ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សហកម្មកែច្នៃនៃកម្ពុជា (សមាគមស៊ីកាដា) បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៣ នៅក្នុងវិទ្យាស្ថានបារាំង ដោយការរៀបចំនេះមានគោលបំណងដើម្បីអបអរ សហគមន៍សិល្បៈ និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមកជាមួយនឹងសិល្បករ សិល្បការិនី និងអ្នកធ្វើការក្នុងវិស័យសិល្បៈ វប្បធម៌ ដែលបានអញ្ជើញមកពីតាមបណ្តាខេត្តនានាក៏ដូចជាអ្នកដែលរស់នៅក្នុងរាជធានីជាច្រើននាក់ផងដែរ។
ស៊ីកាដាជាសមាគមថ្មីមួយដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានគោលបំណងធ្វើជាតំណាងស្វែងរកការគាំទ្រដល់ឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌ដើម្បីអភិវឌ្ឍប្រកបដោយនិរន្តភាពមួយដែលធានាថាឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌គឺជាបេះដូងនៃការសម្រេចចិត្តក្នុងគោនយោបាយ សេដ្ឋកិច្ច និងសង្គម។
នាឱកាសមហាសន្និបាតបានបង្ហាញពីសមិទ្ធផលការងារសំខាន់ៗ របស់សមាគមស៊ីកាដាដែលរួមមាន ការបង្ហាញពីលទ្ធផលស្រាវជ្រាវអំពីធនធានមនុស្សដែលធ្វើការក្នុងវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋក្រៅប្រព័ន្ធ។ កិច្ចពិភាក្សាជជែកអំពី «សំឡេងពីសហគមន៍វប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋ» ដែលបានបកស្រាយដោយវាគ្មិនកិត្តិយសសុទ្ធសឹង តែមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យភាពយន្ត តន្រ្តី និងសិប្បកម្មផងដែរ។
លោកស្រី សូ ភីណា នាយិកានៃសមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រនៃឧស្សាហកម្មច្នៃប្រតិដ្ឋនៃកម្ពុជា បានលើកឡើងថា៖ «ខ្ញុំរីករាយជាខ្លាំងដែលបានរៀបចំសន្និបាតប្រចាំឆ្នាំនេះឡើង ដោយខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងក្លាយជាវេទិកាដ៏ចាំបាច់មួយសម្រាប់សហគមន៍សិល្បៈ វប្បធម៌ និងច្នៃប្រតិដ្ឋ បានជួបជុំគ្នា កសាងបណ្តាញទំនាក់ទំនង និងជជែកប្រឹក្សាអំពីបញ្ហាចាំបាច់នានាដែលពួកគាត់បានជួបប្រទះកន្លងមកក្នុងអាជីពកន្លងមក។ ខ្ញុំត្រេកអរដែលសមាគមស៊ីកាដាកំពុងតែដើរតួនាទី និងបានចូលជាចំណែកមួយនៃការអភិវឌ្ឍ និងគាំទ្រដល់វិស័យដ៏សំខាន់នេះ»។
លោកស្រីបន្តថា សមាគមស៊ីកាដានឹងនៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍សិល្បៈនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រាកដថាសង្គមកម្ពុជារីកចម្រើនប្រកបដោយភាពចម្រុះនៅពេលដែលឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌ត្រូវបានផ្តល់តម្លៃ និងទទួលបាននូវភាពរីកចម្រើនឈានទៅរកសក្តានុពលខ្ពស់បំផុត។
កញ្ញា សាំង សុខសេរី ជាតារាចម្រៀងរ៉ែប និងជាវាគ្មិននៃកិច្ចពិភាក្សា «សំឡេងពីសហគមន៌វប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋ» នាងសម្លឹងឃើញវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក។
នាងថា៖ «ការចូលរួមលើកស្ទួយវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋមានន័យដូចគ្នានឹងការជំរុញ បង្កើតឱកាសឱ្យសិល្បករបញ្ចេញទេពកោសល្យ និងភាពច្នៃប្រតិដ្ឋរបស់ខ្លួនតាមរយៈវិធានផ្សេងៗ គ្នា នោះនឹងមិនត្រឹមតែជួយលើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា ដែលជាចលករកែប្រែជីវភាពនៃអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែរីកចម្រើនឡើងផងដែរ» ។
រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)