បទ​យក​ការណ៍៖​ ​ពលរដ្ឋ​នៅ​ឃុំ​កាំងចាម​ស្រុក​ថាឡាបរិវ៉ាត់​ ត្អូញ​ត្អែរ​ពី​ការ​លំបាក​ធ្វើ​ដំណើរ​ដោយ​សារ​ផ្លូវ​ខូចខាត​

កំពុងតែបើករ៉ឺម៉កកង់បីឥណ្ឌាដឹកភ្ញៀវលើផ្លូវដែលមានដីហុយទ្រលោម និងមានជង្ហុកធំៗ ដោយកន្លែងផងនោះ ពលរដ្ឋ​មួយ​រូប​បាន​ត្អួញត្អែរពីការធ្វើដំណើរ និងមិនចង់ទទួលដឹកភ្ញៀវទៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដោយសារផ្លូវពិបាកធ្វើដំណើរខ្លាំងពេក។

បុរស់វ័យ ៣៩ឆ្នាំ មានសម្បុរខ្មៅស្រអែម ពាក់អាវយឺតពណ៌ក្រហមលាយឆ្នូតខ្មៅ និងពាក់មួក​ខ្មៅ ប្រកបរបរត់រ៉ឹម៉កកង់បីឥណ្ឌានៅក្នុង ខេត្តស្ទឹងត្រែងរយៈពេល ៨ឆ្នាំ លោក ម៉ាង ភារម្យ បានលើកឡើងថា ប្រសិនបើមានភ្លៀងធ្លាក់ម្តងៗ​ ផ្លូវទៅឃុំកាំងចាម គឹពិបាកធ្វើដំណើរ​ដោយសារតែផ្លូវរអិលខ្លាំង។ ចំណែកឯសិស្សសាលាវិញ ក៏ពិបាកធ្វើដំណើរទៅរៀនសូត្រផងដែរ។

លោក ម៉ាង ភារម្យ និយាយថា៖ «ឃើញផ្លូវហ្នឹងពិបាក មិនចង់មកទេផ្លូវហ្នឹង! វេទនា ពិបាក​ បើខែវស្សាចប់បណ្តាយ ខែវស្សាជិះមកអត់កើតទេ ជិះម៉ូតូក៏វេទនាដែរ​។ បើមេឃភ្ញៀវវិញ អ៊ូ!​ កូនសិស្សអត់មានជិះម៉ូតូ ជិះកង់អត់កើត មានតែដើរ! ដើរលាត់ជើងខោដើរ»។

លោកបន្ថែមថា ជាញឹកញាប់លោកតែងតែមកដឹកស្រ្តីមានផ្ទៃពោះនៅឃុំកាំងចាម មកសម្រាលកូនទៅនៅមន្ទីរពេទ្យក្នុងទីរួមខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ក៏ប៉ុន្តែមានពេលខ្លះមិនទាន់បានទៅដល់មន្ទីរពេទ្យផង ក៏ត្រូវសម្រាលនៅលើរ៉ឺម៉កកង់បី​របស់លោក។ ​

លោកបន្ថែមថា៖ «មានតាញឹកហ្នឹង។ ខ្ញុំមកដឹកគេមក គេឱ្យមកយក! ជួនកាលឆ្លងទន្លេពាក់កណ្តាលផ្លូវក៏មាន ជួនកាលទៅមិនដល់ពាក់កណ្តាលផ្លូវផងឆ្លងទនេ្លបាត់ហើយហ្នឹង!»។

លោក​យល់ឃើញថា កាលណាដែលផ្លូវមិនស្អាត ដីហ៊ុយ និងមានជង្ហុកច្រើនកន្លែងបែបនេះ គឺខាតពេលវេលា​ ហើយត្រូវចំណាយប្រាក់ច្រើន។ ដូច្នេះថ្នាក់ដឹកនាំគួរតែធ្វើផ្លូវចាក់បេតុងឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់កាំងចាមឱ្យល្អប្រសើរ។​

លោកស្នើថា៖ «នឹកឃើញខាតពេលវេលា! ហ្នឹងហើយបើនេះចង់ឱ្យថ្នាក់ភូមិ ឃុំហ្នឹងឱ្យគេធ្វើផ្លូវហ្នឹងឱ្យស្អាតតិចទៅ ដូចនៅខាងអូរីខាងអី ខាងថ្លា ខាងអីហ្នឹងចាក់ផ្លូវឡើងស្អាតចេស»។

citizens-in-kang-cham-commune-thala-borivat-district-complain-about-difficulties-traveling-due-to-damaged-roads
លោក ម៉ាង ភារម្យ កំពុងបើករម៉កកង់បីឥណ្ណាដឹកភ្ញៀវមកពីភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

មិនខុសពីលោក ម៉ាង ភារម្យ អ្នកស្រី ឡុន ឡាម មានវ័យ ៦៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅឃុំកាំងចាម ក៏បានត្អូញត្អែរពាក់ព័ន្ធនឹងផ្លូវដែលមានដីហ៊ុយ និងពិបាកធ្វើដំណើរនេះផងដែរ។ ​អ្នកស្រីលើកឡើងពាក់ព័ន្ធនឹងកត្តាប្រឈមរបស់ស្រី្តមានផ្ទៃពោះត្រូវធ្វើដំណើរទៅសម្រាលនៅទីរួមស្រុកថាឡាបរិវ៉ាត់ ឬក៏ទៅតាមមណ្ឌលសុខភាពនៅតំបន់ផ្សេងៗ ដែលឆ្ងាយពីផ្ទះ ម្យ៉ាងវិញទៀតកូនសិស្សពិបាកធ្វើដំណើរទៅសាលារៀន និងប៉ះពាល់សុខភាពរបស់ប្រជាជននៅក្នុងតំបន់។

អ្នកស្រី ឡុន ឡាម និយាយថា៖ «គឺមានការលំបាក លំបាកទីមួយកូនសិស្សហ្នឹងទៅរៀន គឺមានការហុយប្រលាក់អាវប្រលាក់អីអស់ ហើយវាក្រឡឹកក្រឡុកពិបាកជិះ។ ទីពីរទៀតស្រ្តីឆ្លងទន្លេទម្រាំនឹងដល់ក៏ពិបាកទៀត កើតតាមផ្លូវក៏មាន ឆ្លងទន្លេតាមផ្លូវក៏មាន តាមឡានក៏មាន តាមគោយន្តក៏មាន តាមម៉ូតូក៏មាន ចាស! ទៅអត់ដល់បើផ្លូវពិបាកពេក»។

អ្នកស្រីបានបន្ថែមថា កាលណា​ប្រជាពលរដ្ឋមិនមានផ្លូវស្អាតសម្រាប់ធ្វើដំណើរ គឺពិបាកក្នុងការរស់នៅ និងត្រូវការចំណាយពេលវេលាក្នុងការថែទាំផ្ទះសម្បែង​ ចំណាយថ្លៃភ្លើងក្នុងការបូមទឹកបាញ់ផ្លូវ ដើម្បីកុំឱ្យផ្លូវហុយខ្លាំងពេក។

អ្នកស្រីថា៖ «បាញ់ទៅកុំឱ្យវាហ៊ុយវាអីអ៊ីចឹងទៅណា។ យើងបាញ់ទឹកតាមផ្ទះតាមអីទៅ បើថាអត់បានបាញ់ ហ៊ូ! មួយថ្ងៃដឹងថាជូតពីរដងក៏មាន ចាសដីវាមកគ្របដណ្តប់នៅលើផ្ទះសំបែងរបស់យើង មានជញ្ចាំងមានអីបាំងក៏នៅតាមិនទ្រាំទេ អ្នកគ្រូអើយពិបាកណាស់»។

ងាកមកបញ្ហាសុខភាពវិញអ្នកស្រីក៏បានឆ្លៀតប្រាប់ដែរថា ពេលមានដីហុយម្តងៗ ត្រូវពាក់ម៉ាស់ទើបអាចទប់ស្កាត់បាន។ ប្រសិនបើមិន​ដូច្នោះទេ គឺដីហុយចូលភ្នែក ចូលច្រមុះអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។ ​

អ្នកស្រី ឡុន ឡាម បន្តថា៖ «សុខភាព ដីហុយក៏ហុយ បើថាមិនហ៊ុំម៉ាស់​ ហ៊ុំអី ហុយចូលច្រមុះអស់ហើយជិះទៅតាមផ្លូវ ទាល់តែពាក់ម៉ាស់បានអត់អី តែភ្នែកក៏ស្អិតអស់ដែរ។ សំណូមពរឱ្យអ្នកគ្រូជួយដើម្បីទំនាក់ទំនងទៅខាងលើទៀត ដើម្បីឱ្យគាត់ [ថ្នាក់ដឹកនាំ] ជួយធ្វើផ្លូវកុំឱ្យវាក្រឡុកក្រឡាក់ទីមួយ។ ទីពីរឱ្យធ្វើផ្លូវឱ្យបានដូចជាក្រាល់កៅស៊ូក្រាលអី ឱ្យបានប្រជាជនរស់នៅស្រួល កុំឱ្យហុយ កុំឱ្យពិបាកក្រឡេកក្រឡុក។

citizens-in-kang-cham-commune-thala-borivat-district-complain-about-difficulties-traveling-due-to-damaged-roads
រម៉កកង់បីឥណ្ណារបស់លោក ម៉ាង ភារម្យ កំពុងតែដឹកភ្ញៀវបើកបរលើផ្លូវដីក្រហមត្រលប់មកពីភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

លោក ដន លួន អាយុ ៧១ឆ្នាំ អតីតមេឃុំកាំងចាម កំពុងតែអង្គុយនៅតូបលក់អីវ៉ាន់គ្រឿងទេស​របស់កូនស្រីស្ថិតនៅក្បែរមាត់ផ្លូវ បានមានប្រសាសន៍​ថា ផ្លូវមាត់ទន្លេក្នុងឃុំកាំងចាមមានប្រវែ​ងប្រមាណ៥០គីឡូម៉ែត មានទីតាំងចាប់ពីស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ​​។

ផ្លូវដីប្រហមហុយទ្រលោមមួយខ្សែនេះ បានកើតឡើងនៅក្នុងអាណត្តិដែលលោកធ្វើជាមេឃុំកាំងចាម នាអំឡុងឆ្នាំ២០០៤។ បន្ទាប់​ឈប់ពីការងារជាមេឃុំ លោកសង្កេតឃើញថ្នាក់ដឹកនាំមិនទាន់មានយន្តការ​ក្នុងការអភិវឌ្ឍ​ផ្លូវនេះឱ្យបានប្រសើរនៅឡើយ ក្រៅពីជួសជុលតែកន្លែងណាដែលរងការខូចខាតខ្លាំង។ ​

លោក ដន លួន និយាយថា៖ «បើនិយាយពីលំបាក គឺមហាសែនលំបាក មិនត្រឹមតែលំបាកទេ គឺមហាសែនលំបាក តែអ្នកគ្រូអញ្ជើញមកថ្ងៃនេះគ្រាន់បើហើយ បានស្ងួត ព្រោះអត់មានភ្លៀង តែបើភ្លៀងដូចវស្សាមិញនេះ សុទ្ធតែទឹកភ្នែកហើយ»។

អតីតមេឃុំកាំងចាមម្នាក់នេះ​ឱ្យដឹងទៀតថា ប្រជាពលរដ្ឋក្នុងឃុំមានបញ្ហាសុខភាព និងភាគច្រើនមានជំងឺផ្តាស់សាយជាញឹកញយដោយសារតែបញ្ហាផ្លូវដីហុយខ្លាំងនេះ។​

លោកបន្ថែមថា៖ «បើនិយាយរឿងឈឺហ្នឹងរាប់មិនអស់ទេអ្នកគ្រូ ប្រជាពលរដ្ឋរាល់ថ្ងៃឈឺច្រើនណាស់។ អ៊ីចឹងបានថា ខ្ញុំមិនដឹងធ្វើម៉េចដែរ បើនិយាយពីរឿងឈឺ ឈឺហើយ ឈឺវាហួសពីឈឺហើយ […] នោះឯងផ្តាស់សាយ ដោយសាររឿងនេះឯង រឿងហុយនេះឯង»។

citizens-in-kang-cham-commune-thala-borivat-district-complain-about-difficulties-traveling-due-to-damaged-roads
លោក ដន លួន អតីតមេឃុំកាំងចាម កំពុងតែអង្គុយផ្តល់បទសម្កាសន៍ដល់អ្នកសារព័ត៌នៅក្នុងតូបលក់ឥវ៉ាន់ចាប់ហួយរបស់កូនស្រី។ រូបថតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

មេឃុំកាំងចាម លោក ឃឹម សុខា បាន​ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ផ្លូវមាត់ទន្លេកាំងចាម ពិតជាមានការខួចខាតខ្លាំង និងមានដាច់ដោយដុំៗ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងកាលពីរដូវស្សាដែលបានបណ្តាលឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។

លោក ឃឹម សុខា បានលើកឡើងថា៖ «អ៊ីចឹងគម្រោងតាមដងទន្លេមេគង្គ ដូចយើងបានឃើញហើយ សភាពលំបាកមែនទែន ដោយសារមានការភ្ញៀវធ្លាក់ខ្លាំងពីរដូវវស្សា ធ្វើឱ្យមានផ្លូវដាច់ខួចខាត ក្រឡុកក្រឡាក់វាច្រើន»។

លោក​បន្ថែមថា អាជ្ញាធរឃុំកាំងចាម និងឃុំអូររី បានធ្វើលិខិតដាក់ស្នើទៅកាន់អភិបាលស្រុក ហើយខាងស្រុកក៏បានរៀបចំដាក់ស្នើទៅអភិបាលខេត្តរួចរាល់​ហើយ ​ប៉ុន្តែលោកថា មិនទាន់មានវិធានការ​ណាមួយក្នុងការសាងសង់ផ្លូវទាំងនេះឱ្យបានឆាប់ៗនោះទេ។

លោកថា៖ «ឃុំកាំងចាម និងឃុំអូររី បានធ្វើសំណើដាក់ទៅអភិបាលស្រុក ហើយអភិបាលស្រុកបានដាក់ទៅឯកឧត្តមអភិបាលខេត្តរួចក្នុងរយៈពេលយូរដែរហើយ ហើយគម្រោងតាមមាត់ទន្លេរនេះ គឺជាគម្រោងរបស់ខេត្តបាទ។ អាហ្នឹងបាទ ខ្ញុំសូមជម្រាបជាគម្រោងរបស់ខេត្ត ដែលខេត្តត្រូវធ្វើ ប៉ុន្តែមិនដឹងថា…អឺ! គាត់ធ្វើថ្ងៃណាថ្ងៃណី ខ្ញុំមិនដឹងដែរបាទ»។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក ព្រំ ចាន់ថា បាន​ឱ្យដឹងថា ផ្លូវមាត់ទន្លេឃុំកាំងចាមមានប្រវែងជាង ៣០គីឡូ។ តំណាងឱ្យមន្ទីរអភិវឌ្ឍន៍បទខេត្តស្ទឹងត្រែង លោកធ្លាប់បានធ្វើការប្រកាសជាសារធារណៈកាលពីអំឡុងខែឧសភា ឬក៏ខែមិថុនាថ្មីៗនេះ ថា ផ្លូវមួយខែ្សនេះ បានដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ជនសម្រាប់ការអភិវឌ្ឍន័ក្នុងឆ្នាំ២០២៣។

citizens-in-kang-cham-commune-thala-borivat-district-complain-about-difficulties-traveling-due-to-damaged-roads
ស្ថានភាពផ្លូវធ្វើដំណើរនៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)

លោក ព្រំ ចាន់ថា បាននិយាយថា៖ «កាលពីវេទិការក្រុមប្រឹក្សាខ្ញុំបានប្រកាសរួចម្តងបង វេទិកាក្រុមប្រឹក្សា ពីព្រោះខ្ញុំបានដាក់ចូលនៅក្នុងគម្រោងផែនការប្រចាំឆ្នាំរបស់មន្ទីអភិវឌ្ឍន៍ជនបទរួចហើយ ហើយក្នុងប្រចាំឆ្នាំ២០២៣»។

លោកបន្ថែមថា សាលាខេត្តបានជួយថែទាំ និងជួសជុល ៨គីឡូម៉ែត ហើយមន្ទីរអភិវឌ្ឍន៍ជនទទួលថែទាំ ២២គីឡូម៉ែត្រ ជាគោលការណ៍មន្ទីរធ្វើការថែទាំបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ។

បើតាមលោក ព្រំ ចាន់ថា ផ្លូវមួយខ្សែនេះ កំពុងតែ​សិក្សា និងវាយតម្លៃ ដើម្បីសាងសង់ក្រាលកៅស៊ូដោយក្រុមចិននៅពេលខាងមុខ។ ​

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ​​យល់ឃើញថា បញ្ហាផ្លូវថ្នល់តាមភូមិ ឃុំ គឺជារឿងអាទិភាព និងជាតម្រូវការបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ លោកបន្តថា ប្រសិនបើមានផ្លូវស្អាតនឹងជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្សងាយស្រួលធ្វើដំណើរទៅសាលារៀន និងជួយជំរុញឱ្យស្រ្តីនៅតែបន្តការសិក្សាបានផងដែរ។

citizens-in-kang-cham-commune-thala-borivat-district-complain-about-difficulties-traveling-due-to-damaged-roadsលោក ប៉ិច ពិសី និយាយថា៖ «បាទខ្ញុំយល់ថាសម្រាប់ពលរដ្ឋដែលរស់នៅភូមិ រស់នៅតំមបន់ជនបទហ្នឹង បញ្ហាអទិភាពដែលពួកគាត់ចង់បាន គឺការធ្វើផ្លូវថ្នល់តាមភូមិ តាមឃុំហ្នឹងឱ្យស្រួលដើម្បីសម្រួលដល់ការធ្វើដំណើរ ធ្វើអាជីវកម្មរបស់គាត់ផង ហើយជាពិសេស គឺសម្រួលដល់ប្អូនៗ»។

លោកបន្ថែមថា នៅពេលដែលភូមិ ឃុំ​ មិនមានផ្លូវប្រើប្រាស់គ្រប់គ្រាន់ប្រជាពលរដ្ឋនឹងជួបឧបសគ្គជាច្រើន ជាពិសេស ​ស្រ្តីប្រឈមនឹងការបោះបង់ចោលការសិក្សា។ ​

លោកបន្ថែមថា៖ «ពិសេសក្មេងស្រីដែលគាត់ច្រើនតែឈប់រៀន គឺដោយសារបញ្ហាផ្លូវឆ្ងាយក៏មាន ការឆ្លងទឹកឆ្លងអីជាដើម ធ្វើឱ្យឪពុកម្តាយត្រូវធ្វើការបង្ខំអត់ឱ្យកូនស្រីទៅរៀនទេ អ៊ីចឹង គឺជាការចាំបាច់ដែរអជ្ញាធរឃុំ​ បើសិនជាមានថវិការគួរតែស្នើសុំធ្វើផ្លូវឱ្យបានសមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់ដាច់ស្រយោលហ្នឹង»។

ចំណែកឯប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ​​ បានបង្ហាញការយល់ឃើញថា ប្រជាពលរដ្ឋគួរតែទទួលបានសេវាសាធារណៈដែលផ្តល់ដោយរដ្ឋ ​រួមមានដូចជាសេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងសាលារៀន។

​លោក សន ជ័យ បន្តថា៖ «បាទតាមពិតទៅសុខមាភាពរបស់មនុស្សគ្រប់រូប គឺជាសេចក្តីប្រាថ្នាមួយដែលមនុស្សគ្រប់គ្នាចង់បាន។ អ៊ីចឹងដើម្បីធានាបាននូវសុខមាភាពរបស់ពលរដ្ឋ បីចំណុចខាងលើគួរតែកើតមាន»។

លោក សន ជ័យ ក៏បានផ្តល់ជាដំណោះស្រាយ​ថា តួរអង្គពីរដែលអាចសហការ​គ្នាដោះស្រាយបញ្ហាកំពុងតែប្រឈមនេះបាន ដោយ​ទីមួយ គឺប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយោល និង​ទីពីរ គឺក្រសួងអភិវឌ្ឍន៍ជនបទ។

លោក សន ជ័យ៖ «ដំណោះស្រាយនេះយើងមើលឃើញតួអង្គពីរដែលសំខាន់ ទីមួយឃុំដែលស្ថិតនៅតំបន់ដែលមានភាពដាច់ស្រយោល ទីពីរជាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ អ៊ីចឹង! យើងចង់ឃើញការសហការណ៍គ្នាអន្តរវិស័យ ដើម្បីជួយទៅដល់ ដើម្បីបង្កើនឱ្យមានសុខមាភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍»។

citizens-in-kang-cham-commune-thala-borivat-district-complain-about-difficulties-traveling-due-to-damaged-roadsរាជរដ្ឋាភិបាល​តាមរយៈ​ការ​អនុវត្ដ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ (២០២១-២០៣០) ឆ្នាំ​២០២២ បាន​បង្កើន​ការវិភាគ​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដល់​ជាង​ ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រដ្ឋបាល​ក្រុង​-​ស្រុក នីមួយៗ​ទទួល​បានជា​មធ្យម​ ៥៧ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ និងឃុំ​-​សង្កាត់​នីមួយៗ​ ទទួលបាន​ ១២ ៧០០០ដុល្លារ​ក្នុងមួយឆ្នាំ​។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកស្តីពី «ហិរញ្ញប្បទានពីធនាគាពិភពលោកនឹងជួយធ្វើឱ្យប្រសើរឡើងនូវភាពធន់ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុនៃផ្លូវជនបទកម្ពុជាដែលខូចខាតដោយសារទឹកជំនន់» កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះបានឱ្យដឹងថា កម្ពុជា​ជា​ប្រទេសមួយងាយរងគ្រោះពីផល​ប៉ះពាល់​​អវិជ្ជមាន​​​នានា ​ដែល​បណ្តាល​មក​ពីការ​ប្រែ​ប្រួលអា​កាស​ធាតុក្នុង​នោះ​ក៏មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ផងដែរ​។ ការ​ខូច​ខាតផ្នែក​នានា​នៅ​លើ​បណ្តាញ​ផ្លូវ​អាច​ធ្វើ​ឱ្យជីវភាពពលរដ្ឋនៅទីជនបទ​ជួបការលំបាក និង​បង្ក​ឧបសគ្គដល់​លទ្ធភាព​ទទួល​បាន​សេវា​សាធារណៈ​ជា​មូលដ្ឋាន​ មាន​ដូច​ជា​ទីផ្សារ, សាលារៀន និង​មន្ទីរពេទ្យជាដើម។

ងាកមកអ្នកស្រី ឡុន ឡាម ជាស្រ្តីដែលមានដើមកំណើតនៅឃុំកាំងចាម​បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំបន្ថែមថា៖ «សំណូមពរអ្នក [ថ្នាក់ដឹកនាំ] ដើម្បីឱ្យជួយធ្វើមណ្ឌលសុខភាព មានពេទ្យមានអីឱ្យបានមកជួយដល់ប្រជាជន កុំឱ្យប្រជាជនកាន់លំបាករឿងពេទ្យ ឱ្យពេទ្យមកដើម្បីជួយសន្តោសប្រោះប្រណីដល់ប្រជាជន»៕