ជប៉ុនផ្តល់ថវិកា ២០៤,៦៣៧ ដុល្លារអាមេរិកសម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាចំនួន ២០៤,៦៣៧ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អ្នកតំណាងស្ថាប័នទទួលជំនួយដើម្បីអនុវត្តគម្រោង។

Japan Provides USD 204,637 for Installation of Water Supply System

គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំកំពង់ឃ្លាំងក្នុងខេត្តសៀមរាបដែលទទួលជំនួយថវិកាចំនួន ២០៤,៦៣៧ ដុល្លារអាមេរិកនឹងផ្តល់ជូនស្ថាប័នសមាគមទឹកស្អាតជនបទកម្ពុជា។ គម្រោងនឹងត្រូវសាងសងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងមានបណ្តាញចែកចាយទឹកស្អាតប្រមាណជាង ៨គីឡូម៉ែត្រនៅក្នុងឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។

Japan Provides USD 204,637 for Installation of Water Supply Systemប្រជាជនដែលរស់នៅក្នុងតំបន់មានការលំបាកក្នុងការទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព និងកំពុងប្រឈមនឹងហានិភ័យសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំ។ តាមរយៈគម្រោងប្រជាជនជាង ២,៧០០ នាក់ នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។

Japan Provides USD 204,637 for Installation of Water Supply Systemជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍ ។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបថតដោយ៖​សហការី

Japan Provides USD 204,637 for Installation of Water Supply System