ភ្នំពេញ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈ យោគយល់គ្នាជាដៃគូយុទ្ធសាស្រ្តក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។
អនុស្សរណៈយោគយល់គ្នានេះនឹងផ្តល់នូវក្របខ័ណ្ឌមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវរាប់ចាប់ពីទស្សនវិស័យនៃការគ្រប់គ្រងហានិភ័យក្នុងការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។
សមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួនរួមមាន ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុវត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមាន ចែងក្នុងក្រមត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារដោយប្រើប្រាស់ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជនក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិកសាងសមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះសមាជិកនៃសមាគមធនាគារក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា និងធ្វើឱប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា៖ «សេវា និងផលិតផលធនាគារត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយនឹងអតិថិជន ការការពារអតិថិជន គឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្នាជាមួយ SPTF នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវភាពខ្លាំង រឹងមាំ កេរ្ត៍ឈ្មោះ នៃឧស្សាហកម្មធនាគារ»។
លោកបានបន្ថែមថា៖ «យើងអំពាវនាវសមាជិករបស់យើងទាំងអស់អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ជូលក្រមនេះទៅក្នុងនីតិវិធី និងគោលនយោបាយរបស់ពួកគេ»។
លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា៖ «យើងពិតជារីករាយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ។ ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជានឹងរួមបញ្ជូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួនទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរតាមរយៈក្រសួងការបរទេសអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA និងផ្តល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជាវិជ្ជមាន»។
នៅក្នុងសុន្ទរកថាអបអរសាទរលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «អនុស្សរណៈយោគយល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពក្នុងការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុនិងបង្កើនកិច្ចការពារអតិថិជន»។
លោកបានបន្ថែមថា៖ «កិច្ចការពារអតិថិជន គឺជាកិច្ចការអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័នុ្ធធនាគារទាំងមូលផងដែរ»៕
រូបភាពដោយ៖ សហការី