កំពុងតែបើករ៉ឺម៉កកង់បីឥណ្ឌាដឹកភ្ញៀវលើផ្លូវដែលមានដីហុយទ្រលោម និងមានជង្ហុកធំៗ ដោយកន្លែងផងនោះ ពលរដ្ឋមួយរូបបានត្អួញត្អែរពីការធ្វើដំណើរ និងមិនចង់ទទួលដឹកភ្ញៀវទៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដោយសារផ្លូវពិបាកធ្វើដំណើរខ្លាំងពេក។
បុរស់វ័យ ៣៩ឆ្នាំ មានសម្បុរខ្មៅស្រអែម ពាក់អាវយឺតពណ៌ក្រហមលាយឆ្នូតខ្មៅ និងពាក់មួកខ្មៅ ប្រកបរបរត់រ៉ឹម៉កកង់បីឥណ្ឌានៅក្នុង ខេត្តស្ទឹងត្រែងរយៈពេល ៨ឆ្នាំ លោក ម៉ាង ភារម្យ បានលើកឡើងថា ប្រសិនបើមានភ្លៀងធ្លាក់ម្តងៗ ផ្លូវទៅឃុំកាំងចាម គឹពិបាកធ្វើដំណើរដោយសារតែផ្លូវរអិលខ្លាំង។ ចំណែកឯសិស្សសាលាវិញ ក៏ពិបាកធ្វើដំណើរទៅរៀនសូត្រផងដែរ។
លោក ម៉ាង ភារម្យ និយាយថា៖ «ឃើញផ្លូវហ្នឹងពិបាក មិនចង់មកទេផ្លូវហ្នឹង! វេទនា ពិបាក បើខែវស្សាចប់បណ្តាយ ខែវស្សាជិះមកអត់កើតទេ ជិះម៉ូតូក៏វេទនាដែរ។ បើមេឃភ្ញៀវវិញ អ៊ូ! កូនសិស្សអត់មានជិះម៉ូតូ ជិះកង់អត់កើត មានតែដើរ! ដើរលាត់ជើងខោដើរ»។
លោកបន្ថែមថា ជាញឹកញាប់លោកតែងតែមកដឹកស្រ្តីមានផ្ទៃពោះនៅឃុំកាំងចាម មកសម្រាលកូនទៅនៅមន្ទីរពេទ្យក្នុងទីរួមខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ក៏ប៉ុន្តែមានពេលខ្លះមិនទាន់បានទៅដល់មន្ទីរពេទ្យផង ក៏ត្រូវសម្រាលនៅលើរ៉ឺម៉កកង់បីរបស់លោក។
លោកបន្ថែមថា៖ «មានតាញឹកហ្នឹង។ ខ្ញុំមកដឹកគេមក គេឱ្យមកយក! ជួនកាលឆ្លងទន្លេពាក់កណ្តាលផ្លូវក៏មាន ជួនកាលទៅមិនដល់ពាក់កណ្តាលផ្លូវផងឆ្លងទនេ្លបាត់ហើយហ្នឹង!»។
លោកយល់ឃើញថា កាលណាដែលផ្លូវមិនស្អាត ដីហ៊ុយ និងមានជង្ហុកច្រើនកន្លែងបែបនេះ គឺខាតពេលវេលា ហើយត្រូវចំណាយប្រាក់ច្រើន។ ដូច្នេះថ្នាក់ដឹកនាំគួរតែធ្វើផ្លូវចាក់បេតុងឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់កាំងចាមឱ្យល្អប្រសើរ។
លោកស្នើថា៖ «នឹកឃើញខាតពេលវេលា! ហ្នឹងហើយបើនេះចង់ឱ្យថ្នាក់ភូមិ ឃុំហ្នឹងឱ្យគេធ្វើផ្លូវហ្នឹងឱ្យស្អាតតិចទៅ ដូចនៅខាងអូរីខាងអី ខាងថ្លា ខាងអីហ្នឹងចាក់ផ្លូវឡើងស្អាតចេស»។
មិនខុសពីលោក ម៉ាង ភារម្យ អ្នកស្រី ឡុន ឡាម មានវ័យ ៦៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅឃុំកាំងចាម ក៏បានត្អូញត្អែរពាក់ព័ន្ធនឹងផ្លូវដែលមានដីហ៊ុយ និងពិបាកធ្វើដំណើរនេះផងដែរ។ អ្នកស្រីលើកឡើងពាក់ព័ន្ធនឹងកត្តាប្រឈមរបស់ស្រី្តមានផ្ទៃពោះត្រូវធ្វើដំណើរទៅសម្រាលនៅទីរួមស្រុកថាឡាបរិវ៉ាត់ ឬក៏ទៅតាមមណ្ឌលសុខភាពនៅតំបន់ផ្សេងៗ ដែលឆ្ងាយពីផ្ទះ ម្យ៉ាងវិញទៀតកូនសិស្សពិបាកធ្វើដំណើរទៅសាលារៀន និងប៉ះពាល់សុខភាពរបស់ប្រជាជននៅក្នុងតំបន់។
អ្នកស្រី ឡុន ឡាម និយាយថា៖ «គឺមានការលំបាក លំបាកទីមួយកូនសិស្សហ្នឹងទៅរៀន គឺមានការហុយប្រលាក់អាវប្រលាក់អីអស់ ហើយវាក្រឡឹកក្រឡុកពិបាកជិះ។ ទីពីរទៀតស្រ្តីឆ្លងទន្លេទម្រាំនឹងដល់ក៏ពិបាកទៀត កើតតាមផ្លូវក៏មាន ឆ្លងទន្លេតាមផ្លូវក៏មាន តាមឡានក៏មាន តាមគោយន្តក៏មាន តាមម៉ូតូក៏មាន ចាស! ទៅអត់ដល់បើផ្លូវពិបាកពេក»។
អ្នកស្រីបានបន្ថែមថា កាលណាប្រជាពលរដ្ឋមិនមានផ្លូវស្អាតសម្រាប់ធ្វើដំណើរ គឺពិបាកក្នុងការរស់នៅ និងត្រូវការចំណាយពេលវេលាក្នុងការថែទាំផ្ទះសម្បែង ចំណាយថ្លៃភ្លើងក្នុងការបូមទឹកបាញ់ផ្លូវ ដើម្បីកុំឱ្យផ្លូវហុយខ្លាំងពេក។
អ្នកស្រីថា៖ «បាញ់ទៅកុំឱ្យវាហ៊ុយវាអីអ៊ីចឹងទៅណា។ យើងបាញ់ទឹកតាមផ្ទះតាមអីទៅ បើថាអត់បានបាញ់ ហ៊ូ! មួយថ្ងៃដឹងថាជូតពីរដងក៏មាន ចាសដីវាមកគ្របដណ្តប់នៅលើផ្ទះសំបែងរបស់យើង មានជញ្ចាំងមានអីបាំងក៏នៅតាមិនទ្រាំទេ អ្នកគ្រូអើយពិបាកណាស់»។
ងាកមកបញ្ហាសុខភាពវិញអ្នកស្រីក៏បានឆ្លៀតប្រាប់ដែរថា ពេលមានដីហុយម្តងៗ ត្រូវពាក់ម៉ាស់ទើបអាចទប់ស្កាត់បាន។ ប្រសិនបើមិនដូច្នោះទេ គឺដីហុយចូលភ្នែក ចូលច្រមុះអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។
អ្នកស្រី ឡុន ឡាម បន្តថា៖ «សុខភាព ដីហុយក៏ហុយ បើថាមិនហ៊ុំម៉ាស់ ហ៊ុំអី ហុយចូលច្រមុះអស់ហើយជិះទៅតាមផ្លូវ ទាល់តែពាក់ម៉ាស់បានអត់អី តែភ្នែកក៏ស្អិតអស់ដែរ។ សំណូមពរឱ្យអ្នកគ្រូជួយដើម្បីទំនាក់ទំនងទៅខាងលើទៀត ដើម្បីឱ្យគាត់ [ថ្នាក់ដឹកនាំ] ជួយធ្វើផ្លូវកុំឱ្យវាក្រឡុកក្រឡាក់ទីមួយ។ ទីពីរឱ្យធ្វើផ្លូវឱ្យបានដូចជាក្រាល់កៅស៊ូក្រាលអី ឱ្យបានប្រជាជនរស់នៅស្រួល កុំឱ្យហុយ កុំឱ្យពិបាកក្រឡេកក្រឡុក។
លោក ដន លួន អាយុ ៧១ឆ្នាំ អតីតមេឃុំកាំងចាម កំពុងតែអង្គុយនៅតូបលក់អីវ៉ាន់គ្រឿងទេសរបស់កូនស្រីស្ថិតនៅក្បែរមាត់ផ្លូវ បានមានប្រសាសន៍ថា ផ្លូវមាត់ទន្លេក្នុងឃុំកាំងចាមមានប្រវែងប្រមាណ៥០គីឡូម៉ែត មានទីតាំងចាប់ពីស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ។
ផ្លូវដីប្រហមហុយទ្រលោមមួយខ្សែនេះ បានកើតឡើងនៅក្នុងអាណត្តិដែលលោកធ្វើជាមេឃុំកាំងចាម នាអំឡុងឆ្នាំ២០០៤។ បន្ទាប់ឈប់ពីការងារជាមេឃុំ លោកសង្កេតឃើញថ្នាក់ដឹកនាំមិនទាន់មានយន្តការក្នុងការអភិវឌ្ឍផ្លូវនេះឱ្យបានប្រសើរនៅឡើយ ក្រៅពីជួសជុលតែកន្លែងណាដែលរងការខូចខាតខ្លាំង។
លោក ដន លួន និយាយថា៖ «បើនិយាយពីលំបាក គឺមហាសែនលំបាក មិនត្រឹមតែលំបាកទេ គឺមហាសែនលំបាក តែអ្នកគ្រូអញ្ជើញមកថ្ងៃនេះគ្រាន់បើហើយ បានស្ងួត ព្រោះអត់មានភ្លៀង តែបើភ្លៀងដូចវស្សាមិញនេះ សុទ្ធតែទឹកភ្នែកហើយ»។
អតីតមេឃុំកាំងចាមម្នាក់នេះឱ្យដឹងទៀតថា ប្រជាពលរដ្ឋក្នុងឃុំមានបញ្ហាសុខភាព និងភាគច្រើនមានជំងឺផ្តាស់សាយជាញឹកញយដោយសារតែបញ្ហាផ្លូវដីហុយខ្លាំងនេះ។
លោកបន្ថែមថា៖ «បើនិយាយរឿងឈឺហ្នឹងរាប់មិនអស់ទេអ្នកគ្រូ ប្រជាពលរដ្ឋរាល់ថ្ងៃឈឺច្រើនណាស់។ អ៊ីចឹងបានថា ខ្ញុំមិនដឹងធ្វើម៉េចដែរ បើនិយាយពីរឿងឈឺ ឈឺហើយ ឈឺវាហួសពីឈឺហើយ […] នោះឯងផ្តាស់សាយ ដោយសាររឿងនេះឯង រឿងហុយនេះឯង»។
មេឃុំកាំងចាម លោក ឃឹម សុខា បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ផ្លូវមាត់ទន្លេកាំងចាម ពិតជាមានការខួចខាតខ្លាំង និងមានដាច់ដោយដុំៗ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងកាលពីរដូវស្សាដែលបានបណ្តាលឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
លោក ឃឹម សុខា បានលើកឡើងថា៖ «អ៊ីចឹងគម្រោងតាមដងទន្លេមេគង្គ ដូចយើងបានឃើញហើយ សភាពលំបាកមែនទែន ដោយសារមានការភ្ញៀវធ្លាក់ខ្លាំងពីរដូវវស្សា ធ្វើឱ្យមានផ្លូវដាច់ខួចខាត ក្រឡុកក្រឡាក់វាច្រើន»។
លោកបន្ថែមថា អាជ្ញាធរឃុំកាំងចាម និងឃុំអូររី បានធ្វើលិខិតដាក់ស្នើទៅកាន់អភិបាលស្រុក ហើយខាងស្រុកក៏បានរៀបចំដាក់ស្នើទៅអភិបាលខេត្តរួចរាល់ហើយ ប៉ុន្តែលោកថា មិនទាន់មានវិធានការណាមួយក្នុងការសាងសង់ផ្លូវទាំងនេះឱ្យបានឆាប់ៗនោះទេ។
លោកថា៖ «ឃុំកាំងចាម និងឃុំអូររី បានធ្វើសំណើដាក់ទៅអភិបាលស្រុក ហើយអភិបាលស្រុកបានដាក់ទៅឯកឧត្តមអភិបាលខេត្តរួចក្នុងរយៈពេលយូរដែរហើយ ហើយគម្រោងតាមមាត់ទន្លេរនេះ គឺជាគម្រោងរបស់ខេត្តបាទ។ អាហ្នឹងបាទ ខ្ញុំសូមជម្រាបជាគម្រោងរបស់ខេត្ត ដែលខេត្តត្រូវធ្វើ ប៉ុន្តែមិនដឹងថា…អឺ! គាត់ធ្វើថ្ងៃណាថ្ងៃណី ខ្ញុំមិនដឹងដែរបាទ»។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង លោក ព្រំ ចាន់ថា បានឱ្យដឹងថា ផ្លូវមាត់ទន្លេឃុំកាំងចាមមានប្រវែងជាង ៣០គីឡូ។ តំណាងឱ្យមន្ទីរអភិវឌ្ឍន៍បទខេត្តស្ទឹងត្រែង លោកធ្លាប់បានធ្វើការប្រកាសជាសារធារណៈកាលពីអំឡុងខែឧសភា ឬក៏ខែមិថុនាថ្មីៗនេះ ថា ផ្លូវមួយខែ្សនេះ បានដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ជនសម្រាប់ការអភិវឌ្ឍន័ក្នុងឆ្នាំ២០២៣។
លោក ព្រំ ចាន់ថា បាននិយាយថា៖ «កាលពីវេទិការក្រុមប្រឹក្សាខ្ញុំបានប្រកាសរួចម្តងបង វេទិកាក្រុមប្រឹក្សា ពីព្រោះខ្ញុំបានដាក់ចូលនៅក្នុងគម្រោងផែនការប្រចាំឆ្នាំរបស់មន្ទីអភិវឌ្ឍន៍ជនបទរួចហើយ ហើយក្នុងប្រចាំឆ្នាំ២០២៣»។
លោកបន្ថែមថា សាលាខេត្តបានជួយថែទាំ និងជួសជុល ៨គីឡូម៉ែត ហើយមន្ទីរអភិវឌ្ឍន៍ជនទទួលថែទាំ ២២គីឡូម៉ែត្រ ជាគោលការណ៍មន្ទីរធ្វើការថែទាំបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ។
បើតាមលោក ព្រំ ចាន់ថា ផ្លូវមួយខ្សែនេះ កំពុងតែសិក្សា និងវាយតម្លៃ ដើម្បីសាងសង់ក្រាលកៅស៊ូដោយក្រុមចិននៅពេលខាងមុខ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញថា បញ្ហាផ្លូវថ្នល់តាមភូមិ ឃុំ គឺជារឿងអាទិភាព និងជាតម្រូវការបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ លោកបន្តថា ប្រសិនបើមានផ្លូវស្អាតនឹងជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្សងាយស្រួលធ្វើដំណើរទៅសាលារៀន និងជួយជំរុញឱ្យស្រ្តីនៅតែបន្តការសិក្សាបានផងដែរ។
លោក ប៉ិច ពិសី និយាយថា៖ «បាទខ្ញុំយល់ថាសម្រាប់ពលរដ្ឋដែលរស់នៅភូមិ រស់នៅតំមបន់ជនបទហ្នឹង បញ្ហាអទិភាពដែលពួកគាត់ចង់បាន គឺការធ្វើផ្លូវថ្នល់តាមភូមិ តាមឃុំហ្នឹងឱ្យស្រួលដើម្បីសម្រួលដល់ការធ្វើដំណើរ ធ្វើអាជីវកម្មរបស់គាត់ផង ហើយជាពិសេស គឺសម្រួលដល់ប្អូនៗ»។
លោកបន្ថែមថា នៅពេលដែលភូមិ ឃុំ មិនមានផ្លូវប្រើប្រាស់គ្រប់គ្រាន់ប្រជាពលរដ្ឋនឹងជួបឧបសគ្គជាច្រើន ជាពិសេស ស្រ្តីប្រឈមនឹងការបោះបង់ចោលការសិក្សា។
លោកបន្ថែមថា៖ «ពិសេសក្មេងស្រីដែលគាត់ច្រើនតែឈប់រៀន គឺដោយសារបញ្ហាផ្លូវឆ្ងាយក៏មាន ការឆ្លងទឹកឆ្លងអីជាដើម ធ្វើឱ្យឪពុកម្តាយត្រូវធ្វើការបង្ខំអត់ឱ្យកូនស្រីទៅរៀនទេ អ៊ីចឹង គឺជាការចាំបាច់ដែរអជ្ញាធរឃុំ បើសិនជាមានថវិការគួរតែស្នើសុំធ្វើផ្លូវឱ្យបានសមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់ដាច់ស្រយោលហ្នឹង»។
ចំណែកឯប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានបង្ហាញការយល់ឃើញថា ប្រជាពលរដ្ឋគួរតែទទួលបានសេវាសាធារណៈដែលផ្តល់ដោយរដ្ឋ រួមមានដូចជាសេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងសាលារៀន។
លោក សន ជ័យ បន្តថា៖ «បាទតាមពិតទៅសុខមាភាពរបស់មនុស្សគ្រប់រូប គឺជាសេចក្តីប្រាថ្នាមួយដែលមនុស្សគ្រប់គ្នាចង់បាន។ អ៊ីចឹងដើម្បីធានាបាននូវសុខមាភាពរបស់ពលរដ្ឋ បីចំណុចខាងលើគួរតែកើតមាន»។
លោក សន ជ័យ ក៏បានផ្តល់ជាដំណោះស្រាយថា តួរអង្គពីរដែលអាចសហការគ្នាដោះស្រាយបញ្ហាកំពុងតែប្រឈមនេះបាន ដោយទីមួយ គឺប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយោល និងទីពីរ គឺក្រសួងអភិវឌ្ឍន៍ជនបទ។
លោក សន ជ័យ៖ «ដំណោះស្រាយនេះយើងមើលឃើញតួអង្គពីរដែលសំខាន់ ទីមួយឃុំដែលស្ថិតនៅតំបន់ដែលមានភាពដាច់ស្រយោល ទីពីរជាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ អ៊ីចឹង! យើងចង់ឃើញការសហការណ៍គ្នាអន្តរវិស័យ ដើម្បីជួយទៅដល់ ដើម្បីបង្កើនឱ្យមានសុខមាភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍»។
រាជរដ្ឋាភិបាលតាមរយៈការអនុវត្ដកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ឆ្នាំ២០២២ បានបង្កើនការវិភាគថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ជាង ១ពាន់លានដុល្លារអាមេរិក ក្នុងនោះរដ្ឋបាលក្រុង-ស្រុក នីមួយៗទទួលបានជាមធ្យម ៥៧ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ និងឃុំ-សង្កាត់នីមួយៗ ទទួលបាន ១២ ៧០០០ដុល្លារក្នុងមួយឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកស្តីពី «ហិរញ្ញប្បទានពីធនាគាពិភពលោកនឹងជួយធ្វើឱ្យប្រសើរឡើងនូវភាពធន់ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុនៃផ្លូវជនបទកម្ពុជាដែលខូចខាតដោយសារទឹកជំនន់» កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះបានឱ្យដឹងថា កម្ពុជាជាប្រទេសមួយងាយរងគ្រោះពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទផងដែរ។ ការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឱ្យជីវភាពពលរដ្ឋនៅទីជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាន មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យជាដើម។
ងាកមកអ្នកស្រី ឡុន ឡាម ជាស្រ្តីដែលមានដើមកំណើតនៅឃុំកាំងចាមបានសំណូមពរទៅកាន់ថ្នាក់ដឹកនាំបន្ថែមថា៖ «សំណូមពរអ្នក [ថ្នាក់ដឹកនាំ] ដើម្បីឱ្យជួយធ្វើមណ្ឌលសុខភាព មានពេទ្យមានអីឱ្យបានមកជួយដល់ប្រជាជន កុំឱ្យប្រជាជនកាន់លំបាករឿងពេទ្យ ឱ្យពេទ្យមកដើម្បីជួយសន្តោសប្រោះប្រណីដល់ប្រជាជន»៕