ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជាសម្រេចបាន ៩០% បើយោងតាមការប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) នៅក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់ទឹកស្អាតក្រោមបាតទន្លេសាបដោយប្រើប្រាស់ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច។ ម៉ាស៊ីននេះនឹងខួងដាក់បំពង់ទឹក អង្កត់ផ្ចិត២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងនឹងបង្កើនសមត្ថភាពផលិតជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺពី 0,៦ ទៅ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បាននិងកំពុងប្រឈមមុខនឹងតម្រូវការទឹកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០១០ ដោយសារការរីកចម្រើនដ៏ខ្លាំងនៃវិស័យសំណង់ និងកំណើនប្រជាជន។ បន្ទាប់ពីបង្កើនសមត្ថភាពផលិតទឹករបស់ខ្លួនទ្វេដងរវាងឆ្នាំ២០១២ និង២០១៧ បច្ចុប្បន្ន PPWSA មានគោលដៅរក្សាការផ្គត់ផ្គង់ទឹកដល់អតិថិជនចាស់របស់ខ្លួនព្រមទាំងពង្រីកតំបន់សេវាកម្មនៅទូទាំងរាជធានីនៅឆ្នាំ២០២៥ ដោយមានការគាំទ្ររួមគ្នាពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU)។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេដែលបានកំណត់ក្នុងផែនការមេទី៣ ឆ្នាំ២០១៦- ២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ៣៩០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដោយសាងសង់ជា២ដំណាក់កាល។ សមត្ថភាពផលិតទឹកបន្ថែមនេះនឹងមានបរិមាណគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកបច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ ដែលប៉ាន់ស្មានថាមានចំនួន ២០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅរដូវប្រាំង។ ពីរឆ្នាំបន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាលទី១នៃគម្រោងសម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ ២០២៣។ រោងចក្រនេះនឹងមានសមត្ថភាពផលិតពេញលេញបន្ទាប់ពីបញ្ចប់ការសាងសង់ដំណាក់កាលទី២មួយឆ្នាំក្រោយ។
គម្រោងនេះត្រូវបានគាំទ្រដោយឥណទានចំនួនពីររបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ក្នុងទំហំទឹកប្រាក់ ១៧៧.៣ លានអឺរ៉ូ ព្រមទាំងឥណទាន ១០០លានអឺរ៉ូពីធនាគារវិនិយោគអឺរ៉ុប និងជំនួយឥតសំណងចំនួន ១៣លានអឺរ៉ូពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី និងការវិនិយោគផ្ទាល់របស់ PPWSA ចំនួន ៨០លានដុល្លារ។ ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបគឺផ្តោតជាពិសេសលើការផ្គត់ផ្គង់ទឹកទៅកាន់សហគមន៍ក្រីក្រនៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។
ក្នុងពិធីបើកការដ្ឋានលោក Rémy Rioux អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD បានលើកឡើងថា៖ «ទីភ្នាក់ងារ AFD មានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាប្រវត្តិសាស្ត្រជាមួយរដ្ឋាករទឹក PPWSA ជាង២០ឆ្នាំកន្លងទៅនេះ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាឧទាហរណ៍ដ៏ល្អមួយសម្រាប់បង្ហាញអំពីរបៀបដែលក្រុមអឺរ៉ុបអាចផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរួមគ្នាជាមួយជំនាញដ៏ទំនើប។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃការសាងសង់ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើម ដោយសារការខិតខំរបស់ថ្នាក់ដឹកនាំ PPWSA រួមសហការជាមួយក្រុមហ៊ុន Vinci Grand Projets និង Safège។ ខ្ញុំសូមឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះដើម្បីបញ្ជាក់ជាថ្មីពីការគាំទ្រដ៏ខ្លាំងក្លារបស់ខ្ញុំចំពោះ PPWSA ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន៖ គឺផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ»។
ចំណែកឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក PPWSA វិញបានមានប្រសាសន៍ថា៖ «ដោយសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប PPWSA បានបន្តអភិវឌ្ឍ ជួសជុល និងពង្រីករោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ។ បន្ទាប់ពីការបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងក្នុងឆ្នាំ២០២៤ សមត្ថភាពផលិតរបស់យើងនឹងកើនឡើងពី ០.៦ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ សមត្ថភាពនេះនឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការទឹក ដោយសារការពង្រីករាជធានីភ្នំពេញនៅគ្រប់ទីកន្លែង។ គម្រោងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ ៦.១.១ នៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ៩៦%នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅលើផែនការ ៩៥%ត្រឹមឆ្នាំ២០២៣ ព្រមទាំងជួយឱ្យកម្ពុជាសម្រេចបានគោលដៅក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។
លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលថ្ងៃនេះយើងបានបោះជំហានទៅមុខបន្ថែមទៀតក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានគោលដៅធានាថា ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ។ នេះគឺជាអ្វីមួយដែលយើងហៅថាសិទ្ធិរបស់មនុស្សមិនមែនជាបុព្វសិទ្ធិទេ។ ជាមួយដៃគូរបស់យើងមកពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ សហភាពអឺរ៉ុប និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យើងកំពុងរួមគ្នាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។ កិច្ចសហការគ្នានេះនឹងជួយឱ្យយើងផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពនៅកន្លែងណាដែលមានតម្រូវការបំផុត»។
«ខ្ញុំរីករាយដែលមានវត្តមាននៅក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់ទឹកស្អាតក្រោមបាតទន្លេសាបនៅថ្ងៃនេះ។ វាគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅរាជធានីភ្នំពេញ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងបានប្រមូលផ្តុំក្រុមអឺរ៉ុបក្នុងក្របខ័ណ្ឌ Global Gateway ជុំវិញគោលបំណងរួមមួយ គឺរួមចំណែកដល់វិបុលភាពសេដ្ឋកិច្ចរបស់ប្រទេស និងប្រជាជនកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងនឹងនាំមកនូវទឹកស្អាតប្រកបដោយសុវត្ថិភាពដល់ប្រជាជនខ្មែររាប់ពាន់គ្រួសារ។ វាក៏នឹងផ្តល់លទ្ធភាពទទួលបានទឹកស្អាតដែលអាចទុកចិត្តបានសម្រាប់ឧស្សាហកម្មកម្ពុជា ព្រមទាំងបង្កើតឱកាសការងារថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ សហភាពអឺរ៉ុបមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគម្រោងវិនិយោគដ៏ធំនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា» នេះគឺជាការលើកឡើងរបស់លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា៕
ប្រភពរូបភាពដោយ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា