ភ្នំពេញ៖ ថ្ងៃទី២០ ខែមករា នេះ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានប្រកាសពីធ្វើដំណើរមកទស្សនកិច្ចរបស់លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោកនឹធ្វើឡើងនៅថ្ងៃអង្គារ ទី២៤ និងថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ដំណើររបស់លោកមកប្រទេសកម្ពុជាគឺធ្វើឡើងបន្ទាប់ជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
អមដំណើរដោយគណៈប្រតិភូធុរៈជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France លោក Olivier Becht នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូបរួមមានសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងដំណើរទស្សនកិច្ច លោក Olivier Becht នឹងជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិបារាំង និងធុរកិច្ចជន ដែលមានសមាជិកចប្រមាណជាង 5,000 ផងដែរ។
លោករដ្ឋមន្ត្រីប្រតិភូនឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញនូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះ លោក Olivier Becht នឹងបន្តធ្វើទស្សនកិច្ចប្រាសាទអង្គរ ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច និងរោងចក្រផលិតទឹកស្អាតនៅបាក់ខែងនៃខេត្តសៀមរាប ដោយគម្រោងទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។
ដំណើរទស្សនកិច្ចរបស់លោកបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់លោកប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។
អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិកដោយសារតំបន់នេះ គឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ាន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕
រូបភាពដោយ៖ សហការី