«ដៀលឆ្អេះជេខ្ញុំថា ហៅខ្ញុំសុទ្ធង្ហែង! ង្ហែងហ្នឹងការ៉ង់ទីតែមួយឆ្នាំទេលែងប្អូនអញហើយ! បោកយកលុយតែប្អូនអញទេ! ខ្ញុំខឹងណាស់ ខ្ញុំសឹងតែទ្រាំអត់បាន តែខ្ញុំអត់ធ្វើទង្វើបែបហ្នឹង»
គូសេហ៍ភេទដូចគ្នាមួយគូបានជម្នះចិត្តក្រុមគ្រួសារដែលចង់បំបែកបំបាក់ពួកគេមិនឱ្យរួមរស់ជាមួយគ្នា រហូតមានការទទួលស្គាល់ពេញលេញដូចអ្នកស្រលាញ់ភេទផ្ទុយទូទៅក្នុងសង្គមកម្ពុជា។
ផ្តើមចេញពីការស្គាល់គ្នានៅរោងចក្រឯកជនមួយនៅឯស្រុកកំណើតក្នុងខេត្តតាកែវ ម៉េង ចាន់ណា បានស្គាល់ដៃគូរបស់គាត់ គឺអ្នកស្រី ចែម សុភាព ក្នុងឆ្នាំ២០១៩។ ចាប់ពីពេលនោះមកទំនាក់ទនងអ្នកទាំងពីរកាន់តែជិតស្និទ្នឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលក្រុមគ្រួសាររបស់អ្នកស្រី ចែម សុភាព បានប្រើពាក្យតិះដៀលដោយមិនទទួលស្គាល់ស្នេហាជាភេទដូចគ្នានេះឡើយ។
ម៉េង ចាន់ណា និយាយថា៖ «[ក្រុមគ្រួសារខាងស្រី] ដៀលឆ្អេះជេខ្ញុំថា ហៅខ្ញុំសុទ្ធង្ហែង! ង្ហែងហ្នឹងការ៉ង់ទីតែមួយឆ្នាំទេលែងប្អូនអញហើយ! បោកយកលុយតែប្អូនអញទេ! ខ្ញុំខឹងណាស់ ខ្ញុំសឹងតែទ្រាំអត់បាន តែខ្ញុំអត់ធ្វើទង្វើបែបហ្នឹង»។
នៅក្នុងសង្គមកម្ពុជា បញ្ហារើសអើងអ្នកស្រលាញ់ភេទដូចគ្នា នៅតែបន្តកើតមានស្របពេលដែលពួកគេមួយចំនួនបានបង្ហាញអត្តសញ្ញាណខ្លួនឯងជាសាធារណៈនាពេលបច្ចុប្បន្ននេះ។
បើតាម ម៉េង ចាន់ណា អាយុ ៣១ឆ្នាំ បានប្រាប់ថា ដំបូងឡើយគាត់មិនបានកាត់សក់ខ្លីជារបៀបមនុស្សប្រុសនោះទេ ទើបតែអំឡុងឆ្នាំ២០០៧ គាត់ទើបគាត់សម្រេចចិត្តបង្ហាញអត្តសញ្ញាណរបស់ខ្លួនយ៉ាងពេញលេញ ដោយស្លៀកពាក់តុបតែងខ្លួនជាមនុស្សប្រុស និងកាត់សក់ខ្លីយកតែម្តង។ ស្របពេលដែលចាន់ណា បានរស់នៅភាពជាខ្លួនឯងបែបនេះ ក្រុមគ្រួសារមិនទទួលស្គាល់គាត់នោះទេ ពេលនោះ ចាន់ណា បានរត់ចេញពីផ្ទះព្រោះតែក្រុមគ្រួសារមិនអាចទទួលយកការពិតរបស់គាត់។
ម៉េង ចាន់ណា ប្រាប់ថា៖ «ខ្ញុំចាប់ផ្តើមកាត់សក់ក្នុងអំឡុង ឆ្នាំ២០០៧ ឬ ឆ្នាំ២០០៨ តែគ្រួសារខ្ញុំអត់ពេញចិត្តខ្ញុំអត់ឱ្យខ្ញុំចូលផ្ទះទេ ខ្ញុំក៏អត់ដែលចូលផ្ទះដែរ រយៈពេល ៤ ទៅ ៥ឆ្នាំ បានខ្ញុំចូលផ្ទះដល់ពេលចូលផ្ទះ។ ថ្ងៃបុណ្យគម្រប់ខួប ២៥ឆ្នាំ តា បានខ្ញុំចូលផ្ទះម៉ែឪឃើញខ្ញុំកាត់សក់ គាត់និយាយអត់ចេញហ្មង!»។
ដំណើរជីវិតរបស់ ម៉េង ចាន់ណា បានរសាត់អណ្តែតរកការងារធ្វើដើម្បីរកចំណូលទ្រទ្រង់ជីវភាពរបស់ខ្លួន ដោយចាប់ផ្តើមការងារនៅក្នុងរោងចក្រមួយកន្លែងនៅស្រុកកំណើត។ លុះមកដល់ឆ្នាំ២០១៩ ទើបគាត់បានស្គាល់ដៃគូរបស់គាត់ គឺអ្នកស្រី ចែម សុភាព ដែលជាកម្មការរីធ្វើការនៅក្នុងរោងចក្រជាមួយគ្នា។
ខណៈដែលបានជួបដៃគូក្នុងជីវិតរួចមកការរើសអើកាន់តែមានខ្លាំងឡើងៗ សម្រាប់គូស្នេហ៍មួយគូនេះ។ ចាន់ណាបាននាំដៃគូរបស់ខ្លួនទៅជួបក្រុមគ្រូសារ ប៉ុន្តែត្រូវបានម្តាយប្រាប់ឱ្យពួកគេទាំងពីនាក់ទៅរស់នៅឆ្ងាយពីភូមិកំណើត ដោយសារតែមានការរិះគន់យ៉ាងចាស់ដៃពីអ្នកភូមិចំពោះក្តីស្រលាញ់របស់ពួកគេ។ ពេលនោះចាន់ណា និងដៃគូបានសម្រេចចិត្តមកជួលបន្ទប់ជួលតែពីរនាក់ដើម្បីរស់ឱ្យឆ្ងាយពីភ្នែកអ្នកជិតខាង ដោយធ្វើជាកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្នុង ខណ្ឌកំបូល នៅជាយរាជធានីភ្នំពេញ។
ម៉េង ចាន់ណា រំលឹកថា៖ «ឆ្នាំ២០១៩ ភាពរើសអើងខ្លាំងណាស់ គេនិយាយមក ឱ្យយើងឈឺទៀត គេនិយាយឱ្យលឭៗ ម៉ង។ គេហៅម៉ែ គេហៅ អើ! ម៉ន [ឈ្មោះម្តាយចាន់ណា] មានកូនស្រីស្រលាញ់ស្រីហ្នឹង យកធ្វើអីគេកើត។ ម៉ែចាប់ផ្តើមរំអុក ណក! លឺសូរគេថាអត់? ហើយខ្ញុំថា ម៉ែ! គេថាអីថាទៅ ម៉ែឯងកុំខ្វល់មើល! ម៉ែឯងដើរធ្វើមិនដឹងមិនឮទៅ។ ខ្ញុំធ្វើរបងរាំងមាត់គេ អត់កើតទេ និយាយចប់គេឈប់និយាយហើយ ។
ចាន់ណាបន្ថែមថា៖ «ដល់ពេលហើយ ម៉ែថាឥលូវ កុំឱ្យគេថា គេនិយាយពេកកូន ឯងទៅនៅផ្ទះជួលទៅចឹង។ ម៉ែឱ្យម៉ូតូមួយហ្នឹង! សព្វថ្ងៃ ម៉ែថាទៅនៅផ្ទះជួលកុំឱ្យគេនិយាយលិចគេនិយាយកើត បើយើងប្រឹងរកស៊ី មានបាន ចាំមកផ្ទះវិញក៏បានដែរ»។
ក្នុងជីវិតជាអ្នកស្រលាញ់ភេទដូចគ្នានេះ ពួកគេទាំងពីរមិនត្រឹមតែត្រូវប្រឈមមុខជាមួយក្រុមគ្រួសារនោះទេ ប៉ុន្តែត្រូវរងការរើសអើងពីមនុស្សស្គាល់គ្នា ដោយមានជាពាក្យសម្តី រិះគន់ និងចំអកថាក្តីស្រលាញ់បែបនេះ គឺខុសច្បាប់ធម្មជាតិ។ ការរើសអើសពីមជ្ឈដ្ឋានជុំវិញខ្លួនបែបនេះឱ្យអ្នកទាំងពីរប្រឈមសម្ពាធផ្លូវចិត្តផងដែរ។
មាឌល្អិត រាងស្តើង សម្បុរស្រអែម ភ្នែកតូច អ្នកស្រី ចែម សុភាព អាយុ ២៩ឆ្នាំ ជាដៃគូរបស់ចាន់ណាបានរលឹកពីស្នេហាអ្នកទាំងពីរថា គាត់បានជ្រើសរើសយក ចាន់ណា ជាគូអនាគតដោយក្តីស្រលាញពិតប្រាកដមិនគិតពីភេទ ឬរំពឹងផល ប្រយោយន៍ណាមួយឡើយ។ អ្នកស្រីបន្តថា ការចាប់ផ្តើមស្រលាញ់គ្នាដំបូង ម្តាយរបស់គាត់បានអូសទាញគាត់មិនឱ្យស្រលាញ់ ចាន់ណា នោះទេ ដោយថា គ្មានអនាគត រហូតដេញគាត់ឱ្យចុះចេញពីផ្ទះថែមទៀតផង។
អ្នកស្រី ចែម សុភាព និយាយថា៖ «ខ្ញុំជ្រើសរើសយកគាត់ [ម៉េង ចាន់ណា] ពេលដែលខ្ញុំស្គាល់គាត់ ខ្ញុំឃើញអត្តចរិករបស់គាត់អីចឹងទៅ! ថាខ្ញុំនឹងស្រលាញ់គាត់។ គាត់អត់ដឹងថា ខ្ញុំស្រលាញ់គាត់ទេ! ទាល់តែពេលថ្ងៃមួយខ្ញុំនិយាយ ប្រាប់គាត់ទៅ គាត់ថា ស្រលាញ់ខ្ញុំមែន ខ្ញុំថាហ្នឹងហើយខ្ញុំស្រលាញ់គាត់ ទាល់តែពេលលក្ខណៈ គាត់ទៅលេងផ្ទះខ្ញុំ! អ្នកផ្ទះខ្ញុំតែងតែសួរខ្ញុំថា ត្រូវជាម៉េច! ខ្ញុំថាមិត្តភក្តិ! ដំបូងឡើយលាក់គាត់ ដល់ពេលយូៗ ទៅគាត់ដឹងទៅគាត់សួរ បងចាន់ណាហ្នឹង បងចាន់ណាគាត់ថា គាត់ស្រលាញ់ខ្ញុំ!»។
អ្នកស្រីបន្ថែមថា៖ «[ម្តាយសុភាព] គាត់ថា បងចាន់ណាស្រលាញ់ខ្ញុំហ្នឹង មើលខ្ញុំបានល្អអត់ថែខ្ញុំអត់! តើអនាគតទៅមុខហ្នឹងមានអនាគតអត់! កូនឯងទៅស្រលាញ់មនុស្សស្រីដូចគ្នាធ្វើអី អត់មានអនាគតទេ យើងស្រលាញ់មនុស្សប្រុសទៅវាមានអនាគតគេមើលថែយើងដល់ចាស់អីចឹងទៅ។ ដល់ហើយខ្ញុំថា ខ្ញុំអត់ស្រលាញ់មនុស្សប្រុសទេ ខ្ញុំស្រលាញ់គាត់ ហើយចឹងទៅគាត់ថា បើស្រលាញគាត់ ឱ្យខ្ញុំហ្នឹងបត់ខោអាវ ចេញពីផ្ទះគាត់ទៅ គាត់អត់ទទួលស្គាល់អីចឹងទៅ»។
សម្រាប់ ម៉េង ចាន់ណា វិញ ខណៈដែលប្រឈមមុខជាមួយការមាក់ងាយ ការចំឡកពីសង្គមចំពោះស្នេហាភេទដូចគ្នាបែននេះ ធ្វើឱ្យរូបគាត់បាក់ទឹកចិត្ត រហូតមានបំណងលោតទឹកសម្លាប់ខ្លួនថែមទៀតផង។
ម៉េង ចាន់នា បន្តថា៖ «ពេលហ្នឹងតូចចិត្តខ្លួនឯងខឹងខ្លួនឯងដែលម៉េឪបោះបង់ចោលអត់មានលើកទឹកចិត្តកូនអីបន្តិចផង! ខ្ញុំទៅទិញសារាំង
អាសារាំងយើងចាក់ថ្នាំហ្នឹង ហើយហ្នឹងម្ចុលមក យកមកយើងបូមទឹក ទឹកយើងធម្មតាហ្នឹង យកមកយើងរឹបដៃខ្លួនយើងចាក់ចូលក្នុង[ដៃ]ដល់ពេលហើយគេអ្នកនៅក្នុងបន្ទប់ហ្នឹង តែងតែនិយាយថា កុំគិតខ្លីអី។ ខ្ញុំសឹងតែលោតទឹកនៅស្ពានជ្រោយចង្វារក៏មានដែរ ដល់ពេលបានមិត្តភក្តិបានដើរតែពីរនាក់គា្នហ្នឹងប្រាប់ខ្ញុំណែនាំខ្ញុំរហូត»។
យ៉ាងណាក្តីរយៈពេលជិត៣ឆ្នាំកន្លងមក ចាន់ណា និងដៃគូបានជម្នះឧបសគ្គដើរលើវិថីជីវិតរួមគ្នាមកដល់បច្ចុប្បន្ននេះ។ពួកគេបានព្យាយាមពន្យល់ក្រុមគ្រួសារ និងបង្ហាញពីអំពើល្អរហូតមានការទទួលស្គាល់ពីម្តាយឪពុក។ បច្ចុប្បន្ន ចាន់ណា និងដៃគូ គឺជាកម្មកររោងចក្រឯកជនមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្នកស្រី សួន យ៉េន វ័យ ៦២ឆ្នាំ ជាម្តាយរបស់អ្នកស្រី ចែម សុភាព ដែលបានផ្លាស់ប្តូផ្នក់គំនិតពីការរើសអើងកូនរហូតទទួលស្គាល់វិញនោះ បានពន្យល់ថា មូលហេតុដែលឱ្យគាត់ទទួលស្គាល់ស្នេហាភេទដូចគ្នា គឺគាត់បានឃើញពីគុណតម្លៃ និងអំពើល្អដែលជាក្តីស្រលាញ់ពិតរបស់ ចាន់ណា ជាមួយកូនរស់គាត់។
នៅពេលផ្តល់បទសម្ភាសឱ្យ FYN អ្នកស្រី សួន យ៉េន បានបង្ហាញអារម្មណ៍រីករាយដែលកូនរបស់ខ្លួនរស់នៅដោយមានក្តីសុខ និងមិនបានបង្កការឈឺចាប់ឱ្យនណាម្នាក់ឡើយ។
អ្នកស្រី សួន យ៉េន និយាយថា៖ «មុនដំបូងវា [អ្នកស្រី ចែម សុភាព] ចេះថា ខ្ញុំតិចទៀតបង ចាន់ណាហ្នឹង មកស្តីខ្ញុំការចឹងទៅ! ខ្ញុំថា អញមិនហាន ឱ្យងែ្ហងមកការទេ ស្រីនឹងស្រី ខ្ញុំថាចឹងណាស់ ដល់ហើយក៏ហាមវា មិនស្តាប់យូៗ វាមកនៅផ្ទះជួល ខ្ញុំក៏អត់បានស្តីរកស្តីអី រយៈកាល៣ខែ។ ប៉ុន្តែកូនខ្ញុំនេះ [ម៉េង ចាន់ណា] អត់ចូលមែន តែប្រើប្រពន្ធកូនខ្ញុំហ្នឹង យកលុយកាក់ យកនំចំណីមកជូនខ្ញុំ ខ្ញុំមានមនោសញ្ចេតនា អាណិតអាសូរចឹងទៅ! ជូនពរកូន ឱ្យបានសុភមង្គលតទៅមុខ ឱ្យជួបចាប់ដៃគ្នាតអនាគតទៅ កូនកុំទាស់ទែងគ្នារកស៊ីឱ្យមានបាន ចម្រុងចម្រើនចឹងណាស់»។
នៅកម្ពុជាការអនុញ្ញាត្តិឱ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់មិនទាន់មាននោះទេ ខណៈដែលច្បាប់មូយនេះ គឺជាគោលបំណងធំបំផុតសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ដែលជូយឱ្យពួកគេរស់នៅមានសិទ្ធពេញលេញដូចទៅពលរដ្ឋទូទៅដែរ។
ប្រទេសកម្ពុជាបានប្រកាសឱ្យប្រើច្បាប់ស្តីពីឯកពន្ធភាពដែលរដ្ឋសភាបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០០៦ ស្តីពីចំណងអាពាហ៍ពិពាហ៍ប្តីមួយប្រពន្ធមួយ ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតិ្តឱ្យអ្នកស្រលាញ់ភេទដូចគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍បាននៅឡើយទេ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែងក្រុមដែលមានសំឡេងភាគតិចមួយនេះ អាចរៀបការទៅតាមប្រពៃណីទំនៀមទំលាក់ខ្មែរបាន។
ទោះជាបែបនេះក្តីសម្រាប់គួស្នេហ៍ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា មានក្តីរំពឹងដូចៗ គ្នាពួកគេចង់បានការចុះសំបុត្រអាពាហ៍ពិពាហ៍ដូចអ្នកស្រលាញ់ភេទផ្ទុយគ្នាដោយស្របច្បាប់។
សម្រាប់គូស្នេហ៍ ចាន់ណា និងសុភាពវិញទោះបីជាក្រុមគ្រួសារគាត់ទទួលស្គាល់ការរួមរស់គូស្នេហ៍ជាភេទដូចគ្នាហើយក្តី ប៉ុន្តែពួកគេនៅតែមានក្តីរំពឹងថា រដ្ឋាភិបាលវិញនឹងគិតគូរអនុញ្ញាត្តិឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់នៅថ្ងៃណាមួយជាក់ជាមិនខាននាពេលអនាគត។
អ្នកស្រី ចែម សុភាព និយាយដោយក្តីសង្ឃឹមថា៖ «សង្ឃឹមថា ថ្ងៃមុខទៀត ខ្ញុំនឹងឭចេញពីមាត់សម្តេច [លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន] ដែលគាត់ទទួលយកពួកខ្ញុំ ហើយឱ្យពួកខ្ញុំនឹងមាន ដល់ថ្ងៃចុះអាពាហ៍ពិពាហ៍ ហើយនឹងធ្វើសៀវភៅគ្រួសារទៅថ្ងៃអនាគតទៅមុខទៀត!»៕
រូបថតដោយ៖ ទុយ អេងលី