ភ្នំពេញ៖ ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រសួងបរិស្ថាសហការជាមួយនឹងដៃគូបានរៀបចំពិព័រណ៍កេសរកូលកម្ពុជាដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី៣» និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា» នៅឯផ្សារទំនើបអុីអនម៉លភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពរួមជាមួយថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នពាក់ព័ន្ធឯកអគ្គរាជទូត វិស័យឯកជន សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា៖ «វេទិកាកេសរកូលជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់ និងតម្លៃរបស់កេសរកូលព្រៃ និងលើកទឹកចិត្តដល់បណ្តាញអ្នកស្រលាញ់កេសរកូលចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ជាពិសេសគឺប្រភេទកេសរកូលព្រៃ។
លោកជំទាវបន្ថែមថា៖ «ដោយឡែកក្នុងឆ្នាំ២០២៣ នេះ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៍កេសរកូលដើម្បីអបអរសាទរវេទិកាកេសរកូលជាតិលើកទី៣ ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជននានា»។
ពិព័រណ៍កេសរកូលកម្ពុជាបានបង្ហាញជូនអំពីប្រភេទរុក្ខជាតិ និងសមិទ្ធផលពាក់ព័ន្ធនានារួមមានការតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្លៃរបស់កេសរកូលព្រៃ កេសរកូលបង្កាត់ រុក្ខជាតិតាំងលម្អ រុក្ខជាតិក្នុងសួន ប្រទាល រុក្ខជាតិឈើប្រណិត និងហូបផ្លែ ផលិតផលកសិកម្មធម្មជាតិ ផលនិងអនុផលព្រៃឈើ រូបថតនិងគំនូរពាក់ព័ន្ធនឹងធម្មជាតិ ជីវៈចម្រុះ និងកេសរកូល។ល។
ព្រឹត្តិការណ៍បានរៀបចំឱ្យមានសកម្មភាពការដើរម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល (Orchid Fashion Show) ការសម្តែងល្ខោនស្បែកតូច ការប្រគុំតន្ត្រី ការចាក់បញ្ចាំងវីដេអូខ្លីស្តីពីវឌ្ឍនភាពការងារអភិរក្សកេសរកូល និងភាពសម្បូបែប និងគុណតម្លៃរបស់កេសរកូលព្រៃ និងជីវៈចម្រុះកម្ពុជា និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជាផងដែរ៕
រូបថតដោយ៖ ទុយ អេងលី






