ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើ «គ្រាប់បាល់» ឬ The Ball ដែលតាមកីឡាបាល់ទាត់មានន័យស្មើនឹងភ្លើងគប់កីឡាអូឡាំពិកនៅក្នុងការប្រកួតកីឡាបាល់ទាត់ដោយស្មើភាពមួយនៅទីលាន Central Park Sports Complex ដែលនេះជាការបង្ហាញឱ្យឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់អាមេរិកនៅក្នុងការដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ។ គ្រាប់បាល់ គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការស្មារតីនៃកីឡាបាល់ទាត់ ឬ Spirit of Football ជាស្ថាប័នមិនរកកម្រៃមួយដែលយកកីឡាបាល់ទាត់ធ្វើជាឧបករណ៍មួយក្នុងការដោះស្រាយបញ្ហាប្រឈមសាកល។
ស្ថានទូតអាមេរិកនៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) កំពុងរៀបចំការធ្វើដំណើរជាសាកលរបស់គ្រាប់បាល់ The Ball ដោយឆ្លងកាត់ទីក្រុងភ្នំពេញពីថ្ងៃទី២៣ ដល់ ២៥ ខែមីនា ឆ្នាំ២០២៣។ អង្គការស្មារតីនៃកីឡាបាល់ទាត់នឹង បើកសិក្ខាសាលារយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែមីនា ដែលក្នុងនោះនឹងមានការបង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដោយមានអ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មកបាល់ទាត់នេះនឹងធ្វើដំណើរទៅសៀមរាប និងបាត់ដំបង។
លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «កីឡាបាល់ទាត់ ដែលជាកីឡាដ៏ល្អ គឺជាវិធីធ្វើឱ្យគេមានការសប្បាយ និងបណ្តុះគំនិតច្នៃប្រឌិត ដែលធ្វើឱ្យគេមានការរួបរួមគ្នា និងឯកភាពលើបញ្ហាជាសាកល ដែលប៉ះពាល់មនុស្សជាតិទាំងមូល។ យើងមានមោទនភាពក្នុងការធ្វើការជាមួយដៃគូ ដូចជាអង្គការស្មារតីកីឡាបាល់ទាត់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលើកទឹកចិត្តយុវជនកម្ពុជា ជាពិសេសឱ្យមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន»។
បាល់នឹងធ្វើដំណើរពីកន្លែងនៃការប្រកួតបាល់ទាត់ផ្លូវការលើកដំបូងរបស់ពិភពលោកដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ១៨៦៤ នៅ Battersea Park នៅទីក្រុងឡុងដ៏ ដល់ Eden Park នៃទីក្រុង Auckland នៃប្រទេសណូវែលសេឡង់ ជាទីដែលការចាប់ផ្តើមនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារីនៅឆ្នាំ២០២៣។ ពេលដែលបាល់ធ្វើដំណើរនៅជុំវិញពិភពលោក វាប្រមូលបានហត្ថលេខារបស់អ្នកដែលសន្យាគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងសកម្មភាពផ្នែកអាកាសធាតុ។ តាំងពីឆ្នាំ២០០២ មកមានមនុស្សចំនួនជាង ៥៥០០០នាក់ នៅក្នុងប្រទេសចំនួន ៥៥ បានចុះហត្ថលេខាលើបាល់នេះ។
ការទូតផ្នែកកីឡា គឺជាគន្លឹះមួយនៃកិច្ចខិតខំផ្នែកការទូតរបស់សហរដ្ឋអាមេរិក ហើយការគាំទ្រយុទ្ធសាស្រ្តរួមនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដោយដោះស្រាយបញ្ហាសំខាន់ៗ ហើយចូលរួមជាមួយក្រុមមនុស្សដែលមិនសូវទទួលបានការយកចិត្តទុកដាក់ដែលរួមមានយុវជន នារី កុមារី និងជនពិការ។
នៅព្រះរាជាណាចក្រកម្ពុជា កម្មវិធីការទូតកីឡារបស់សហរដ្ឋអាមេរិកបានពង្រឹងចំណងទាក់ទងគ្នារវាងកីឡាករកម្ពុជា និងអាមេរិកមានដើមកំណើតខ្មែរ លើកកម្ពស់ការរីកចម្រើនជាទូទៅ និងក្នុងអាជីពរបស់យុវជននិងមនុស្សពេញវ័យ នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ហើយគាំទ្រការខិតខំលើបញ្ហាគន្លឹះជាសាកល ដែលរួមមានបម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ ៕
រូបថតដោយ៖ សហការី