គម្រោងសាកល្បង «អាហារល្អ សាលាល្អ អនាគតល្អបវររុងរឿង»

ភ្នំពេញ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Helen Keller បានធ្វើការរួមគ្នារៀបចំសិក្ខាសាលាស្តីអំពីគោលការណ៍ណែនាំ និងឧបករណ៍សម្រាប់លើកកម្ពស់បរិយាកាសចំណីអាហារនៅតាមសាលារៀនតាមរយៈគម្រោងសាកល្បងដែលមានឈ្មោះថា «អាហារល្អ សាលាល្អ អនាគតល្អបវររុងរឿង »

គម្រោងសាកល្បងនឹងត្រូវបានអនុវត្តឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធប្រើវិធីសាស្ត្រមួយឈ្មោះថា «វិធីសាស្ត្រការពិភាក្សាស៊ីជម្រៅលើចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស» ដើម្បីរួមចំណែកពង្រឹងការអនុវត្តសារាចរណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារតាមសាលារៀន។

Pilot project Good food, good school, good future, prosperityគម្រោងត្រូវអនុវត្តនៅសាលាបឋមសិក្សាចំនួនបីក្នុងខេត្តកំពង់ស្ពឺរួមមាន សាលាបឋមសិក្សា ជង្រុក សុវណ្ណគិរី និងត្រពាំងធំ។ តាមរយៈបទពិសោធន៍សាកល្បងទាំង ៣សាលាមានគោលកាណ៍ណែនាំមួយដើម្បីដាក់ឱ្យអនុវត្តនៅសាលា បឋមសិក្សានៅទូទាំងប្រទេសកម្ពុជា។

សិក្ខាសាលាបានស្នើសុំការពិគ្រោះយោបល់ពីអង្គការ ស្ថាប័នពាក់ពន្ធ័នានាជួយផ្តល់ជាយោបល់ និងដាក់ធាតុចូលបន្ថែម លើចំណុចខ្វះខាត និងការកែតម្រូវដោយបង្កើតឧបករណ៍ងាយៗ ដែលនឹងជួយឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការពង្រីកនូវការប្រើប្រាស់វិធីសាស្ត្រនៅតាមសាលាបឋមសិក្សា ដើម្បីជួយដោះស្រាយបញ្ហាអាហារសម្រន់មិនល្អមានលក់នៅតាមសាលារៀន ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។

Pilot project Good food, good school, good future, prosperityគោលការណ៍ណែនាំត្រូវចងក្រងជាឯកសារគោលការណ៍មួយឈ្មោះថា «គោលការណ៍ណែនាំ និងឧបករណ៍សម្រាប់លើកកម្ពស់បរិយាកាសចំណីអាហារនៅតាមសាលារៀន» សម្រាប់ឱ្យសាលារៀនមានការចាប់អារម្មណ៍លើគោលការណ៍ណែនាំ និងការអនុវត្តឱ្យបានប្រសើរឡើងនូវចំណីអាហារ និងអាហារសម្រន់ដែលដាក់លក់តាមសាលារៀន។

អត្រានៃ​ការឡើងទម្ងន់ និងជំងឺធាត់ចំពោះកុមារកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបណ្តាលមកពីការប្រើប្រាស់អាហារសម្រន់កញ្ចប់មានជាតិ អំបិល ស្ករ និងខ្លាញ់ខ្ពស់ និងមានសារជាតិចិញ្ចឹមតិចតួចមានលក់កាន់តែច្រើនឡើងនៅតាមសាលារៀន។ ការបរិភោគអាហារសម្រន់កញ្ចប់ដែលគ្មានគុណភាព និងសុវត្ថិភាពនឹងបណ្តាលឱ្យសិស្សសាលាបឋមសិក្សាមានបញ្ហាសុខភាព កង្វះអាហារូបត្ថម្ភ ស្លេកស្លាំងដែលធ្វើឱ្យប៉ះពាល់សតិបញ្ញាស្មារតី និងការរៀនសូត្រផងដែរ។

Pilot project Good food, good school, good future, prosperityនៅកម្ពុជាកុមារអាយុចាប់ពី ៥ដល់១៩ឆ្នាំចំនួនប្រមាណជាង ១ភាគ៨ មានបញ្ហាឡើងទម្ងន់ និងជំងឺធាត់ ហើយនិន្នាការនេះគឺនៅតែបន្តកើនឡើងជាលំដាប់។ ចំនួន ២ភាគ៣ នៃការស្លាប់នៅកម្ពុជា គឺបណ្តាលមកពីជំងឺមិនឆ្លងដែលភាគច្រើនមានជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារ។

រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាជំងឺមិនឆ្លង គឺធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងគម្រាមគំហែងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ទារក និងកុមារកម្ពុជាញាំអាហារកញ្ចប់ និងភេស្ជជៈដែលផលិតចេញពីរោងចក្រស្ទើតែគ្រប់គ្នា។

Pilot project Good food, good school, good future, prosperityការសិក្សាបានរកឃើញថា កុមារភាគច្រើនបំផុតត្រូវបានមាតាបិតាផ្តល់លុយជារៀងរាល់ថ្ងៃដើម្បីទិញអាហារសម្រន់ទាំងនោះ។ អាហារសម្រន់មិនល្អចំពោះសុខភាពដែលដាក់លក់តាមសាលារៀនធ្វើឱ្យសិស្សងាយស្រួលទិញ ប៉ុន្តែនឹងជម្រុញឱ្យមានការលើសទម្ងន់ និងជំងឺធាត់ក្នុងចំណោមសិស្សសាលាព្រមទាំងបង្កើតទម្លាប់អាក្រក់ក្នុងការបរិភោគអាហារនេះនៅពេលកុមារពេញវ័យ។ ដំណោះស្រាយថ្មីមួយសម្រាប់ណែនាំដល់សហគមន៍ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ និងដើម្បីផ្តល់ជម្រើសអាហារល្អដល់សិស្សសាលានៅកម្ពុជា៕

រូបថតដោយ៖ Helen Keller International-Cambodia

Pilot project Good food, good school, good future, prosperity