នាវាល្បាតបារាំង Prairial នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុក្នុងពេលឆាប់ៗ នេះ

ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជានា​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រការចូលសំចតនេះនឹងជាឱកាសមួយ​ក្នុង​ការ​រិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។

ការចូលសំចតចុងក្រោយ​របស់នាវា​បារាំង​នៅ​កម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិន​អាច​ប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះ​ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មី​មួយទៀត​​នៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

A French surveillance Frigate makes a port call at Sihanoukvilleនាវា Prairial មានមូលដ្ឋាននៅ Papeete  គឺជានា​វារបស់​កងទ័ពបារាំងនៅ​ប៉ូលីនេស៊ី  ដែលស្ថិត​ក្រោម​ការ​បញ្ជា​របស់​ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗ ​ដូចជាការការពារ​អធិបតេយ្យ​នៅ​តាម​តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួម​ក្នុងកិច្ច​សហប្រតិបត្តិការនានា។

នាវាមានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ​១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ​ Dauphin។​ ជាទូទៅនាវា Prairial ចូលរួមនៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការនេសាទខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់បណ្តា​ប្រទេស​​ដែនកោះ​នៃមហាសមុទ្រប៉ាស៊ីហ្វិក។

A French surveillance Frigate makes a port call at Sihanoukvilleនាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំង​ចំពោះ​ការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។ ក្រុមនាវិកតែង​ធ្វើការផ្លាស់ប្តូរ​សកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ​ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះ​ជាមួយ​ទាហានជើងទឹកនៃប្រទេសជាដៃគូ។

ជាក់ស្តែងនាពេលកន្លងមកនាវានេះបានចូលរួមនៅក្នុងសមយុទ្ធជាមួយឆ្មាំសមុទ្រហ្វ៊ីលីពីន។ ចំណែកនៅប្រទេសកម្ពុជា ការចូលសំចតនេះនឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស​រវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធស្នាលផ្សេងៗទៀត​ដូចជា​ការ​ប្រកួត​បាល់ទាត់ជាដើម។​

A French surveillance Frigate makes a port call at Sihanoukvilleការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ​ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយ​សមុទ្រ​ចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅចំនួន ១,៦លាននាក់ និងយោធាបារាំង​ចំនួន​៧ ០០០នាក់​។

៩៣% នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំងស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្តេជ្ញាចិត្តរបស់បារាំងនៅក្នុង​តំបន់​នេះឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងវិស័យធំៗ ចំនួន៤ គឺ៖ ​សន្តិសុខ និងការការពារ សេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងមហាសមុទ្រដោយចីរភាព។ ប្រទេសបារំាងខិតខំ​​ពង្រឹង​បន្ថែមទៀតនូវភាពជាដៃគូ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុបក៏មានទស្សនវិស័យដូចគ្នា​ចំពោះអាទិភាពទាំងនេះ ដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុបនៅ​ឥណ្ឌូប៉ាស៊ីហ្វិក។

A French surveillance Frigate makes a port call at Sihanoukvilleការចូលសំចតរបស់នាវា Prairial ​ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំងកម្ពុជា ដែលស្តែងចេញតាមរយៈ​ការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូ​រវាង​ប្រទេស​បារាំងជាមួយអា​ស៊ានផងដែរ។  បច្ចុប្បន្នប្រទេសបារាំងបានក្លាយទៅជាសមាជិកសង្កេតការណ៍​នៅក្នុង​​ក្រុមការងារ​ចំនួនពីរនៃ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារ​ទទួលបន្ទុក​សន្តិសុខ​លំហ​សមុទ្រ។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់​បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រ​ដល់ដំណើរការ​សន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល ៕

រូបថតដោយ៖ សហការី

A French surveillance Frigate makes a port call at Sihanoukville