ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ៖ ល្ងាចថ្ងៃច័ន្ទ ទី២០ ខែកុម្ភៈ ​នេះ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ហៅកាត់ថា (AFD) ប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជានៅស្ថានទូតបារាំងដោយមានការចូលរួម​ពី​តំណាងជាន់ខ្ពស់របស់រាជ​រដ្ឋាភិបាលកម្ពុជា និងស្ថាប័នដៃគូព្រមទាំងវត្តមានលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង លោក រ៉េមី រីយូ ​អគ្គនាយកទីភ្នាក់ងារ (AFD) និងលោកស្រី សង់ឌ្រីន ប៊ូសេ នាយិកាទីភ្នាក់ងារ (AFD) ប្រចាំកម្ពុជា។ តាមរយៈកម្មវិធីឆ្លុះបញ្ចាំងឱ្យឃើញចំណងមិត្តភាពដ៏ល្អរវាងបារាំង និងកម្ពុជា ពិធីខួបនេះ គឺជាឱកាសមួយនៃការពិនិត្យមើលសារជាថ្មីនូវជោគជ័យនានាដែលសម្រេចបានក្នុងអំឡុង ៣០ឆ្នាំកន្លងមក និងសម្លឹងមើលទៅអនាគត។

ភ្នាក់ងារសម្រាប់អភិវឌ្ឍន៍ (AFD) គឺជាដៃគូប្រកបដោយទំនុកចិត្តរបស់កម្ពុជាចាប់តាំងពីការបើកដំណើរការសារ​ជាថ្មីរបស់ខ្លួន ហើយក្នុងអំឡុងពេល៣០ឆ្នាំបានផ្តល់ហិរញ្ញប្បទានប្រមាណ ៩០០លានអឺរ៉ូសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ការការពារបរិស្ថាន និងជីវៈចម្រុះ ថាមពល ទឹក និងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការគាំទ្រ រយៈពេលវែងនេះបានជួយកែលម្អលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់​ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋមួយលាននាក់នៅរាជធានីភ្នំពេញបានតភ្ជាប់បណ្តាញទឹកស្អាតក៏ដូចជាលទ្ធភាពទទួលបានអគ្គិសនីនៅតាមបណ្តាខេត្តដាច់ស្រយាលនានា ដោយមានលំនៅដ្ឋានចំនួន ១៦៥,០០០ បានតភ្ជាប់បណ្តាញអគ្គិសនី។ ចាប់តាំងពីឆ្នាំ២០១៧ សកម្មភាពរបស់ទីភ្នាក់ងារ (AFD) បានកើនឡើងយ៉ាងលឿន ដោយការផ្តល់ហិញ្ញប្បទានមានការកើនឡើង ៥០% បើធៀបទៅនឹងហិរញ្ញប្បទានផ្តល់ឱ្យក្រោយឆ្នាំ១៩៩៣។ ការផ្តល់ហិរញ្ញប្បទានថ្មីៗ របស់ក្រុមទីភ្នាក់ងារ​ (AFD) នឹងបន្តក្នុងឆ្នាំខាងមុខដោយមានទឹក​ប្រាក់១០០ ទៅ១៥០លានអឺរ៉ូក្នុងមួយឆ្នាំ។ ដោយធ្វើការកៀរគររួមគ្នាជាមួយក្រុមអឺរ៉ុប (Team Europe) ទីភ្នាក់​ងារ (AFD) ចូលរួមយ៉ាងសកម្មក្នុងការគាំទ្ររបស់អឺរ៉ុបក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

AFD CELEBRATES 30 YEARS OF OPERATION IN CAMBODIA
ទីភ្នាក់ងារ AFD «ជាមួយដៃគូផ្សេងទៀត» នៅកម្ពុជា

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាលោក​ រ៉េមី រីយូ  អគ្គនាយកទីភ្នាក់ងារ (AFD) បានជួបជាមួយ​តួអង្គសំខាន់ៗ នៃកាអភិវឌ្ឍដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមទីភ្នាក់ងារ​ (AFD)។ ក្រុមទីភ្នាក់ងារ​ (AFD) បំពេញការងារដោយជិតស្និទ្ធជាមួយក្រសួងជាច្រើន ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលសម្របសម្រួលការផ្តល់ហិរញ្ញប្បទានផ្តល់ដោយទីភ្នាក់ងារ (AFD) ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ក៏ដូចជាសហគ្រាសសាធារណៈរួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អគ្គិសនីកម្ពុជា ស្ថាប័នហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល។ តួអង្គ​ទាំងនេះសុទ្ធសឹងជាដៃគូប្រកបដោយទំនុកចិត្តដែលក្រុមទីភ្នាក់ងារ​ (AFD) មានក្តីរីករាយក្នុងការជួយជ្រោមជ្រែងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក រីយូ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ខួប៣០ឆ្នាំនៃដំណើរការរបស់ទីភ្នាក់ងារ (AFD) នៅកម្ពុជាត្រូវបានរៀបចំឡើងអមដោយព្រឹត្តិការណ៍ជាច្រើនដែលឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពដែលត្រូវបានធ្វើឡើងនៅកម្ពុជារួមមានការបើកសម្ពោធពិព័រណ៍រូបថត «ទីភ្នាក់​ងារ AFD៖ ៣០ឆ្នាំនៃសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»​ ដែលត្រូវបានដាក់តាំងនៅលើជញ្ជាំងស្ថានទូតបារាំង។ ទន្ទឹមនឹងនេះដែរ ប្រិយមិត្តដែលបានចូលរួមអាចស្វែងយល់អំពីពិព័រណ៍រូបថតនៅក្នុងឧទ្យាននៃនិវេសនដ្ឋាន បញ្ជីមុខម្ហូបបង្កើតឡើងដោយមេចុងភៅនៃស្ថានទូតបារាំងដើម្បីលើកស្ទួយម៉ាកសម្គាល់​ទីតាំងភូមិសាស្រ្ត ស្តង់ចែកចាយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងពិព័រណ៍ស្តីពីគម្រោង​នានារបស់សាលាហ្វាពន្លឺសិល្បៈ។

AFD CELEBRATES 30 YEARS OF OPERATION IN CAMBODIA
ពិធីមួយ និងពេលវេលាសំខាន់បែឆ្ពោះទៅរកអនាគត

ពិធីខាងលើបានបង្ហាញអំពីប្រធានបទនៃការផ្លាស់ប្តូរថាមពលប្រកបដោយភាពត្រឹមត្រូវនៅកម្ពុជា ជាពិសេសឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ រួមទាំងកិច្ចសហការថ្មីៗ ស្តីពីអភិបាលកិច្ចសាធារណៈស្តីពីអាកាសធាតុ និងការគាំពារសង្គមដែលមានលក្ខណៈសមស្រប។ ការប្រារព្ធខួបរបស់ទីភ្នាក់ងារ (AFD) គឺជាឱកាសបែឆ្ពោះទៅរកអនាគត និងយុវជន ដោយលើកតម្កើងសារសំខាន់នៃផែនទីគម្រោងស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ទីភ្នាក់ងារ (AFD) ធ្វើឡើងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាដៃគូសំខាន់របស់ក្រុមទីភ្នាក់ងារ​ (AFD) នៅកម្ពុជា។ ពិធីប្រារព្ធខួបនេះក៏ជាឱកាសនៃជំនួបជាមួយយុវជនស្ម័គ្រចិត្តអន្តរជាតិកម្ពុជា សម្រាប់ព្រឹត្តិការអូឡាំពិកប៉ារីស៍២០២៤ ​ផងដែរ។

ជាងនេះទៅទៀតក្នុងអំឡុងព្រឹត្តិការណ៍ខាងលើក៏មានការប្រគល់វិញ្ញាបនប័ត្រ MobiliseYourCity ជូនដល់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។ បន្ថែមលើព្រឹត្តិការណ៍ទាំងពីរនេះ មានពិធីបើកការដ្ឋានខួងដាក់បំពង់ទឹក​ស្អាតក្រោមបាតទន្លេសាប​ដោយប្រើប្រាស់​ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច ក្នុងក្របខ័ណ្ឌគម្រោងបាក់ខែងដ៏ធំ​ ដែលផ្តល់សហ ហិរញ្ញប្បទានដោយ (AFD) សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ព្រមទាំងមានការរៀបចំសន្និសីទស្តីពីអភិបាលកិច្ចសាធារណៈស្តីពីអាកាស​ធាតុ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច  និងហិញ្ញវត្ថុ ការចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានជាមួយបេឡាជាតិសន្តិសុខសង្គមស្តីពីការអនុវត្តគម្រោង ពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើភាពជាដៃគូរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គិសនីកម្ពុជា និងសាកលវិទ្យាល័យ Grenoble Alpes ដើម្បីដាក់ឱ្យដំណើរការវេទិកាស្រាវជ្រាវសម្រាប់បម្លាស់ប្តូរថាមពល។ នៅទីបញ្ចប់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់សកម្មភាពរបស់ Expertise France នៅកម្ពុជា ដែលបើកផ្លូវដល់ការពង្រីកសកម្មភាពរបស់ស្ថាប័នបុត្រសម្ព័ន្ធរបស់ (AFD) នៅកម្ពុជានេះ៕

ប្រភពរូបភាពដោយ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

AFD CELEBRATES 30 YEARS OF OPERATION IN CAMBODIA