ក្រុមគ្រួសារប្រឈមនឹងបញ្ហាជីវភាពគួបផ្សំនឹងសាលារៀននៅឆ្ងាយពីផ្ទះបានបណ្តាឱ្យកុមារជាច្រើនបោះបង់ចោលការសិក្សាទាំងវ័យក្មេង ហើយធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេងៗ ខណៈដែលអាជ្ញាធរលើកឡើងថា បញ្ហានេះកើតឡើងដោយសារក្រុមគ្រួសារព្យាយាមអូសទាញកូនៗ ឱ្យឈប់រៀនដើម្បីរកប្រាក់ជួយគ្រួសារ។
ក្នុងសម្លៀកបំពាក់អាវវាលក្លៀកពណ៌សរ និងស្លៀកសារ៉ុងពណ៌ប៉ៃតងចាស់តាមបែបដូនចាស់ជនបទ ដៃខាងស្តាំកំពុងតែកូរត្រាវដែលបានដាក់ស្ងោរនៅផ្ទះបាយខាងក្រោយអ្នកស្រី ទេព វឹម ជាជនជាតិដើមភាគតិចកួយ មានអាយុ ៧៥ឆ្នាំ បានរៀបរាប់ប្រាប់ថា ចៅស្រីរបស់គាត់ទើបតែឈប់រៀនប្រហែលជាងមួយខែ និងធ្វើចំណាកស្រុកទៅធ្វើការជាអ្នករត់តុនៅខេត្តព្រះសីហនុ។
ដូនចាស់រស់នៅភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ រូបនេះបានសង្កត់ធ្ងន់ថា ចៅស្រីរបស់គាត់មានអាយុទើបតែ ១៦ឆ្នាំ និងបានបោះបង់ចោលការសិក្សានៅថ្នាក់ទី៩ ដោយសារកត្តាជីវភាពក្រីក្រ និងសាលារៀននៅឆ្ងាយពីផ្ទះផង។ អ្នកស្រីមើលឃើញថា មានក្មេងៗ ជាច្រើនក៏បានបោះបង់ចោលការសិក្សាដូចទៅនឹងចៅស្រីរបស់គាត់ដែរ ក្រោមហេតុផលស្រដៀងៗ គ្នា។
អ្នកស្រី ទេព វឹម បាននិយាយថា៖ «អើយមូលហេតុអី មូលហេតុវាអត់លុយ មានពីណាអ្នករកលុយនោះ! ព្រឹកលុយ ល្ងាចលុយ អឺ! ព្រឹកលុយ អឺទៅរៀន ហើយបានពីណារក ហើយខ្ញុំចាស់ហើយ។ ខ្ញុំទៅរកអីម្ហែម្ហូបអ៊ីចេះនេះ […] ច្រើន…! ក្មេងៗ ទៅច្រើនណាស់ ក្នុងចំណោមនេះមិនមែនតិចទេទៅ ចាំមើលណា ខាងលិច ខាងកើត ខាងជើងនោះ ទាំងប្រុស ទាំងស្រី សុទ្ធតែរៀនហើយនោះទី១០ ទី៩ ដូចគ្នាឯង»។
ដោយមើលឃើញបញ្ហាដែលកំពុងតែកើតមានអ្នកស្រី ទេព វឹម មិនចង់ឃើញក្មេងឈប់រៀនទាំងវ័យក្មេង និងធ្វើចំណាកស្រុកជាបន្តបន្ទាប់ ដូច្នេះឡើយ។ អ្នកស្រីយល់ឃើញថា ប្រសិនបើមានសាលារៀននៅក្បែរផ្ទះ ពិតជាជួយសម្រួល និងជំរុញឱ្យក្មេងៗ ទៅសាលារៀន ដោយហេតុថាសាលាអនុវិទ្យាល័យ ហ៊ុន សែន កន្ទួតមានចំងាយឆ្ងាយពីភូមិ។
អ្នកស្រីបន្ថែមថា៖ «អ៊ឹម! អ៊ូ…ចេះតែចង់បានហើយ មិនដឹងធ្វើឡាម៉េចទេ ស្រេចតែគេ អឺ…មានកូនមានចៅក្រោយៗ ខ្ញុំចប់ហើយ អ៊ូ! មិនថាអ៊ីចុះ អស់កូន អស់ចៅហើយ […] ហ្នឹងហើយវាអត់លុយហ្នឹងណា សុទ្ធតែអ្នកមានពេកអ៊ីចឹងណា ខ្ញុំនិយាយឱ្យអស់ទៅ សុទ្ធតែអ្នកមាន មាន! អឺ…វារៀនវាចេះរបស់វា វាអត់មានថាធ្លាក់អីទេ ប៉ុន្តែវាមានពេក»។
ចំណែកឯកូនស្រីរបស់លោក ហ៊ន ខុន នៅភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានបោះបង់ចោលការសិក្សានៅអាយុ ១៧ឆ្នាំ ត្រឹមថា្នក់ទី៩ និងបានចាកចេញពីផ្ទះមកធ្វើការជាកម្មការិនីរោងចក្រក្រណាត់នៅទីក្រុងភ្នំពេញកាលពីជាងពីឆ្នាំមុន។ លោកបានលើកឡើងថាដោយសារកត្តាជីវភាពខ្វះខាត និងបំណុលធនាគារទើបលោកសម្រេចចិត្តឱ្យស្រី និងកូនប្រុសមានវ័យ១៧ឆ្នាំ ឈប់រៀនធ្វើការងាររោងចក្រជួយរកប្រាក់ដោះស្រាយបំណុលធនាគារដែលលោកបានចេញមុខធានាឱ្យគេ។
បុរស់វ័យ ៤០ឆ្នាំ បាននិយាយថា៖ «មកពីមូលហេតុជីវភាពខ្វះខាត ខ្វះលុយខ្វះអីអ៊ីចឹងណា ខ្វះកាក់គ្រប់គ្រងគ្រួសារ ដើម្បីឱ្យមានជីវភាពធូរធាទៅមុខ ទើបឱ្យកូនចេញពីផ្ទះទៅធ្វើការនៅស្រុកគេ [ទីក្រុងភ្នំពេញ]។ ខ្ញុំមានប៉ុណ្ណឹង ខ្វះខាតដែរ […] រាល់ថ្ងៃហ្នឹងនៅមានជាប់ធនាគារ រាល់ថ្ងៃហ្នឹងមានជាប់»។
ក្នុងនាមជាឪពុកបើទោះបីជាជួបការលំបាកខ្វះខាតជីវភាពយ៉ាងណាក្តី លោកក៏បានជំរុញលើកទឹកចិត្តកូនឱ្យបន្តការសិក្សា ប៉ុន្តែហាក់បីដូចជាមិនសមប្រកប ពីព្រោះកូនគាត់បានចម្រេចចិត្តឈប់រៀនដោយខ្លួនឯង និងចាកពីផ្ទះទាំងវ័យក្មេងដើម្បីស្វែងរការងារធ្វើ។
លោកបន្ថែមថា៖ «ជំរុញទៀតដែលតា ឈប់ធ្វើអីកូន! ពុកខ្ញុំអត់ទៅរួចទេផ្លូវឆ្ងាយណាស់ពុក ហុយដីផងអីផង ខោអាវទំរាំទៅដល់ ពីនេះទៅកន្ទួតមិនទៅជិតប៉ុន្មាន វាឆ្ងាយដែរ ស៊ូបំផុតទើបអាចបានទៅរៀន អ្នកដែលមិនស៊ូ ជីវភាពយើងខ្វះខាតទៀតរឹតតែ ហ្នឹងពិបាកបំផុត អាហ្នឹងសម្រាប់សង្គមគ្រួសារខ្ញុំ»។
លោក ហ៊ន ខុន បង្ហាញការយល់ឃើញដូចទៅនឹងអ្នកស្រី ទេព វឹម ថា ប្រសិនជាមានសាលារៀននៅក្នុងតំបន់ក្មេងៗ អាចបន្តការសិក្សាបានច្រើនជាងនេះ ដោយមិនតម្រូវធ្វើដំណើរផ្លូវឆ្ងាយ និងចំណាយថវិកាចាក់សាំងជារៀងរាល់ថ្ងៃ។
លោកថា៖ «ចង់បាន! ចង់បានណាស់អ្នកគ្រូ ចង់បានបំផុត យល់ឃើញថាបើមានសាលានៅជិតយើងកូនចៅ ក្មួយៗ ក្មេងៗ នៅតូចៗ ធំ ក៏វាស្រួលរៀនដែរ។ តែបើឆ្ងាយដូចកូនស្រីខ្ញុំវាទៅរៀនដល់កន្ទួត ដល់ពេលអ៊ីចឹងវាឆ្ងាយ ជីវភាពយើងសូម្បីតែលុយចាក់សាំងក៏ខ្វះដែរណា ខ្វះអ៊ីចឹងបានជាទៅអត់រួច ដល់ពេលអ៊ីចឹងកូនក៏ងាកថាឈប់រៀនហើយ វាមកពីអ៊ីចឹងដែរ»។
រីឯលោក អេង ស្នា អាយុ៣៨ មុខរបរជាកសិករ មានកូន ៤នាក់ក្នុងបន្ទុក នៅភូមិស្គរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បាននិយាយថា ដោយសារតែបញ្ហាជួបការលំបាកជាមួយមុខរបរជាកសិករមិនអំណោយផល លោកបានឱ្យកូនៗ ឈប់រៀនជាបន្តបន្ទាប់ ដោយកូនប្រុសគាត់ឈប់រៀននៅអាយុ ១៥ឆ្នាំនិងចាកចេញពីផ្ទះទៅធ្វើការនៅក្រុមហ៊ុនទឹកសុទ្ធនៃទីរួមខេត្តក្រចេះ។
លោក អេង ស្នា និយាយថា៖ «បោះបង់កាលហ្នឹង ណាមួយអត់សូវមានមុខរបររកទៀតហ្នឹង។ កូនខ្ញុំបន្ទាប់ពីឈប់រៀនហ្នឹងមក ណ៎វាទៅក្រចេះ ទៅក្រចេះហ្នឹងធ្វើទឹកសុទ្ធ ធ្វើការទឹកសុទ្ធដើរលក់ទឹកសុទ្ធជាមួយនឹងក្រុមហ៊ុនហ្នឹងណា»។
បុរសសម្បុរខ្មៅស្រអែមរូបនេះ បានចាត់ទុកថា កត្តាដែលក្មេងៗ បោះបង់ចោលការសិក្សា និងចំណាកស្រុកក្នុងតំបន់ជាបន្តបន្ទាប់ ដោយសារថ្នាក់ដឹកនាំមិនសូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ លោកថា ថ្នាក់ដឹកនាំគួរតែចុះទៅពិនិត្យមើលពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក អេង ស្នា សង្កត់ធ្ងន់ថា៖ «បើតាមខ្ញុំគិតមក មកពីអ្នកដឹកនាំ បើអ្នកដឹកនាំមកសាងសង់សាលាជិតផ្ទះ ឬក៏ជិតនេះ។ អាហ្នឹងក្មេងអាចអត់ឈប់រៀនបានទេ រៀនរហូតហ្មង។ អានេះសាលាម៉ាយោជន៍ដីឆ្ងាយ។ អ៊ីចឹងមកពីអ្នកដឹកនាំហ្នឹង ឱ្យគាត់ស្វែងយល់ប្រជាពលរដ្ឋបន្តិច»។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ ក្នុងខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា សាលាបឋមសិក្សានៅកម្ពុជាបានកើនឡើងពីចំនួន ៧ ៧១៦ (សាលារដ្ឋ ៧ ២២៨ និងឯកជន៤៨៨) ក្នុងឆ្នាំសិក្សា២០១៨ -២០១៩ ដល់ចំនួន ៧ ៨៤៣សាលា (សាលារដ្ឋ ៧ ៣០៤ និងឯកជន ៥៣៩) ក្នុងឆ្នាំសិក្សា ២០២០-២០២១។
មេឃុំថ្មី លោក មុំ ខាំ ទទួលស្គាល់ថា មានកុមារឬក្មេងវ័យជំទង់ជាច្រើន បោះចង់ចោលការសិក្សា និងធ្វើចំណាកស្រុកតិចតួចនៅក្នុងតំបន់លោកគ្រប់គ្រង។ លោកថាបញ្ហានេះ គឺដោយសារកត្តាជីវភាព និងការអូសទាញកម្លាំងពលកម្មពីឪពូកម្តាយពួកគេ។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានបានសហការជាមួយក្រសួងអប់រំបានខិតខំប្រឹប្រែងជំរុញឱ្យក្មេងៗ ឱ្យបានចូលរៀនចាប់ពីអាយុ៦ រហូតដល់ថ្នាក់ទី១២។
លោក មុំ ខាំ បន្តថា៖ «បាទ! ត្រឹម្រូវហើយ អាហ្នឹងហើយដែលយើងខិតខំជំរុញខាងផ្នែកអប់រំហ្នឹងឱ្យគាត់ ឱ្យប្រជាពលរដ្ឋចូលរួម ជំរុញដល់កុមារចាប់ពីអាយុ៦ឆ្នាំ រហូតដល់១២ ឱ្យខិតខំសិក្សារៀនសូត្រហ្នឹងណា ខិតខំអំពាវនាវហ្នឹងណា ខិតខំជំរុញហ្នឹងណាតាមភូមិនីមួយៗ […] ក្នុងនាមអាជ្ញាធរភូមិ ឃុំហ្នឹងទាំងអស់ហ្នឹង ទាំងការអប់រំខិតខំជំរុញឪពុកម្តាយ ខិតខំកុំឱ្យអូសទាញកូនប្រកបមុខរបរខ្លាំងពេក។ យើងត្រូវជំរុញគាត់ឱ្យខិតខំសិក្សារៀនសូត្របានយកចំណេះបានច្រើន»។
លោកបានបន្ថែមថា ឃុំថ្មីមានសាលាអនុវិទ្យាល័យមានជ័យ ដែលមិនសូវជាឆ្ងាយពីភូមិប៉ុន្មាននោះទេ ដូច្នេះអាចជួយសម្រួលដល់ក្មេងៗ បានរៀនសូត្រត្រឹមអនុវិទ្យាល័យ។ លោកទទួលស្គាល់ថា សាលាវិទ្យាល័យ ហ៊ុន សែន កន្ទួត ពិតជាមានចម្ងាយឆ្ងាយពីតំបន់របស់ប្រជាពលរដ្ឋរស់នៅប្រហែលជា ៣០គីឡូម៉ែត្រ ទៅ ៤០គីឡូម៉ែត្រ។ អ្វីដែលចោទជាបញ្ហាខ្លាំង គឺលោក សង្កេតឃើញថា ដោយសារកត្តាជីវភាព និងកម្រិតចំណេះដឹងរបស់ឪពុកម្តាយ ទើបបានជាធ្វើឱ្យកុមារទាំងនោះឈប់រៀនទាំងវ័យក្មេង។
លោកថា៖ «ប៉ុន្តែអ៊ីចេះសូមបញ្ជាក់ជូនអ្នកគ្រូថា អាវិទ្យាល័យហ្នឹងបើយើងគិតពីចម្ងាយវាមិនឆ្ងាយទេប៉ុន្មានទេ ប៉ុន្តែទីពីរ គឺជីវភាពគាត់ដូចថាមធ្យោបាយចុះឡើងហ្នឹងណាគ្រូ […] ប្រជាពលរដ្ឋយើងនៅមានកម្រិតការយល់ដឹងរបស់គាត់អ៊ីចឹងបាទ! ទីមួយខ្វះថវិកា ទីពីរខ្វះមធ្យោបាយថ្វើដំណើរចុះឡើង»។
តាមអង្គការយូនីសេហ្វ(UNICEF) ការអប់រំប្រកបដោយគុណភាព និងបំណិនជីវិតសម្រាប់កុមារគ្រប់រូប បានផ្តល់ជាដំណោះស្រាយថា ការពង្រឹងភាពជាអ្នកដឹកនាំ គុណភាព និងការបង្រៀន និងការកសាងបរិស្ថានសាលារៀនដែលធ្វើឱ្យកុមារមានសុខភាពល្អ ជួយជំរុញទឹកចិត្តឪពុកម្តាយឱ្យបញ្ជូនកូនៗ ពួកគេទៅសាលារៀន និងលើកទឹកចិត្តសិស្សឱ្យបន្តរៀនសូត្រ។ យូនីសេហ្វបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូដទៃទៀត ដើម្បីធានាយ៉ាងណាឱ្យកុមារអាចទៅរៀន និងបន្តរៀនបាន ហើយសំខាន់ជាងនេះទៀតគឺដើម្បីធានាថា ពួកគេអាចរៀនសូត្រប្រកបដោយគុណភាព។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន បានបង្ហាញការយល់ឃើញថា ដោយសារកត្តាជីវភាព និងកត្តាសង្គមបានធ្វើឱ្យក្មេងៗ បោះបង់ការសិក្សា និងចំណាកស្រុកទៅធ្វើនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា រហូតចំណាកស្រុកទៅក្រៅប្រទេសផងដែរ។
លោក ធីម ហ៊ន បានលើកឡើងថា៖ «ធ្វើចំណាកស្រុក ដែលគាត់កំពុងតែនៅក្នុងវ័យសិក្សា វាទាក់ទងទៅនឹងកត្តាជីវភាព កត្តាសង្គមដែរអ៊ីចឹងណា។ អ៊ីចឹងផ្តោតសំខាន់កត្តាពីរហ្នឹងដែលឱ្យគាត់បោះបង់ចោលការសិក្សាធ្វើការចំណាកស្រុក ហើយទាក់ទងទៅនឹងកត្តាបំណុល គាត់មានការខ្វះខាត ដើម្បីយកមកផ្គត់ផ្គងគ្រួសារ»។
លោកបានផ្តល់ជាអនុសាសន៍ថា បញ្ហានេះវាជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលដើម្បីដោះស្រាយ ហើយរដ្ឋត្រូវតែពង្រីងគុណភាពមនុស្សដោយសារតែប្រជាពលរដ្ឋ គឺជាកោសិកាសង្គមដែលត្រូវការអប់រំដើម្បីអភិវឌ្ឍន៍ប្រទេស។
លោក ធីម ហ៊ន បន្ថែមថា៖ «ខ្ញុំយល់ឃើញថា ការទទួលខុសត្រូវរបស់រដ្ឋដែរ ដោយសារតែប្រជាពលរដ្ឋគាត់រស់នៅ នៅពេលដែលគាត់មិនមានលទ្ធភាពនៅក្នុងការបន្តការសិក្សា មានតែគាត់បោះបង់ចោលការសិក្សាដើម្បីចំណាកស្រុក ទៅរកប្រាក់ដើម្បីមកផ្កត់ផ្គង់ជីវភាពគ្រួសារគាត់»។
ងាកមកអ្នកស្រី ទេព វឹម បានដកង្ហើមធំ ដោយសារអាណិតចៅស្រីដែលបោះបង់ចោលការសិក្សាទាំងវ័យក្មេង។
អ្នកស្រីនិយាយថា៖ «សុទ្ធតែអ្នករៀនហើយ ប៉ុន្តែវាមិនដឹងបានលុយមកពីណា គ្រូថាខោអាវ មិនដឹងបានពីណានឹងកាត់អ៊ីចឹង។ បានថាវាពិបាកចិត្តណាស់ មិនចង់ទៅទេ ថាចោលខ្ញុំ ហ៊ឹម! លក់មាន់ទេទៅនោះ»៕