ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាចំនួន ៥២,៤៨០ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោងខាងក្រោម៖
គម្រោងប្រើប្រាស់ឡើងវិញនូវរថយន្តប្រមូលសំរាមដែលប្រើប្រាស់រួចក្នុងខេត្តចំនួនដប់ដែលមានថវិកាចំនួន ៥២,៤៨០ ដុល្លារអាមេរិកទៅក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។
គម្រោងនេះមានរថយន្តប្រមូលសំរាមចំនួនមួយគ្រឿងនឹងត្រូវបានដាក់ពង្រាយនៅក្នុងខេត្តនីមួយៗ ក្នុងចំណោមខេត្តចំនួនដប់ក្នុងប្រទេសកម្ពុជាដើម្បីកែលម្អសេវាប្រមូលសំរាម។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាបាននិងកំពុង ជួបការលំបាកជាមួយនឹងការកើនឡើងនៃសំរាមដោយសារតែមានការខ្វះខាតច្រើននូវបរិក្ខារក្នុងការប្រមូលសំរាមឱ្យបានត្រឹមត្រូវ។ គម្រោងនេះនឹងចូលរួមចំណែកដល់ការការពារសុខភាពសាធារណៈ និងបរិស្ថានធម្មជាតិដែលនឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនជាង ៧២០,០០០នាក់នៅក្នុងខេត្តទាំងដប់។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារ ជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជាភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៨គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី