគាត់ចុះបំពេញការងារ ឬធ្វើការងារ ហើយរងការបៀតបៀនពីមន្រ្តី ពីប្រភពជាអង្កការសង្គមស៊ីវិលក៏ដោយ ជាមន្រ្តីរដ្ឋាភិបាលក៏ដោយ ពីអ្នកណាក៏ដោយដែលជាប្រភពរបស់គាត់ដែលត្រូវសម្កាសន៍ហ្នឹង បើរងការបៀតបៀនគាត់ត្រូវតែមានអន្តាគមន៍ ឬក៏ស្វែងរកការគាំទ្រផ្លូវចិត្ត ផ្នែកស្មារតី ឬក៏ផ្នែកច្បាប់ ដើម្បីឱ្យផ្លូវចិត្តគាត់បានប្រសើរឡើង»។

អ្នកស្រីបន្ថែមថា៖ «បច្ចុប្បន្ន CFJ យើងទើបនឹងទទួលបានគម្រោងថ្មីៗ ពីខាង UNESCO! ហើយយើងក៏ធ្វើការជាដៃគូរជាមួយមជ្ឈមណ្ឌលព័ត៌មានស្ត្រីរបស់កម្ពុជា (WMC) ដែរ យើងមានមេធាវីទីប្រឹក្សាផ្លូវច្បាប់ ហើយនិងមានអង្គការផ្នែកប្រឹក្សាផ្នែកផ្លូវចិត្ត»។

horn-thaovan-i-want-a-change-of-mindset-with-ethics-and-respect-women
ហ៊ន ថូវ៉ាន កំពុងពិនិត្យមើលការងារនៅហាងកាហ្វេ The imperfect café មុនពេលផ្តល់បទសម្ភាសន៍។ រូបថតថ្ងែទី៨ ខែកមរា ឆ្នាំ២០២៣។ រូបថតដោយ៖​ ទុយ អេងលី

តាមរបាយការណ៍ UNESCO នៅទូទាំងពិភពលោកអ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកធ្វើការតាមប្រព័ន្ធផ្សព្វផ្សាយប្រឈមនឹងការកើនឡើងនូវការវាយប្រហារពីខាងក្រៅ និងតាមប្រព័ន្ធអ៊ីនធឺណិតដោយទទួលរងនូវការគំរាមកំហែង។ របាយការណ៍មានរួមបញ្ចូលអ្នកសារព័ត៌មានកម្ពុជា បានសន្និដ្ឋានថា ៧៣% នៃបុគ្គលិកធ្វើការតាមប្រព័ន្ធផ្សព្វផ្សាយជាស្ត្រីបានជួបប្រទះនឹងអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងរបាយការណ៍បានលាតត្រដាងពីអំពើហឹង្សាផ្អែកលើយេនឌ័រដោយមានការមាក់ងាយ ការនិយាយស្អប់ខ្ពើមផ្លូវភេទ ការបោកប្រាស់ ការវាយដំលើរាងកាយ ការរំលោភ និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានការប្រយុទ្ធប្រឆាំងនឹងដោះស្រាយបញ្ហានេះជាបន្ទាន់។

មិនត្រឹមតែទទួលរង់ការបៀតបៀនតាមមប្រព័ន្ធអនឡាញប៉ុណ្ណោះនោះទេ បញ្ហាប្រឈមរបស់ស្រ្តីអ្នកសារព័ត៌មានក៏ទទួលការបៀតបៀននៅតាមទីសារធារណៈ ឬនៅតាមកម្មវិធីផ្លូវការណាមួយដែលមានវត្តមន្ត្រីជាន់ខ្ពស់ចូលរួមផងដែរ។ ជាក់ស្តែង ថូវ៉ាន បានពើបប្រទះនឹងការបៀតបៀនពីមន្រ្តីរដ្ឋាភិបាលម្នាក់នៅក្នុងកម្មវិធីផ្លូវការមួយដែលនាងចុះទៅរាយការណ៍ព័ត៌មានដោយមន្រ្តីរូបនោះបាននិយាយពាក្យលែបខាយលើរូបរាងកាយរបស់នាង។

ថូវ៉ានលើកឡើងមន្រ្តីនោះនិយាយថា៖ «គាត់ថាមីអូនត្រគៀកធំចេញទៅបាំងគេ មើលអត់ឃើញទេ»។

នៅពេលដែល ថូវ៉ាន បានជួបហេតុការណ៍នោះ នាងមានការតក់ស្លុត ហើយមិនដឹងថាគួរតបតជាមួយនឹងបុគ្គលជាមន្រ្តីរដ្ឋាភិបាលម្នាក់នោះដោយវិធីសាស្រ្តណាក្រៅពីនៅស្ងៀម និងទទួលរងការអាម៉ាសនៅទីសារធារណៈ។ បន្ទាប់ពីការងារបានបញ្ចប់ ថូវ៉ាន បានលើកយកហេតុការណ៍ទៅប្រាប់ក្រុមការងារ ក៏ប៉ុន្តែតែត្រូវបានក្រុមការងារប្រាប់ឱ្យបញ្ចប់រឿងដោយមិនចង់ឱ្យមានរឿងវែងឆ្ងាយជាងនេះទៀត។

នាងបន្ថែមថា៖ «ក្នុងពេលហ្នឹងខ្ញុំពិតជាអត់អាចទទួលយកបានទេ ហើយយើងមានអារម្មណ៍ថាគាំង និយាយអត់ចេញ មិនដឹងថាត្រូវតបតជាមួយបុគ្គលយ៉ាងម៉េច ជាមួយក្រុមហ្នឹងយ៉ាងម៉េច ពីព្រោះយើងជាមនុស្សតែម្នាក់ឯង។ នៅពេលដែលរឿងហ្នឹងបានបញ្ចប់ទៅ ខ្ញុំក៏បានយករឿងហ្នឹងទៅប្រាប់ក្រុមការងាររបស់ខ្ញុំ ប៉ុន្តែមិនមានដំណោះស្រាយអីមួយទេ»។

horn-thaovan-i-want-a-change-of-mindset-with-ethics-and-respect-women
អ្នកស្រី ហង្ស សម្ផស្ស ធ្វើបទបង្ហាញពីដំណើរការគម្រោងរបស់ក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ) នៅសណ្ឋាគារបៃតងភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣។ រូបភាពដោយ៖ សហការី

ចំណែកឯអ្នកស្រី ហង្ស សម្ផស្ស បានប្រាប់ឱ្យដឹងថា ស្រ្តីអ្នកសារព័ត៌មានដែលជួបហេតុការណ៍ដូចទៅនឹងបញ្ហារបស់ ថូវ៉ាន អាចដាក់ពាក្យបណ្តឹងជនល្មើសដែលបានប្រព្រឹត្តិអំពើបៀតបៀនបានដោយរៀបចំឯកសារ ភស្តុតាង និងសាក្សីដោយសហការជាមួយនឹងអាជ្ញាធរ។ អ្នកស្រីក៏ឆ្លៀតឱកាសស្នើសុំឱ្យមហាជនកុំបន្ទោសបង្អាប់ និងដាក់បន្ទុកបន្ថែមទៅលើស្រ្តីអ្នកសារព័ត៌មាន ប្រសិនបើស្រ្តីអ្នកសារព័ត៌មានជួបប្រទះករណីការបៀតបៀន។

អ្នកស្រី សម្ផស្ស៖ «ស្រ្តីអ្នកសារព័ត៌មានគាត់ជួបបញ្ហាអ៊ីចឹង! អ៊ីចឹងគាត់ត្រូវរាយការណ៍ដាក់ពាក្យបណ្តឹងទៅលើជនដែលប្រព្រឹត្តិនៅលើគាត់ហ្នឹង​។ ព្រោះនៅសុខៗ បើចង់ឱ្យគេជួយ គាត់អត់អាចនៅស្ងៀមបានទេ អ៊ីចឹងអ្វីដែលត្រូវធ្វើស្រ្តីអ្នកសារព័ត៌មានហ្នឹងគាត់ត្រូវរៀបចំឯកសារ ឬក៏ទៅជួបខាងសម្ថកិច្ចដើម្បីដាក់ពាក្សបណ្តឹងថា គាត់រងអំពើបៀតបៀន ឬក៏បញ្ហាអ្វីមកលើរូបគាត់»។

អ្នកស្រីបន្ថែមថា៖ «ចាស! សម្រាប់មហាជន ខ្ញុំយល់ឃើញថាអ្វីដែលគាំទ្របាន គឺផ្តល់កម្លាំងចិត្តដល់ស្រ្តីអ្នកសារព័ត៌មាន ហើយប្រសិនបើមានករណីអីកើតឡើងសូមមហាជនកុំបន្ទោសបង្អាប់ កុំជេប្រមាថគាត់ មានន័យថាគាំទ្រផ្នែកស្មាតី ផ្លូវចិត្តដល់ស្រ្តីអ្នកសារព័ត៌មាន ហើយធ្វើម៉េចជំរុញឱ្យស្រ្តីអ្នកសារព័ត៌មានចូលរួមបំពេញការងារឱ្យច្រើន»។

ពេលជួបបញ្ហាម្តងៗ ថូវ៉ានស្ទាក់ស្ទើរក្នុងការបន្តអាជីពជាស្រ្តីអ្នកសារព័ត៌មាន អ្វីដែលកាន់តែធ្វើឱ្យនាងកាន់តែទទួល រងសម្ពោធផ្លូវចិត្តបន្ថែមនៅពេលដែលមិនមានការជំរុញលើកទឹកចិត្ត និងដាក់បន្ទុកបន្ថែមទៅលើជនរងគ្រោះដូចជារូបនាងទៅវិញ។ ថូវ៉ាន បានបើកបង្ហាញពីបញ្ហាប្រឈមរបស់របស់នាងក៏ប៉ន្តែនាងបែរជាទទួលបានសំណួរបែបចាក់ដោតមកវិញថា ប្រសិនបើអាជីពមួយនេះវាពិបាក ហេតុអ្វីបានជានាងមិនឈប់ធ្វើការនេះ​។ ជាការពិតណាស់ បើទោះបីជាស្ថិតនៅក្នងអាជីពណាក៏ដោយក៏មិនមែនជាការងាយស្រួលនោះឡើយ ដូច្នេះ ថូវ៉ាន ចង់ជំនះផ្នត់គំនិតសង្គម និងលើកស្ទួយស្រ្តីនៅគ្រប់វិស័យ ជាពិសេសស្រ្តីនៅក្នុងវិស័យសារព័ត៌មានអាជីព។

horn-thaovan-i-want-a-change-of-mindset-with-ethics-and-respect-women
ហ៊ន ថូវ៉ាន កំពុងតែផ្តល់បទសម្ភាសន៍នៅហាងកាហ្វេ The imperfect café។ រូបថតថ្ងែទី៨ ខែកមរា ឆ្នាំ២០២៣។ រូបថតដោយ៖​ FYN Team

ហ៊ន ថូវ៉ាន៖ «ពេលខ្ញុំជួបរឿងទាំងអស់ហ្នឹង! ខ្ញុំនិយាយប្រាប់គេ គេថាបើសិនជាវិស័យហ្នឹងវាពិបាកហើយ តើនៅបន្តធ្វើ ធើអី​ ម៉េចក៏មិនបញ្ឈប់​?»។

នាងបន្ថែមថា៖ «ខ្ញុំក៏មានសារមួយចង់សួរទៅកាន់ពួកគាត់វិញ តើយើងចង់ឱ្យមានអំពើបែបហ្នឹងកើតឡើងនៅក្នងសង្គមខ្មែររបស់យើងមិនមែនមានន័យនៅក្នុងតែវិស័យសារព័ត៌មានទេ វិស័យផ្សេងទៀតក៏ដូចគ្នា តើយើងចង់រូបភាពបំពានទៅលើស្រ្តីកើតឡើងនៅក្នុងប្រទេសយើងដែរអត់ កើតឡើងនៅក្នងសង្គមយើងដែរអត់? អ៊ីចឹងអ្វីដែលខ្ញុំចង់និយាយ គឺខ្ញុំនៅតែបន្ត ប៉ុន្តែខ្ញុំចង់ឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតក៏ដូចជាសីលធម៌របស់មនុស្សយើងឱ្យគោរពមកកាន់ស្រ្តី មិនថាស្រ្តីក្នុងវិស័យសារព័ត៌មាន ឬក៏វិស័យណាទាំងអស់ គឺត្រូវមានការគោរពទៅលើពួកគាត់» ។

ក្នុងនាមរាមច្បងបម្រើការងារជាស្រ្តីអ្នកសារព័ត៌មានអាជីពម្នាក់ និងមានបំណងឱ្យអាជីពមួយនេះមានចំនួនស្រ្តីកើនឡើងច្រើន ថូវ៉ាន ជំរុញលើកទឹកចិត្តស្រ្តីវ័យក្មេងដែលមានបំណងចង់សិក្សា ឬក៏ចាប់យកអាជីពជាអ្នកសារព័ត៌មានឱ្យមានភាពក្លាហាន បើទោះបីជាអាជីពមួយននេះប្រឈមនឹងបញ្ហាយ៉ាងណាក្តី។

ថូវ៉ាន៖ «ទោះបីជាមានរឿងបែបណា! យើងត្រូវគិតថាបុគ្គលទាំងអស់ហ្នឹងមិនអាចជះឥទ្ធពលមកលើយើងទេ ពីពាក្យសំដីរបស់គាត់ របស់ពួកគេធ្វើឱ្យយើងឈឺចាប់ ប៉ុន្តែសូមយកការឈឺចាប់របស់យើងហ្នឹងធ្វើជាខែល​ ឬក៏លំពែងដើម្បីចាក់ទំលុះអាភាពខ្មៅងងឹតទាំងអស់ហ្នឹង ហើយយើងត្រូវប្រកាន់គោលជំហរថាយើងធ្វើអ្វីដែលជួយដល់សង្គម»។​

រូបថតដោយ៖ ទុយ អេងលី | សហការី

horn-thaovan-i-want-a-change-of-mindset-with-ethics-and-respect-women