ឥស្សរជនខ្មែរពីរអង្គនាក់នឹងចូលគាល់ស្តេចប៉ាប ហ្វ្រង់ស៊ីសនិងស្តេចប្រទេសម៉ូណាកូនៅសប្តាហ៍ក្រោយ

ឥស្សរជន​តំណាង​​កម្ពុជា២អង្គនាក់គឺ ព្រះភិក្ខុ​វជិរប្បញ្ញោ សាន សុជា និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក គួច ម៉េងលី ​គ្រោងនឹងចេញទៅទស្សនកិច្ចនៅតំបន់អឺរ៉ុបរយៈពេល ៦ថ្ងៃ ក្នុងនោះលោកទាំងពីរអង្គនាក់នឹងចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស​ (Pope Francis) ប្រមុខ​វិហារ​គ្រិស្ត​រ៉ូ​ម៉ាំង​កាតូលិក នៅ​ថ្ងៃទី​១៩មករា ខណៈថ្ងៃ២១មករា នឹងជួបជាមួយ​ស្តេច​ប្រទេស​ម៉ូណាកូ ដើម្បីថ្លែងសុន្ទរកថាផ្សេងៗ ពីជំនឿ សាសនា និងរឿងរ៉ាវមួយចំនួនទៀតរបស់កម្ពុជា។

លោក គួច ម៉េងលី បាន​មានប្រសាសន៍​ថា ​​ដំណើរ​ទស្សនកិច្ច​ឯកជន​ផ្លូវ​រដ្ឋ​នៅ​កាន់​អឺរ៉ុប លោក​នឹង​ចូល​គាល់​សម្តេច ប៉ាប ហ្វ្រង់ស៊ីស ​បន្ទាប់មកជួប​ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ូណាកូ ជាមួយនឹងអ្នកសាសនាផ្សេងៗ ​ទៀត ខណៈដំណើរទស្សនកិច្ចនេះនឹងត្រូវធ្វើឡើងចាប់ពី​ថ្ងៃទី១៧-២២ ខែមករា ឆ្នាំ២០២៣។ លោកបន្ថែមថា ដំណើរទស្សនកិច្ចដដែលនេះ ធ្វើឡើងក្រោយទទួលបានព្រះរាជានុញ្ញាតចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៊ីតាលី ហើយលោកក៏នឹងអញ្ជើញចូលរួមកម្មវិធីពិសេស​នៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជា​វាគ្មិនកិត្តិយសដោយមានការឡើងថ្លែងសុន្ទរកថាក្នុងសន្និសីទនៅទីក្រុងប៉ារីសលើប្រធានបទស្តីអំពី «ការ​កែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថាន​វិទ្យា» ដែលប្រធានបទនេះផ្តោតសំខាន់លើការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងសាសនា និងការចែករំលែក​ពី​អ្វី​ដែល​ប្រទេស​យើង​បាន​ខិត​ខំ និង​បាន​ធ្វើ ចូលរួម​ចំណែក​ជាមួយ​ពិភពលោក​ក្នុង​ការ​ការពារ​បរិស្ថាន ការ​លើក​ស្ទួយសាសនា និង​ដើម្បី​ផ្តោះប្តូរ​មិត្តភាព។

លោក គួច ម៉េងលី ថ្លែងថា៖«ឡើងសុន្ទរកថាផ្តោត និងចែករំលែកនូវចំណេះដឹង ហើយនិងចំណេះដឹងរបស់ខ្មែរយើងទៅលើបរិស្ថាន ហើយការប្តេជ្ញាចិត្តទៅលើសាសនា ដើម្បីជួយចែករំលែករាល់សន្តិភាពរបស់ប្រជាជនទាំងអស់»

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនោះដែរ​ ព្រះភិក្ខុ​វជិរប្បញ្ញោ សាន សុជា និងលោក គួច ម៉េងលី គួច ​នឹង​​ចូល​រួម​ចូលគាល់សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៅវិមានវ៉ាទីកង់នាថ្ងៃទី១៩មករា ដោយ​នឹង​​មាន​ការ​ប្តូរ​ជា​កាដូ​ជាមួយ​តំណាង​របស់កម្ពុជានៅថ្ងៃទី​២០ ​​នឹង​មាន​ជួប​ជាមួយ​ជន​ភៀសខ្លួន ហើយ​លោកនឹង​ចូល​រួម​បរិច្ចា​​ថវិកា​ចំនួន ៥,០០០​ដុល្លារ ដើម្បី​ជួយ​ទៅ​ដល់​ជនភៀស​ខ្លួន​ដែល​កាកបាទក្រហម​អ៊ីតាលីបាន​រៀបចំ ​និង​ទទួល​ខុស​ត្រូវ ហើយលោកក៏នឹងរៀបរាប់​ពី​​​បទពិសោធន៍​នៅ​សម័យ​សង្គ្រាម​នៅកម្ពុជា ខណៈលោកក៏ធ្លាប់ជាជនភៀសខ្លួនដែរដោយឡែកនៅថ្ងៃទី២១ តំណាងឥស្សរៈជនរបស់កម្ពុជាទាំង២អង្គនាក់ខាងលើ នឹងជួបជាមួយ​ស្តេច​ប្រទេស​ម៉ូណាកូ ក្នុង​គោល​បំណង​​រឹត​ចំណង​មិត្តភាព រីឯ​ថ្ងៃទី​២២ នឹង​មាន​សន្និសីទ​ធំ​មួយ ហើយ​លោក គួច ម៉េងលី ក៏នឹង​មាន​ប្រធានបទ​មួយ​បកស្រាយដែរ

ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនដដែល បានបង្ហាញ​អារម្មណ៍​រំភើប និង​មាន​កិត្តិយស ហើយមាន​មោទកភាពជាខ្លាំង ដោយ​ជឿ​ជាក់​ថា នេះ​ជា​រឿង​មួយ​ល្អ​សម្រាប់​ប្រជាជាតិ​ខ្មែរ។ លោកថា​នឹង​ព្យាយាម​តំណាង​ឱ្យ​ខ្មែរ​ទាំង​មូល លើ​ឆាក​អន្តរជាតិ​ផ្នែក​សាសនា និងបង្ហាញពីសមិទ្ធផលផ្សេងៗ ដែលកម្ពុជាសម្រេចបាន និងកំពុងអនុវត្ត ដើម្បីបង្កើន​មិត្តភាព ​និង​ទំនាក់ទំនង​ល្អ ជាពិសេស​ជាមួយ​ស្តេច​សាសនា សម្តេច​ ប៉ាប និង​ព្រះមហាក្សត្រ​របស់​ប្រទេស​ម៉ូណាកូ រួម​ទាំង​សន្និសីទ​នៅ​ប្រទេស​បារាំង។

លោកបញ្ជាក់ថា៖«ឆ្នាំនេះឆ្នាំបោះឆ្នោត អញ្ចឹងខ្ញុំចង់ជូនពាក្យពេចន៍ជូនឱ្យពិភពលោកដឹងថា ប្រទេសខ្មែរយើងជាប្រទេសដែលមានសន្តិភាព ប្រទេសដែលពោរពេញដោយភាពត្រជាក់ត្រជុំ ហើយប្រជាជនកំពុងតែមានសេដ្ឋកិច្ចដំណើរការល្អ»

សូម​ជម្រាប​ជូន​ថា លោក គួច ម៉េងលី និង​ព្រះតេជគុណ សាន សុជា ​​ជា​ឥស្សរជន​ដ៏​តិច​តួច​បំផុត​របស់​កម្ពុជា ដែល​បាន​ចូល​គាល់​សម្តេច​ ប៉ាប ហ្វ្រង់ស៊ីស បន្ទាប់ពី​ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ធ្លាប់​យាង​ទៅ​វិមាន​វ៉ាទីកង់ក្នុង​ឆ្នាំ១៩៥០ និង​សម្ដេច​ព្រះ​មហា​ឃោសនន្ទ ធ្លាប់​និមន្ត​ទៅ​ក្នុង​​ខែ​តុលា ឆ្នាំ​១៩៨៦។ ដូច្នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​ត្រូវ​យក​ចិត្ត​ទុកដាក់ ហើយ​ក៏​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ក្នុង​សតវត្ស​ទី​២១​ដែរ៕

អត្ថបទដោយ៖ ប៉ា តុងចិន