បទ​យក​ការណ៍​​៖ ​បញ្ហា​ជីវភាព​និង​សាលា​រៀន​ឆ្ងាយ​បាន​បង្ខំ​ឱ្យ​សិស្ស​ខ្លះ​ក្នុង​ខេត្ត​ក្រចេះ​បោះបង់​ចោល​ការ​សិក្សា​ទាំង​វ័យ​ក្មេង​

ក្រុមគ្រួសារប្រឈមនឹងបញ្ហាជីវភាពគួបផ្សំនឹងសាលារៀននៅឆ្ងាយពីផ្ទះបានបណ្តាឱ្យកុមារជាច្រើនបោះបង់ចោលការសិក្សាទាំងវ័យក្មេង ហើយធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេងៗ ខណៈដែលអាជ្ញាធរលើកឡើងថា បញ្ហានេះកើតឡើងដោយសារក្រុមគ្រួសារព្យាយាមអូសទាញកូនៗ ឱ្យឈប់រៀនដើម្បីរកប្រាក់ជួយគ្រួសារ។

ក្នុងសម្លៀកបំពាក់អាវវាលក្លៀកពណ៌សរ និងស្លៀកសារ៉ុងពណ៌ប៉ៃតងចាស់តាមបែបដូនចាស់ជនបទ ដៃខាងស្តាំកំពុងតែកូរត្រាវដែលបានដាក់ស្ងោរនៅផ្ទះបាយខាងក្រោយអ្នកស្រី​ ទេព វឹម ជាជនជាតិដើមភាគតិចកួយ មានអាយុ ៧៥ឆ្នាំ បានរៀបរាប់ប្រាប់ថា ចៅស្រីរបស់គាត់ទើបតែឈប់រៀនប្រហែលជាងមួយខែ និងធ្វើចំណាកស្រុកទៅធ្វើការជាអ្នករត់តុនៅខេត្តព្រះសីហនុ។ ​

ដូនចាស់រស់នៅភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ រូបនេះបានសង្កត់ធ្ងន់ថា ចៅស្រីរបស់គាត់មានអាយុទើបតែ​ ១៦ឆ្នាំ និងបានបោះបង់ចោលការសិក្សានៅថ្នាក់ទី៩ ដោយសារកត្តាជីវភាពក្រីក្រ និងសាលារៀននៅឆ្ងាយពីផ្ទះផង។ អ្នកស្រីមើលឃើញថា មានក្មេងៗ ជាច្រើនក៏បានបោះបង់ចោលការសិក្សាដូចទៅនឹងចៅស្រីរបស់គាត់ដែរ ​ក្រោមហេតុផលស្រដៀងៗ គ្នា។

អ្នកស្រី ទេព វឹម បាននិយាយថា៖ «អើយមូលហេតុអី មូលហេតុវាអត់លុយ មានពីណាអ្នករកលុយនោះ! ព្រឹកលុយ ល្ងាចលុយ អឺ! ព្រឹកលុយ អឺទៅរៀន ហើយបានពីណារក​ ហើយខ្ញុំចាស់ហើយ។ ខ្ញុំទៅរកអីម្ហែម្ហូបអ៊ីចេះនេះ […] ច្រើន…! ក្មេងៗ ទៅច្រើនណាស់ ក្នុងចំណោមនេះមិនមែនតិចទេទៅ ចាំមើលណា ខាងលិច ខាងកើត ខាងជើងនោះ ទាំងប្រុស ទាំងស្រី​ សុទ្ធតែរៀនហើយនោះ​ទី១០ ទី៩ ដូចគ្នាឯង»។

livelihoods-and-distant-schooling-force-some-students-in-kratie-to-drop-out-of-school-at-a-young-age
អ្នកស្រី ទេព វឹម កំពុងតែស្ងោរត្រាវនៅផ្ទះបាយក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ រូបថតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

ដោយមើលឃើញបញ្ហាដែលកំពុងតែកើតមានអ្នកស្រី ទេព វឹម ​មិនចង់ឃើញក្មេងឈប់រៀនទាំងវ័យក្មេង និងធ្វើចំណាកស្រុកជាបន្តបន្ទាប់ ដូច្នេះឡើយ។ អ្នកស្រីយល់ឃើញថា ប្រសិនបើមានសាលារៀននៅក្បែរផ្ទះ ពិតជាជួយសម្រួល និងជំរុញ​ឱ្យក្មេងៗ ទៅសាលារៀន ដោយហេតុថាសាលាអនុវិទ្យាល័យ ហ៊ុន សែន កន្ទួតមានចំងាយឆ្ងាយពីភូមិ។

អ្នកស្រីបន្ថែមថា៖ «អ៊ឹម! អ៊ូ…ចេះតែចង់បានហើយ មិនដឹងធ្វើឡាម៉េចទេ ស្រេចតែគេ អឺ…មានកូនមានចៅក្រោយៗ ខ្ញុំចប់ហើយ អ៊ូ! មិនថាអ៊ីចុះ អស់កូន អស់ចៅហើយ […] ហ្នឹងហើយវាអត់លុយហ្នឹងណា សុទ្ធតែអ្នកមានពេកអ៊ីចឹងណា ខ្ញុំនិយាយឱ្យអស់ទៅ សុទ្ធតែអ្នកមាន មាន! អឺ…វារៀនវាចេះរបស់វា វាអត់មានថាធ្លាក់អីទេ ប៉ុន្តែវាមានពេក»។

ចំណែកឯកូនស្រីរបស់លោក​ ហ៊ន ខុន​ នៅភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានបោះបង់ចោលការសិក្សានៅអាយុ ១៧ឆ្នាំ ត្រឹមថា្នក់ទី៩ និងបានចាកចេញពីផ្ទះមកធ្វើការជាកម្មការិនីរោងចក្រ​ក្រណាត់នៅទីក្រុងភ្នំពេញកាលពីជាងពីឆ្នាំមុន​។ លោកបានលើកឡើងថាដោយសារកត្តាជីវភាពខ្វះខាត និងបំណុលធនាគារទើបលោកសម្រេចចិត្តឱ្យស្រី និងកូនប្រុសមានវ័យ១៧ឆ្នាំ ឈប់រៀនធ្វើការងាររោងចក្រជួយរកប្រាក់ដោះស្រាយបំណុលធនាគារដែលលោកបានចេញមុខធានាឱ្យគេ។

បុរស់វ័យ ៤០ឆ្នាំ បាននិយាយថា៖ «មកពីមូលហេតុជីវភាពខ្វះខាត ខ្វះលុយខ្វះអីអ៊ីចឹងណា ខ្វះកាក់គ្រប់គ្រងគ្រួសារ ដើម្បីឱ្យមានជីវភាពធូរធាទៅមុខ ទើបឱ្យកូនចេញពីផ្ទះទៅធ្វើការនៅស្រុកគេ​ [ទីក្រុងភ្នំពេញ]។ ខ្ញុំមានប៉ុណ្ណឹង ខ្វះខាតដែរ […] រាល់ថ្ងៃហ្នឹងនៅមានជាប់ធនាគារ រាល់ថ្ងៃហ្នឹងមានជាប់»។

ក្នុងនាមជាឪពុកបើទោះបីជាជួបការលំបាកខ្វះខាតជីវភាពយ៉ាងណាក្តី លោកក៏បានជំរុញលើកទឹកចិត្តកូនឱ្យបន្តការសិក្សា ប៉ុន្តែហាក់បីដូចជាមិនសមប្រកប ពីព្រោះកូនគាត់បានចម្រេចចិត្តឈប់រៀនដោយខ្លួនឯង និងចាកពីផ្ទះទាំងវ័យក្មេងដើម្បីស្វែងរការងារធ្វើ។

លោកបន្ថែមថា៖ «ជំរុញទៀតដែលតា ឈប់ធ្វើអីកូន! ពុកខ្ញុំអត់ទៅរួចទេផ្លូវឆ្ងាយណាស់ពុក ហុយដីផងអីផង ខោអាវទំរាំទៅដល់ ពីនេះទៅកន្ទួតមិនទៅជិតប៉ុន្មាន វាឆ្ងាយដែរ ស៊ូបំផុតទើបអាចបានទៅរៀន អ្នកដែលមិនស៊ូ ជីវភាពយើងខ្វះខាតទៀតរឹតតែ ហ្នឹងពិបាកបំផុត អាហ្នឹងសម្រាប់សង្គមគ្រួសារខ្ញុំ»។

លោក​ ហ៊ន ខុន បង្ហាញការយល់ឃើញដូចទៅនឹងអ្នកស្រី​ ទេព វឹម ថា ប្រសិនជាមានសាលារៀននៅក្នុងតំបន់ក្មេងៗ អាចបន្តការសិក្សា​បានច្រើនជាងនេះ ដោយមិនតម្រូវធ្វើដំណើរផ្លូវឆ្ងាយ និងចំណាយថវិកាចាក់សាំងជារៀងរាល់ថ្ងៃ។

លោកថា៖ «ចង់បាន! ចង់បានណាស់អ្នកគ្រូ ចង់បានបំផុត យល់ឃើញថាបើមានសាលានៅជិតយើងកូនចៅ ក្មួយៗ ក្មេងៗ នៅតូចៗ ធំ ក៏វាស្រួលរៀនដែរ។ តែបើឆ្ងាយដូចកូនស្រីខ្ញុំវាទៅរៀនដល់កន្ទួត ដល់ពេលអ៊ីចឹងវាឆ្ងាយ ជីវភាពយើងសូម្បីតែលុយចាក់សាំងក៏ខ្វះដែរណា ខ្វះអ៊ីចឹងបានជាទៅអត់រួច ដល់ពេលអ៊ីចឹងកូនក៏ងាកថាឈប់រៀនហើយ វាមកពីអ៊ីចឹងដែរ»។

livelihoods-and-distant-schooling-force-some-students-in-kratie-to-drop-out-of-school-at-a-young-age
លោក ហ៊ន ខុន កំពុងតែអង្គុយផ្តល់ព័ត៌មានឱ្យអ្នកសារព័ត៌មាននៅក្រោមផ្ទះរបស់លោកក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ រូបថតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

រីឯលោក អេង ស្នា អាយុ៣៨ មុខរបរជាកសិករ មានកូន ៤នាក់ក្នុងបន្ទុក​ នៅភូមិស្គរ​ ឃុំថ្មី ស្រុកចិត្របុរី​ ខេត្តក្រចេះ បាននិយាយថា ដោយសារតែបញ្ហាជួបការលំបាកជាមួយមុខរបរជាកសិករមិនអំណោយផល លោកបានឱ្យកូនៗ​ ឈប់រៀនជាបន្តបន្ទាប់ ដោយកូនប្រុសគាត់ឈប់រៀននៅអាយុ ១៥ឆ្នាំនិងចាកចេញពីផ្ទះទៅធ្វើការនៅក្រុមហ៊ុនទឹកសុទ្ធនៃទីរួមខេត្តក្រចេះ។

លោក អេង ស្នា និយាយថា៖ «បោះបង់កាលហ្នឹង ណាមួយអត់សូវមានមុខរបររកទៀតហ្នឹង។ កូនខ្ញុំបន្ទាប់ពីឈប់រៀនហ្នឹងមក ណ៎វាទៅក្រចេះ ទៅក្រចេះហ្នឹងធ្វើទឹកសុទ្ធ ធ្វើការទឹកសុទ្ធដើរលក់ទឹកសុទ្ធជាមួយនឹងក្រុមហ៊ុនហ្នឹងណា»។

បុរសសម្បុរខ្មៅស្រអែមរូបនេះ បានចាត់ទុកថា កត្តាដែលក្មេងៗ បោះបង់ចោលការសិក្សា និងចំណាកស្រុកក្នុងតំបន់ជាបន្តបន្ទាប់ ដោយសា​រថ្នាក់ដឹកនាំមិនសូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ លោកថា ថ្នាក់ដឹកនាំគួរតែចុះទៅពិនិត្យមើលពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អេង ស្នា សង្កត់ធ្ងន់ថា៖ «បើតាមខ្ញុំគិតមក មកពីអ្នកដឹកនាំ បើអ្នកដឹកនាំមកសាងសង់សាលាជិតផ្ទះ ឬក៏ជិតនេះ។ អាហ្នឹងក្មេងអាចអត់ឈប់រៀនបានទេ រៀនរហូតហ្មង។ អានេះ​សាលាម៉ាយោជន៍ដីឆ្ងាយ។ អ៊ីចឹងមកពីអ្នកដឹកនាំហ្នឹង ឱ្យគាត់ស្វែងយល់ប្រជាពលរដ្ឋបន្តិច»។

livelihoods-and-distant-schooling-force-some-students-in-kratie-to-drop-out-of-school-at-a-young-age
លោក អេង ស្នា ផ្តល់ព័ត៌មានឱ្យអ្នកសារព័ត៌មានក្នុងនៅភូមិស្គរ ឧបក្សសម្ព័ន្ធចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ រូបថតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ ក្នុងខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា សាលាបឋមសិក្សានៅកម្ពុជាបានកើនឡើងពីចំនួន ៧ ៧១៦ (សាលារដ្ឋ ៧ ២២៨ និងឯកជន៤៨៨) ក្នុងឆ្នាំសិក្សា២០១៨ -២០១៩ ដល់ចំនួន ៧ ៨៤៣សាលា (សាលារដ្ឋ ៧ ៣០៤ និងឯកជន ៥៣៩) ក្នុងឆ្នាំសិក្សា ២០២០-២០២១។

មេឃុំថ្មី លោក មុំ ខាំ ទទួលស្គាល់ថា មាន​កុមារឬក្មេងវ័យជំទង់ជាច្រើន បោះចង់ចោលការសិក្សា និងធ្វើចំណាកស្រុកតិចតួចនៅក្នុងតំបន់លោកគ្រប់គ្រង។ លោកថាបញ្ហានេះ គឺដោយសារកត្តាជីវភាព និងការអូសទាញកម្លាំងពលកម្មពីឪពូកម្តាយពួកគេ។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានបានសហការជាមួយ​ក្រសួងអប់រំ​បានខិតខំប្រឹប្រែងជំរុញឱ្យក្មេងៗ ឱ្យបានចូលរៀនចាប់ពីអាយុ៦ រហូតដល់ថ្នាក់ទី១២។

លោក មុំ ខាំ បន្តថា៖ «បាទ! ត្រឹម្រូវហើយ អាហ្នឹងហើយដែលយើងខិតខំជំរុញខាងផ្នែកអប់រំហ្នឹងឱ្យគាត់ ឱ្យប្រជាពលរដ្ឋចូលរួម ជំរុញដល់កុមារចាប់ពីអាយុ៦ឆ្នាំ រហូតដល់១២ ឱ្យខិតខំសិក្សារៀនសូត្រហ្នឹងណា ខិតខំអំពាវនាវហ្នឹងណា ខិតខំជំរុញហ្នឹងណាតាមភូមិនីមួយៗ […] ក្នុងនាមអាជ្ញាធរ​ភូមិ ឃុំហ្នឹងទាំងអស់ហ្នឹង ទាំងការអប់រំខិតខំជំរុញឪពុកម្តាយ​ ខិតខំកុំឱ្យអូសទាញកូនប្រកបមុខរបរខ្លាំងពេក។ យើងត្រូវជំរុញគាត់ឱ្យខិតខំសិក្សារៀនសូត្របានយកចំណេះបានច្រើន»។

លោកបានបន្ថែមថា ឃុំថ្មីមានសាលាអនុវិទ្យាល័យមានជ័យ ដែលមិនសូវជាឆ្ងាយពីភូមិប៉ុន្មាននោះទេ ដូច្នេះអាចជួយសម្រួលដល់ក្មេងៗ បានរៀនសូត្រត្រឹមអនុវិទ្យាល័យ។​ លោកទទួលស្គាល់ថា សាលាវិទ្យាល័យ ហ៊ុន សែន កន្ទួត ពិតជាមានចម្ងាយឆ្ងាយពីតំបន់របស់ប្រជាពលរដ្ឋរស់នៅប្រហែលជា ៣០គីឡូម៉ែត្រ ទៅ ៤០គីឡូម៉ែត្រ។ អ្វីដែលចោទជាបញ្ហាខ្លាំង គឺលោក សង្កេតឃើញថា ដោយសារកត្តាជីវភាព និងកម្រិតចំណេះដឹងរបស់ឪពុកម្តាយ ទើបបានជាធ្វើឱ្យកុមារទាំងនោះឈប់រៀនទាំងវ័យក្មេង។

លោកថា៖ «ប៉ុន្តែអ៊ីចេះសូមបញ្ជាក់ជូនអ្នកគ្រូថា អាវិទ្យាល័យហ្នឹងបើយើងគិតពីចម្ងាយវាមិនឆ្ងាយទេប៉ុន្មានទេ ប៉ុន្តែទីពីរ គឺជីវភាពគាត់ដូចថាមធ្យោបាយចុះឡើងហ្នឹងណាគ្រូ […] ប្រជាពលរដ្ឋយើងនៅមានកម្រិតការយល់ដឹងរបស់គាត់អ៊ីចឹងបាទ! ទីមួយខ្វះថវិកា ទីពីរខ្វះមធ្យោបាយថ្វើដំណើរចុះឡើង»។

livelihoods-and-distant-schooling-force-some-students-in-kratie-to-drop-out-of-school-at-a-young-age
សាលាអនុវិទ្យាល័យមានជ័យភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ រូបថតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

តាមអង្គការយូនីសេហ្វ(UNICEF) ការអប់រំប្រកបដោយគុណភាព និងបំណិនជីវិត​សម្រាប់កុមារគ្រប់រូប បានផ្តល់ជាដំណោះស្រាយថា ការពង្រឹងភាពជាអ្នកដឹកនាំ គុណភាព និងការបង្រៀន និងការកសាងបរិស្ថានសាលារៀនដែលធ្វើ​ឱ្យកុមារមានសុខភាពល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយឱ្យបញ្ជូនកូនៗ ពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្ស​ឱ្យបន្តរៀនសូត្រ។ យូនីសេហ្វបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូដទៃទៀត ដើម្បីធានាយ៉ាងណា​ឱ្យកុមារអាចទៅរៀន និងបន្តរៀនបាន ហើយសំខាន់ជាងនេះទៀតគឺដើម្បីធានាថា ពួកគេអាចរៀនសូត្រប្រកបដោយគុណភាព។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន បានបង្ហាញការយល់ឃើញថា ដោយសារកត្តាជីវភាព​ និងកត្តាសង្គមបានធ្វើឱ្យក្មេងៗ បោះបង់ការសិក្សា និងចំណាកស្រុកទៅធ្វើនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា រហូតចំណាកស្រុកទៅក្រៅប្រទេសផងដែរ។

លោក ធីម ហ៊ន បានលើកឡើងថា៖ «ធ្វើចំណាកស្រុក ដែលគាត់កំពុងតែនៅក្នុងវ័យសិក្សា វាទាក់ទងទៅនឹងកត្តាជីវភាព កត្តាសង្គមដែរអ៊ីចឹងណា។ អ៊ីចឹងផ្តោតសំខាន់កត្តាពីរហ្នឹងដែលឱ្យគាត់បោះបង់ចោលការសិក្សាធ្វើការចំណាកស្រុក ហើយទាក់ទងទៅនឹងកត្តាបំណុល គាត់មានការខ្វះខាត​​ ដើម្បីយកមកផ្គត់ផ្គងគ្រួសារ»។

លោកបានផ្តល់ជាអនុសាសន៍ថា បញ្ហានេះវាជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលដើម្បីដោះស្រាយ ហើយរដ្ឋត្រូវតែពង្រីងគុណភាពមនុស្សដោយសារតែប្រជាពលរដ្ឋ គឺជាកោសិកាសង្គមដែលត្រូវការអប់រំដើម្បីអភិវឌ្ឍន៍ប្រទេស។

លោក ធីម ហ៊ន បន្ថែមថា៖ «ខ្ញុំយល់ឃើញថា ការទទួលខុសត្រូវរបស់រដ្ឋដែរ ដោយសារតែប្រជាពលរដ្ឋគាត់រស់នៅ នៅពេលដែលគាត់មិនមានលទ្ធភាពនៅក្នុងការបន្តការសិក្សា មានតែគាត់បោះបង់ចោលការសិក្សាដើម្បីចំណាកស្រុក ទៅរកប្រាក់ដើម្បីមកផ្កត់ផ្គង់ជីវភាពគ្រួសារគាត់»។

livelihoods-and-distant-schooling-force-some-students-in-kratie-to-drop-out-of-school-at-a-young-age
អ្នកស្រី ទេព វឹម កំពុងតែអង្គុយនៅក្នុងកូនផ្ទះឈើរបស់អ្នកស្រីក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ រូបថតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

ងាកមកអ្នកស្រី ទេព វឹម បានដកង្ហើមធំ ដោយសារអាណិតចៅស្រីដែលបោះបង់ចោលការសិក្សាទាំងវ័យក្មេង។

អ្នកស្រីនិយាយថា៖ «សុទ្ធតែអ្នករៀនហើយ ប៉ុន្តែវាមិនដឹងបានលុយមកពីណា​ គ្រូថាខោអាវ មិនដឹងបានពីណានឹងកាត់អ៊ីចឹង។ បានថាវាពិបាកចិត្តណាស់ មិនចង់ទៅទេ ថាចោលខ្ញុំ ហ៊ឹម! លក់មាន់ទេទៅនោះ»៕