ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជានាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រការចូលសំចតនេះនឹងជាឱកាសមួយក្នុងការរិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជាធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល។ ដូច្នេះទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានាវារបស់កងទ័ពបារាំងនៅប៉ូលីនេស៊ី ដែលស្ថិតក្រោមការបញ្ជារបស់ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗ ដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។
នាវាមានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ ជាទូទៅនាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្តាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក។
នាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំងចំពោះការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។ ក្រុមនាវិកតែងធ្វើការផ្លាស់ប្តូរសកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េ និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះជាមួយទាហានជើងទឹកនៃប្រទេសជាដៃគូ។
ជាក់ស្តែងនាពេលកន្លងមកនាវានេះបានចូលរួមនៅក្នុងសមយុទ្ធជាមួយឆ្មាំសមុទ្រហ្វ៊ីលីពីន។ ចំណែកនៅប្រទេសកម្ពុជា ការចូលសំចតនេះនឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសរវាងទាហានជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្រ្ត និងជំនួបស្និទ្ធស្នាលផ្សេងៗទៀតដូចជាការប្រកួតបាល់ទាត់ជាដើម។
ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តរបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះនៅក្នុងតំបន់នេះ បារាំងមានទឹកដីឯនាយសមុទ្រចំនួន៧ ដោយមានពលរដ្ឋបារាំងរស់នៅចំនួន ១,៦លាននាក់ និងយោធាបារាំងចំនួន៧ ០០០នាក់។
៩៣% នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំងស្ថិតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការប្តេជ្ញាចិត្តរបស់បារាំងនៅក្នុងតំបន់នេះឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងវិស័យធំៗ ចំនួន៤ គឺ៖ សន្តិសុខ និងការការពារ សេដ្ឋកិច្ច ពហុភាគីនិយម និងវិធានច្បាប់ បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងមហាសមុទ្រដោយចីរភាព។ ប្រទេសបារំាងខិតខំពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។ សហភាពអឺរ៉ុបក៏មានទស្សនវិស័យដូចគ្នាចំពោះអាទិភាពទាំងនេះ ដែលត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុបនៅឥណ្ឌូប៉ាស៊ីហ្វិក។
ការចូលសំចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំងកម្ពុជា ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូរវាងប្រទេសបារាំងជាមួយអាស៊ានផងដែរ។ បច្ចុប្បន្នប្រទេសបារាំងបានក្លាយទៅជាសមាជិកសង្កេតការណ៍នៅក្នុងក្រុមការងារចំនួនពីរនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងនោះមានក្រុមការងារទទួលបន្ទុកសន្តិសុខលំហសមុទ្រ។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រដល់ដំណើរការសន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល ៕
រូបថតដោយ៖ សហការី