ការសាងសង់រោងចក្រផលិតទឹកស្អាតធំបំផុតនៅកម្ពុជាសម្រេចបាន៩០%

ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជាសម្រេចបាន ៩០% បើយោង​តាមការប្រកាសរបស់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) នៅក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់ទឹក​ស្អាតក្រោមបាតទន្លេសាប​ដោយប្រើប្រាស់​ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច។ ម៉ាស៊ីននេះនឹងខួងដាក់បំពង់ទឹក ​អង្កត់​ផ្ចិត​២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងនឹងបង្កើនសមត្ថភាពផលិតជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺពី 0,៦ ទៅ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បាននិងកំពុងប្រឈមមុខនឹងតម្រូវការទឹកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០១០ ដោយសារការរីកចម្រើនដ៏ខ្លាំងនៃវិស័យសំណង់ និងកំណើនប្រជាជន។ បន្ទាប់ពីបង្កើនសមត្ថភាពផលិតទឹករបស់ខ្លួនទ្វេដងរវាងឆ្នាំ២០១២ និង២០១៧​  បច្ចុប្បន្ន PPWSA មានគោលដៅរក្សាការផ្គត់ផ្គង់ទឹកដល់អតិថិជនចាស់របស់ខ្លួនព្រមទាំងពង្រីកតំបន់សេវាកម្មនៅទូទាំង​រាជធានីនៅឆ្នាំ២០២៥​ ដោយមានការគាំទ្ររួមគ្នាពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU)។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេដែលបានកំណត់ក្នុងផែនការមេទី៣ ឆ្នាំ២០១៦- ២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ៣៩០​ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដោយសាងសង់ជា២ដំណាក់កាល។ សមត្ថភាពផលិតទឹកបន្ថែមនេះនឹងមានបរិមាណគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ ដែលប៉ាន់ស្មានថាមានចំនួន ២០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅរដូវប្រាំង។ ពីរឆ្នាំបន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាលទី១នៃគម្រោងសម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ ២០២៣។ រោងចក្រនេះនឹងមានសមត្ថភាព​ផលិត​ពេញលេញបន្ទាប់ពីបញ្ចប់ការសាងសង់ដំណាក់កាលទី២​មួយឆ្នាំក្រោយ។

Cambodia’s future largest water treatment plant is now 90% completedគម្រោងនេះត្រូវបានគាំទ្រដោយឥណទានចំនួនពីររបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ក្នុងទំហំទឹកប្រាក់​ ១៧៧.៣ លានអឺរ៉ូ ព្រមទាំងឥណទាន ១០០លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុប  និងជំនួយឥតសំណងចំនួន ១៣លានអឺរ៉ូពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី និងការវិនិយោគផ្ទាល់របស់ PPWSA ចំនួន ៨០លានដុល្លារ។ ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបគឺផ្តោតជាពិសេសលើការផ្គត់ផ្គង់ទឹកទៅកាន់សហគមន៍ក្រីក្រនៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។

ក្នុងពិធីបើកការដ្ឋានលោក Rémy Rioux អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD បានលើកឡើងថា៖ «ទីភ្នាក់ងារ AFD មានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាប្រវត្តិសាស្ត្រជាមួយរដ្ឋាករទឹក PPWSA ជាង២០ឆ្នាំ​កន្លងទៅនេះ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាឧទាហរណ៍ដ៏ល្អមួយសម្រាប់បង្ហាញអំពីរបៀបដែល​ក្រុមអឺរ៉ុបអាចផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរួមគ្នា​​ជាមួយជំនាញដ៏ទំនើប។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការ​រីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃការសាងសង់ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើម ដោយ​សារ​ការ​ខិតខំរបស់ថ្នាក់ដឹកនាំ PPWSA រួមសហការជាមួយក្រុមហ៊ុន Vinci Grand Projets និង Safège។ ខ្ញុំ​សូមឆ្លៀតឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​បញ្ជាក់​ជាថ្មី​ពីការ​គាំទ្រ​ដ៏​ខ្លាំងក្លារបស់​ខ្ញុំ​ចំពោះ PPWSA ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន៖ គឺផ្គត់ផ្គង់ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅរាជធានី​ភ្នំពេញ»។

ចំណែកឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក PPWSA វិញបានមានប្រសាសន៍ថា៖ «ដោយសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប  PPWSA បានបន្តអភិវឌ្ឍ ជួសជុល និងពង្រីករោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ។ បន្ទាប់ពីការបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង​ក្នុងឆ្នាំ២០២៤​ សមត្ថភាពផលិតរបស់យើងនឹងកើនឡើងពី ០.៦ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ សមត្ថភាពនេះនឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការទឹក ដោយសារការពង្រីករាជធានីភ្នំពេញនៅ​គ្រប់ទីកន្លែង។ គម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ ៦.១.១ នៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ៩៦%នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅលើផែនការ ៩៥%ត្រឹមឆ្នាំ២០២៣  ព្រមទាំងជួយ​ឱ្យកម្ពុជាសម្រេចបានគោលដៅក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។

Cambodia’s future largest water treatment plant is now 90% completedលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលថ្ងៃនេះយើងបានបោះជំហានទៅមុខបន្ថែមទៀតក្នុង​ការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត​បាក់ខែង​ ដែលមានគោលដៅធានាថា ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ។ នេះគឺជាអ្វីមួយដែលយើងហៅថាសិទ្ធិរបស់មនុស្សមិនមែនជាបុព្វសិទ្ធិទេ។ ជាមួយ​ដៃគូរបស់យើងមកពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ សហភាពអឺរ៉ុប និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យើងកំពុងរួមគ្នាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។ កិច្ចសហការគ្នានេះនឹងជួយឱ្យយើងផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពនៅកន្លែងណាដែលមានតម្រូវការបំផុត»។

«ខ្ញុំ​រីករាយ​ដែល​មាន​វត្តមាននៅក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់ទឹក​ស្អាតក្រោមបាតទន្លេសាបនៅ​ថ្ងៃ​នេះ។ ​វាគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅរាជធានីភ្នំពេញ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងបានប្រមូលផ្តុំក្រុមអឺរ៉ុបក្នុងក្របខ័ណ្ឌ Global Gateway ជុំវិញគោលបំណងរួមមួយ គឺរួមចំណែកដល់វិបុលភាពសេដ្ឋកិច្ចរបស់ប្រទេស និងប្រជាជនកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងនឹងនាំមកនូវទឹកស្អាតប្រកបដោយសុវត្ថិភាពដល់ប្រជាជនខ្មែររាប់ពាន់គ្រួសារ។ វាក៏នឹងផ្តល់លទ្ធភាពទទួលបានទឹកស្អាតដែលអាចទុកចិត្តបានសម្រាប់ឧស្សាហកម្មកម្ពុជា ព្រមទាំងបង្កើតឱកាសការងារថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ សហភាពអឺរ៉ុបមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគម្រោងវិនិយោគដ៏ធំនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា»  នេះគឺជាការលើកឡើងរបស់លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូត​នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា៕

ប្រភពរូបភាពដោយ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

Cambodia’s future largest water treatment plant is now 90% completedCambodia’s future largest water treatment plant is now 90% completed