បទយកការណ៍៖ អតីតអ្នកប្រដាល់ម្នាក់តស៊ូរកចំណូលជួយគ្រួសារនិងសងថ្លៃព្យាបាលក្រោយក្លាយខ្លួនពិការ

ធ្លាប់តែជាបុគ្គលដែលមានកាយសម្បទាមាំមួន និងបង្ហាញក្បាច់គុននៅលើសង្វៀនប្រដាល់គុនខ្មែរយ៉ាងស្វាហាប់ ប៉ុន្តែជីវិតយុវជនម្នាក់បានផ្លាស់ប្តូរទាំងស្រុងពីអាជីពលើសង្វៀនមកជាអ្នកអង្គុយលើរទេះជនពិការ ក្បែរធុងក្លាសេទឹក និងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាជំនួសវិញ។

 

«ឥឡូវខ្ញុំប្រដាល់លែងកើតហើយ តាំងពីធ្លាក់ខ្លួនពិការមក។ តាំងពីធ្លាក់ខ្លួនពិការ ធ្លាក់ខ្លួនឈឺមក វៃលែងកើតលែងអីហើយបង»

នេះជាសម្តីរបស់អតីតកីឡាករប្រដាល់គុនខ្មែរម្នាក់ដែលបានក្លាយខ្លួនជាជនពិការជើងទាំងសងខាងក្រោយជួបឧបទ្ទវហេតុធ្លាក់ពីលើអាគារកម្ពស់៥ជាន់ នៅពេលដែលយុវជនរូបនេះឆ្លៀតពេលពីការហ្វឹកហាត់ទៅធ្វើការខាងក្រៅបន្ថែម ខណៈដែលបច្ចុប្បន្នលោកប្រកបរបរជាអ្នកលក់ទឹក និងភេសជ្ជៈចល័តនៅតាមទីប្រជុំជននានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ និងសងថ្លៃព្យាបាលជំងឺរបស់ខ្លួន។

មានសម្បុរខ្មៅស្រអែម និងមាឌក្រអាញ យុវជន ធី ដារ៉ាម៉ា គឺជាអតីតកីឡាករប្រដាល់នៃក្លិបប្រដាល់កុលបុត្រគុនខ្មែរ ដែលបានចូលប្រឡូកក្នុងវិស័យនេះក្នុងអំឡុងឆ្នាំ២០២០។ ​ដោយសារតែជីវភាពខ្វះខាត ហើយពុំសូវរកថវិកាបានពីការឡើងសង្វៀនផងនោះ យុវជនខាងលើបានឆ្លៀតពេលពីការឡើងសង្វៀន ដើម្បីចេញទៅធ្វើការជាជាងម៉ាស៊ីនត្រជាក់នៅឯខេត្តព្រះសីហនុ កាលពីអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ដំបូងៗ។ ប៉ុន្តែជាអកុសល យុវជន ដារ៉ាម៉ា ត្រូវជួបឧបទ្ទវហេតុធ្លាក់ពីលើអាគារកម្ពស់៥ជាន់ក្នុងខេត្តព្រះសីហនុ។

ពេលជួបឧបទ្ទវហេតុបណ្តាលឱ្យមានរបួសបែកបាក់ឆ្អឹងចង្កេះ ខណៈដើមដៃខាងស្តាំរបស់លោកវិញត្រូវដោតជាប់នឹងចម្រូងដែកដែលគេបណ្តុះនៅខាងក្រោម នៅក្នុងហេតុការណ៍អ្នកជួយសង្គ្រោះ​បានយកកាំបិទមកវះសាច់ភ្លាមៗ ចេញពីដែកដើម្បីបញ្ជូនមកមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ។

ការព្យាបាលត្រូវចំណាយពេលអស់រយៈពេលប្រមាណ ៣ខែ ដោយបានវះកាត់ពោះ និងឆ្អឹងជំនីខ្នងផ្នែកខាងក្រោម ខណៈការចំណាយផ្សេងៗ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងពីការយកប្លង់ដីទៅបញ្ចាំនៅធនាគារ ឮដែលសរុបប្រមាណជាង ១ម៉ឺនដុល្លារ ប៉ុន្តែនៅតែមិនអាចដូចដើមបាន ដោយសារតែឆ្អឹងខ្នងត្រូវបានរងរបួសធ្ងន់ធ្ងរពេកមិនអាចបញ្ជាសកម្មភាពទៅជើង ទើបបណ្តាលឱ្យយុវជនរូបនេះត្រូវធ្លាក់ខ្លួនក្លាយជាជនពិការជើងទាំងសងខាងតាំងពីពាក់កណ្តាលឆ្នាំ២០២០ មក។

ស្លៀកសារ៉ុង និងពាក់អាវវាលក្លៀកអង្គុយលើកៅអីជនពិការដែលមានសភាពច្រេះចាប់នូវផ្នែកមួយចំនួន លោក ធី ដារ៉ាម៉ា បានឱ្យដឹងថា​ ក្រោយពេលព្យាបាលរួចលោកត្រូវបានត្រឡប់មកស្នាក់នៅផ្ទះដោយដេកនឹងកន្ទេលមិនអាចសូម្បីតែងាកខ្លួន។ យុវជនវ័យ ២៥ឆ្នាំរូបនេះ បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានវិប្បដិសារីជាខ្លាំងដែលត្រូវរងគ្រោះពេលចេញទៅបំពេញការងារ ​លោកសញ្ជឹងគិតថា វ័យបច្ចុប្បន្នគួរតែជាវ័យដែលត្រូវរកចំណូលជួយគ្រួសារ ប៉ុន្តែលោកបែរជាក្លាយជាបន្ទុកមួយដ៏ធ្ងន់សម្រាប់គ្រួសារទៅវិញ។

លោកថា៖ «សោកស្តាយខ្លាំងណាស់ ដោយសារមនុស្សយើងកំពុងពេញកម្លាំង បែរជាមិនបានជួយគ្រួសារ បែរជាយកបន្ទុកដាក់គ្រួសារថែមទៀត ទៅលើពួកគាត់ដែលគាត់ចាស់ជរាមានជំងឺផ្ទាល់ខ្លួនប្រចាំកាយគាត់ហើយ យើងយកបន្ទុកទៅដាក់លើពួកគាត់»។

ការឈឺចាប់ផ្លូវកាយតែមួយមុខមិនទាន់ជាសម្ពាធធ្ងន់ធ្ងរសម្រាប់អតីតកីឡាករប្រដាល់រូបនេះទេ ប៉ុន្តែការឈឺចាប់ផ្លូវចិត្តផ្សេងៗ ដូចជាការមើលងាយលេងសើចពីសំណាក់មនុស្សជុំវិញខ្លួនមួយចំនួនថែមទៀតនោះ បានបង្ខំចិត្តឱ្យលោកមានអារម្មណ៍ថាលែងចង់រស់ ហើយចង់លេបថ្នាំសម្លាប់ខ្លួនម្តងជាពីរដងប៉ុន្តែត្រូវបានក្រុមគ្រួសារហាមឃាត់ និងលើកទឹកចិត្តវិញ។

លោកថា៖ «ខ្លះគេហៅអាខ្វិនអាអីទៅ! គេមើលងាយគេមើលអី! ក្មេងៗ ខ្លះដែលយើងស្គាល់ហ្នឹងវាហៅអា ហៅអីចឹងទៅ ប៉ុន្តែយើងធ្វើអីវាអត់កើត ចេះតែទ្រាំៗ ទៅ»។

លោកបន្ថែមថា៖ «ពេលខ្លះចង់តែយកថ្នាំលេបសម្លាប់ខ្លួនឯង តែម៉ែគាត់ចេះតែយកលាក់យូរៗ ទៅយើងបានគិតសព្វៗ ទៅ បើយើងនៅតែប្រឹងសម្លាប់ខ្លួនទៀត គាត់ខំព្យាបាលយើងអស់លុយមួយគគោកហើយ យើងខំសម្លាប់ខ្លួនទៀត អាហ្នឹងគាត់អស់ទឹកចិត្តគាត់»។

ងាកមកអ្នកស្រី ឡាយ ឈឿន ដែលជាម្តាយរបស់អតីតកីឡាករខាងលើបានរម្លឹកពីអតីតកាលដោយទឹកភ្នែករលីងរលោង ថា ពេលដែលកូនប្រុសរបស់អ្នកស្រីរៀបចេញទៅធ្វើការនៅឯខេត្តព្រះសីហនុ ប្តីអ្នកស្រី គឺលោក សែន ប៊ុនធី បានត្រឹមតែស្រោចទឹកលើក្បាលកូនឱ្យសុខសប្បាយដោយមិនបានស្រោចសព្វខ្លួនព្រោះតែប្រញាប់ពេក។ យ៉ាងណាដល់ពេលគ្រោះថ្នាក់អ្នកស្រីថា មានតែក្បាលប៉ុណ្ណោះដែលមិនមានរបួស។

អ្នកស្រីថា៖ «ប្តីខ្ញុំបានស្រោចទឹកបានតែក្បាលហ្នឹង! ល្អតែក្បាលហ្នឹង ក្រៅពីនឹងបាក់បែកទាំងអស់»។

អង្គុយលើធុងក្លាសេនៅក្រោមសំយាបផ្ទះ អ្នកស្រី ឈឿន បានរៀបរាប់ថា អ្នកស្រីមានកូនប្រុសស្រីចំនួន ១១នាក់ ដោយអតីតកីឡាករ ធី ដារ៉ាម៉ា គឺជាកូនទី៤ ដែលធ្លាប់ជាទីពឹងសម្រាប់គ្រួសារ ខណៈកូនប្រុសច្បងរបស់អ្នកស្រីកំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីគ្រឿងញៀន រីឯកូនប្រុសស្រី ៩នាក់ផ្សេងទៀតនៅតូចៗ នៅឡើយ។ ស្ត្រីរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា ដំបូងៗ ពេលដែលឃើញកូនប្រុសដែលធ្លាប់មានកាយសម្បទាមាំមួន និងជាទីពឹងគ្រួសារធ្លាក់ខ្លួនទៅជាបែបនេះ អ្នកស្រីហាក់អស់ទាំងកម្លាំងចិត្ត និងកម្លាំងកាយ ហើយពេលខ្លះអ្នកស្រីថា គិតអ្វីលែងចេញស្ទើរឆ្អួត។

អ្នកស្រីថា៖ «ដល់ពេលឃើញកូនឈឺអញ្ចឹងខ្ញុំដូចអស់កម្លាំងចិត្តណាស់ មានតែកូនមួយនឹងជួយយើង ក្រៅពីហ្នឹងសុទ្ធតែតូចៗ អ៊ីចឹងហ៎ាសដល់ពេលកូនធ្លាក់អញ្ចឹងមក ខ្ញុំពិបាក ព្រោះមានតែកូនហ្នឹង ដែលជួយខ្ញុំ ក្រៅហ្នឹងវានៅតូចៗ។ អាកូនបងប្រុស (កូនប្រុសច្បង) នោះវាអត់កើត វាបែកថ្នាំបែកអី»។

ទោះជាបែបនេះក្តីស្ត្រីវ័យ ៥៤ឆ្នាំរូបនេះបានអះអាងថា នៅតែខិតខំស្វះស្វែងរកថវិកាដើម្បីព្យាបាលកូនជាបន្តបន្ទាប់ និងលើកទឹកចិត្តកូនឱ្យតស៊ូរស់បន្តទៀតដោយមិនឱ្យកូនគិតខ្លីបញ្ចប់ជីវិតរបស់ខ្លួននោះទេ។​

អ្នកស្រី ឈឿន មានប្រសាសន៍ថា៖ «ខ្ញុំឱ្យកូនប្រឹងដើរប្រឹងអីឡើង អត់ឱ្យកូនសម្លាប់ខ្លួនទេ ព្រោះខ្ញុំមើលថែកូនរហូត។ ខ្ញុំអត់ហ៊ានទុកថ្នាំនៅវាល តែពីសតាពាសទេ ខ្ញុំខ្លាចវាយកថ្នាំលេបអី យកថ្នាំលាក់រហូត។ វាតូចចិត្តវាហ្នឹង! បានខ្ញុំថាមិនបាច់តូចចិត្តទេកូនអើយ មនុស្សយើងសុទ្ធតែមានកម្មមានអីហើយ បានអ៊ីចឹង»។

អ្នកស្រី ឡាយ ឈឿន បាននិយាយដោយមិនរុញរាចិត្តថា អ្នកស្រីតែងតែបង់ស្រន់ឱ្យកូនប្រុសបានជាសះស្បើយវិញ ដើម្បីអាចរស់នៅបានស្រួលដូចគេ ខណៈបច្ចុប្បន្នត្រូវអង្គុយជាប់លើកៅអីជានិច្ច។ ជាមួយគ្នាអ្នកស្រីថា ប្រសិនបើកូនប្រុសបានដើររួចដូចមុន នោះអ្នកស្រីអាចចេញទៅធ្វើការរកចំណូលជួយគ្រួសារ និងបង់ធនាគារបាន ប៉ុន្តែបើកូនដើរមិនរួចទេ នោះគាត់ត្រូវនៅមើលថែជាប់រហូតព្រោះស្វាមីរបស់អ្នកស្រីក៏មានជំងឺប្រចាំកាយមិនអាចធ្វើការអ្វីបាននោះដែរ។

អ្នកស្រីថា៖ «ខ្ញុំបន់រាល់ថ្ងៃ! បន់ឱ្យកូនខ្ញុំដើររួច ឱ្យជា ឱ្យគ្នាដើររួចទៅខ្ញុំបានដើរលក់ដូរ! អ៊ីចឹងទៅ មើលថែគាត់រហូត បើឪពុកលាងចានមិនកើតផង»។

បើតាមអ្នកស្រី ឡាយ ឈឿន បានឱ្យដឹងថាបច្ចុប្បន្នបំណុលធនាគារដែលគ្រួសារអ្នកស្រីខ្ចីមកព្យាបាលកូនប្រុសនៅសល់ខ្ទង់ជាង ១ម៉ឺនដុល្លារ ដែលតម្រូវឱ្យបង់ការប្រាក់ប្រមាណ ៣៥០ដុល្លារជារៀងរាល់ខែ។ អ្នកស្រីបន្ថែមថាជំងឺនេះប្រហែលមិនអាចជាសះស្បើយបានដូចមុននោះឡើយព្រោះតែចង្កេះមិនអាចបញ្ជាទៅជើងទាំងសងខាងបាន។

ងាកមកអតីតកីឡាករប្រដាល់នៃក្លិបប្រដាល់កុលបុត្រគុនខ្មែរ ធី ដារ៉ាម៉ា បានឱ្យដឹងថា ក្រោយក្លាយខ្លួនពិការ និងសម្រាកនៅផ្ទះមួយរយៈ លោកតែងតែឃើញមានបុគ្គលិកធនាគារមកចាំយកលុយជារៀងរាល់ខែ ខណៈម្តាយរបស់លោកក៏តែងតែគេចមិនហ៊ាននៅផ្ទះដោយសារតែមិនមានលុយបង់ការធនាគារនូវលុយដែលបានខ្ចីមកព្យាបាលលោកនោះ។

កត្តានេះបានជំរុញចិត្តឱ្យលោកប្តេជ្ញាចិត្តស្វះស្វែងរកចំណូលទាំងឈឺទាំងជាដោយលក់ទឹក និងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងជួយបង់រំលោះកម្ចីដែលម្តាយបានយកមកព្យាបាលកាលពីគ្រោះថ្នាក់នោះ។ ដារ៉ាម៉ា បានឱ្យដឹងថាសព្វថ្ងៃលោកប្រកបរបរនេះនៅក្បែរមាត់ទន្លេក្រុងតាខ្មៅ ដោយត្រូវធ្វើដំណើរពីផ្ទះនៅឯខណ្ឌកំបូលទៅក្រុងតាខ្មៅជារៀងរាល់ថ្ងៃ និងអាចរកថវិកាចំណេញបានខ្លះចន្លោះពី១ ទៅ២ម៉ឺនប៉ុណ្ណោះក្នុងមួយថ្ងៃ។

ទោះជាបែបនេះក្តី ប៉ុន្តែអតីតកីឡាករនៃក្លិបកុលបុត្រគុនខ្មែររូបនេះ អះអាងថាមិនចង់ត្អូញត្អែរឱ្យទស្សនិកជនបានឃើញនោះទេ។ ជាពិសេសលោកថាមិនអាចដាច់ចិត្តលាដៃសុំលុយពីអ្នកដទៃដាច់ខាត ពោលគឺសុខចិត្តខិតខំដោយកម្លាំង ញើសឈាមរបស់ខ្លួនទោះត្រូវលំបាកប៉ុណ្ណាក៏ដោយ។

លោកថា«ខ្ញុំប្តេជ្ញាចិត្តថា ទោះឈឺទោះម៉េចក៏ដោយ ត្រូវតែងើបទៅលក់រកលុយជួយគ្រួសារដែរ។ ទោះលក់មិនដាច់ ឬដាច់ក៏ដោយក៏ត្រូវតែទៅដែរ ដើម្បីជួយជីវភាពគ្រួសារយើងបានខ្លះ បានហូបចុកទៅបានតិចៗ ចេះតែបង់អង្គការខ្លះ»

នាយិការអង្គការជនពិការកម្ពុជា អ្នកស្រី ម៉ាក់ ម៉ូនីកា បានមានប្រសាសន៍ថា សហព័ន្ធប្រដាល់គុនខ្មែរដែលជាស្ថាប័នពាក់ព័ន្ធគួរតែធ្វើយ៉ាងណាធានាឱ្យបាននូវការថែទាំព្យាបាលសុខភាពកីឡាករដែលមានជួបនូវបញ្ហាផ្សេងៗ ដូចទៅនឹងកម្មករនយោជិតផ្សេងៗ ដែរ នៅពេលជួបគ្រោះថ្នាក់ការងារ។ មានន័យថាគ្រោះថ្នាក់នៅអំឡុងពេលដែលបំពេញកាតព្វកិច្ចក្រោមការគ្រប់គ្រងរបស់ស្ថាប័ន។ អ្នកស្រីបន្តថា កត្តាតម្រូវ ២យ៉ាងសំខាន់ៗ គឺការធានាបាននូវការព្យាបាលដោយស្តារកាយសម្បទាឡើងវិញ និងការផ្តល់ឱ្យនូវការងារ ឬជំនាញអ្វីមួយដែលស្របទៅតាមលទ្ធភាពរបស់គាត់ដែលអាចធ្វើទៅបាន។

អ្នកស្រីមានប្រសាសន៍ថា៖ «ការផ្តល់ឱកាសទី១ គឺយើងគិតពីសុវត្តិភាព ធានាថាសុខភាពគាត់បានល្អប្រសើរសិន […] អត់ទាន់គិតរឿងលុយទេ គិតថាធ្វើម៉េចឱ្យសុខភាពគាត់បានប្រសើរឡើង គាត់គេចផុតពីពិការភាពសិន។ ទី២ នៅពេលដែលយើងស្តារគាត់ឡើងបានហើយ […] នៅដំណាក់កាលទី២នឹង យើងត្រូវផ្តល់ឱ្យគាត់ថា តើលទ្ធភាពគាត់អាចធ្វើអីបាន»។

អ្នកស្រីបន្ថែមថា សហព័ន្ធប្រដាល់ក៏គួរតែសិក្សាផ្តល់លទ្ធភាពការងារដែលគាត់អាចធ្វើបានក្នុងនាមជាមន្ត្រីចៅក្រម ឬក៏ការងារផ្សេងទៀតដែលស្ថិតក្នុងរចនាសម្ព័ន្ធកីឡា ដើម្បីធានាថា ទោះបីជាគាត់ធ្លាក់ខ្លួនពិការប៉ុន្តែគាត់នៅតែអាចបន្តការងារ លើវិស័យមួយនេះបានតាមលទ្ធភាព។

មាត្រា ១០ និង១១ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការបានបញ្ជាក់ថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឱ្យបានសមរម្យស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់ធានា ដើម្បីបំផុស និងលើកទឹកចិត្តពលរដ្ឋ សប្បុរសជនផ្នែកឯកជន និងអង្គការសង្គមផ្សេងៗ ឱ្យចូលរួមឧបត្ថម្ភដល់ជនពិការ។

មាត្រា ៤២ នៃច្បាប់ដដែលនេះ បានគូសបញ្ជាក់ដែរថា រដ្ឋត្រូវលើកទឹកចិត្តដល់ជនពិការ ដែលប្រកបរបរអាជីវកម្ម ឬសិប្បកម្មជាលក្ខណៈឯកជន ឬគ្រួសារ ឬសមូហភាពរបស់ជនពិការ តាមរយៈការកាត់បន្ថយពន្ធដារ និងការផ្តល់អទិភាពផ្សេងៗ ទៀតស្របតាមច្បាប់ជាធរមាន។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន​ បានលើកឡើងថា លោកធ្លាប់បានដឹងពីដំណឹងរបស់យុវជន ធី ដារ៉ាម៉ា នេះដែរ ហើយក៏បានណែនាំឱ្យមានការទាក់ទងមកលោក ដើម្បីប្រាកដថាជាអតីតកីឡាករប្រដាល់មែនឬ យ៉ាង ណា ប៉ុន្តែលោកថាមិនមានដំណឹងមកលោកទាល់តែសោះ។ យ៉ាងណាក្តីលោក តែម ម៉ឺន អះអាងថានឹងចុះជួយសម្រួលតាមលទ្ធភាពនៅពេលដែលទទួលបានដំណឹងពិតប្រាកដ។

លោកថា៖ «ដូចជាអត់ឃើញមាននរណាទាក់ទងមកខ្ញុំ! ចាំមើលខ្ញុំមើលៗ ខ្ញុំនឹងសួរនាំទៅមើល នៅក្លិបណាពិតប្រាកដ គ្រូរបៀបម៉េច! អីរបៀបម៉េចណាស់! គ្រូរបៀបម៉េចត្រូវតែមើលគ្នា ហើយគួរតែជូនដំណឹងមកខ្ញុំ។ ឱ្យតែមានដំណឹងមកដល់ខ្ញុំៗ នឹងជួយទាំងអស់ ថាជាកីឡារបស់យើងពិតប្រាកដ ឬអត់»។

ថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែររូបនេះ បានមានប្រសាសន៍ថា ក្នុងករណីមានរបួសស្នាមនៅអំឡុងពេលប្រកួតសហព័ន្ធ និងភាគីពាក់ព័ន្ធនឹងជួយសម្រួលដល់ការព្យាបាល។ ដោយឡែកសម្រាប់បញ្ហាផ្សេងៗ ដែលកីឡាករជួបប្រទះសហព័ន្ធអះអាង ថានឹងចូលរួមជួយសម្រួលតាមលទ្ធភាពព្រោះកីឡាប្រភេទនេះ ជាកីឡាស្ម័គ្រចិត្ត ហើយរដ្ឋក៏មិនមានការធានារ៉ាប់រងអាយុជីវិតទាំងស្រុងនោះដែរ។

លោកថា៖ «យើងត្រូវតែមើលថែទាំគ្នាហើយអាហ្នឹង ទៅតាមលទ្ធភាពរៀងៗ ខ្លួន ព្រោះការប្រកួតរាល់ថ្ងៃជាការប្រកួត ឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏មិនមែនថាយើងធ្វើអាជីពទាំងស្រុង ហើយយើងមានការធានារ៉ាប់រងអាយុជីវិត គឺវាអត់មានដែរអាហ្នឹង»។

ត្រឡប់មកអតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា បានរៀបរាប់ដោយទឹកមុខស្តាយស្រណោះថា លោកពិតជាសោកស្តាយដែលមិនអាចបន្តអាជីពនេះបាន ពោលគឺបានត្រឹមតែមើលការប្រកួតរបស់កីឡាករផ្សេងៗ ប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាបច្ចុប្បន្នធ្លាក់ខ្លួនក្លាយជាជនពិការក៏ពិតមែន ប៉ុន្តែលោកនៅតែមានចិត្តដិតដាមជាប់ចង់ប្រឡូកវិស័យប្រដាល់គុនខ្មែរវិញ តែយ៉ាងណាលោកបានអស់ឱកាសទៅហើយ។

លោកថា៖ «បើនិយាយពីគុនខ្មែរ ចិត្តនៅតែស្រលាញ់។ ឃើញគេវ៉ៃចង់តែវ៉ៃដែរ តែបើថាយើងវាអញ្ចឹងហើយ យើងមិនអាចទៅមុខទៀតទេ ទោះយើងជាក៏យើងមិនអាច។ ប៉ុន្តែចិត្តស្រលាញ់នៅតែស្រលាញ់ នៅតែគាំទ្រ»។

អតីតសិស្សគុននៃក្លិបកុលបុត្រគុនខ្មែររូបនេះ បានអះអាងថាជាវិប្បដិសារីមួយដ៏អាក្រក់បំផុត ប្រសិនបើលោកបញ្ចប់ជីវិតខ្លួនឯងកាលពីចេញពីមន្ទីរពេទ្យ។ លើកឡើងបែបនេះ ព្រោះលោកថានឹងមិនបានជួយសម្រួលជីវភាពគ្រួសារ ហើយថែមទាំងបន្សល់បំណុលធនាគាររាប់ម៉ឺនដុល្លារឱ្យឪពុកម្តាយចាស់ៗ។ ដូច្នេះលោកថានឹងប្រើជីវិតដែលសេសសល់ជួយរកចំណូលតាមលទ្ធភាពដើម្បីជួយផ្គត់ផ្គង់គ្រួសារ និងបង់រំលោះប្លង់ដីដែលបញ្ចាំនៅធនាគារមកវិញ។ ជាពិសេស គឺជួយប្អូនៗ ឱ្យបានរៀនខ្ពង់ខ្ពស់ កុំឱ្យពិបាកដូចលោក។

លោកថា៖ «អាពេលហ្នឹងបើយើងគិតខ្លី វាអត់ប្រយោជន៍ ដល់ពេលយើងគិតសព្វៗ ទៅ មានតែប្រឹងតិកតក់ៗ ជួយគ្រួសារវិញ លក់បានលុយខ្លះបានអីមើលជួយគ្រួសារ ជួយឱ្យបានបង់ថ្លៃអង្គការ សម្រាប់យកប្លង់ដីផ្ទះយើងមកវិញ»៕

រូបថតដោយ៖ ទុយ អេងលី និង ប៉ា តុងចិន