រដ្ឋមន្ត្រី យឹម ឆៃលី៖ ៦ចំណុចសម្រាប់បន្តអនុវត្តន៍ក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ នាឱកាសបិទកិច្ចប្រជុំបូកសរុបការងារ​ឆ្នាំ២០២២ និងលើកទិស​ដៅការងារឆ្នាំ​២០២៣ នៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ដ្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តោតលើចំណុចសំខាន់ចំនួន ៦ចំណុចដើម្បីបន្តការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

ទីមួយ៖ ត្រូវបន្តអនុវត្តការធ្វើសកម្មភាពជាក់ស្តែងជាពហុវិស័យ ទាំងការលើក​​​ផែនការ និងការអនុវត្ត តាមរយៈកិច្ចសហការក្នុងក្របខ័ណ្ឌក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងក្រុមការងារដឹកនាំសម្រប​សម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ថ្នាក់រាជធានី ខេត្តទូទាំងប្រទេស។

ទីពីរ៖ លើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្បៀង តម្លៃស្បៀង និងការធ្វើពិពិធកម្មគ្រប់មុខដំណាំប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែងដោយស្មើភាព។

ទីបី៖ លើកកម្ពស់ការផលិតអាហារសុខភាព និងអាហារសុវត្ថិភាព ដោយផ្អែកលើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បទដ្ឋានគតិយុត្តិនានា និងចូលរួមអនុវត្ត និងពង្រឹងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព។

ទីបួន៖ បន្តពង្រីក និងពង្រឹងការទទួលបានសេវាសុខភាព និងសេវាអាហា-រូបត្ថម្ភ តាមរយៈការលើកកម្ពស់ការផ្តល់ចំណេះដឹងដល់អ្នកប្រើប្រាស់ ការអប់រំ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការរៀបចំទម្លាប់រស់នៅប្រកប​ដោយ​ អនាម័យ​ល្អ និងការលើកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធស្បៀង ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។

ទីប្រាំ៖ បន្តកិច្ចសហការក្នុងការវិស័យព័ត៌មាន និងចែករំលែកបទពិសោធន៍នានាក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈយន្តការដឹក​នាំ​សម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ និងយន្តការក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។

ទីប្រាំមួយ៖ បន្តលើកកម្ពស់ការចូលរួមរបស់យុវជន ដើម្បីបង្កើនការយល់ដឹងដល់ក្រុមយុវជនអំពីប្រព័ន្ធស្បៀង និងអំពីសារៈសំខាន់នៃរបបអាហារសុខភាព និងបណ្តុះបណ្តាលពួកគេឱ្យក្លាយជាភ្នាក់ងារ ដែលនាំមកនូវការផ្លាស់ប្តូរក្នុងវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

គួរបញ្ជាក់ថា កម្ពុជាបានចូលរួមជាសមាជិកទី៥៣ នៃចលនាបង្កើនអាហារូបត្ថម្ភពីឆ្នាំ២០១៤ មកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល៩ឆ្នាំ ដែលក្រុមប្រឹ​ក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានដើរតួនាទីដឹកនាំសម្របសម្រួ​ល​សកម្មភាពចលនាអាហារូបត្ថម្ភជាមួយនឹងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គ‑​ការសង្គមស៊ីវិល និងវិស័យឯកជន។

គោលដៅលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភស្របតាមទស្សនៈវិស័យ និងទិសដៅចង្អុលបង្ហាញនៃយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ២០១៩​ ‑​២០២៣ បានចែងថា បញ្ហាអសន្តិសុខស្បៀង គឺជាដើមចមដែលនាំឱ្យមានបញ្ហាអាហារូបត្ថម្ភដែលត្រូវរួមគ្នាអនុវត្តន៍ដើម្បីកាត់បន្ថយ ឬលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ដូចជាការខ្វះអាហារូបត្ថម្ភ ការទទួលបានមីក្រូសារជាតិមិនគ្រប់គ្រាន់ ការធាត់លើសទម្ងន់ និងការរងគ្រោះជំងឺមិនឆ្លងនានាពាក់ព័ន្ធនឹងរបបអាហារជាដើម៕

រូបថតដោយ៖ ហេទ្បែន ខេលល័រ