ស្លៀកពាក់សម្លៀកបំពាក់ជនជាតិដើមភាគតិច សក់ចង់ឡើងលើអង្គុយនៅក្នុងបរិវេណសាលាបឋមសិក្សាលែ ស្ថិតនៅក្នុងឃុំលំជ័រ ស្រុក អូរ យ៉ាដាវ ខេត្តរតនគិរី កញ្ញា រចំ មុន្នី ដែលមានអាយុ ១៨ឆ្នាំ បានឆ្លើយតបមកកាន់អ្នកសារព័ត៌មានទាំងមានសង្ឃឹមថា «ការសិក្សា គឺជាឱកាសដ៏ពិសេសមួយសម្រាប់ស្រ្តីជនជាតិដើមភាគតិចដូចខ្ញុំ»។
រចំ មុន្នី បានប្រាប់ឱ្យដឹងថា នៅក្នុងភូមិស្រ្តីជនជាតិដើមចារ៉ាយភាគច្រើនស្រ្តីចាប់ផ្តើមរៀបការនៅអាយុ ១៤ ទៅ ១៥ឆ្នាំ។ ចំណែកឯងនាងក៏ជាម្នាក់ក្នុងចំណោមស្រ្តីដែលត្រូវបានឪពុកម្តាយបង្ខំឱ្យឈប់រៀន និងរៀបការទាំងវ័យក្មេងជាច្រើនលើកច្រើនសារផងដែរ ក៏ប៉ុន្តែក្មេងស្រីជនជាតិដើមភាគតិចមកពីទិសទិសឦសានម្នាក់នេះ បានជំនះផ្នត់គំនិតរបស់សហគមន៍ដោយបានមកបន្តការសិក្សានៅសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (CamTech) ផ្នែកព័ត៌មានវិទ្យា (Cyber Security)។
រចំ មុន្នី និយាយថា៖ «សម្រាប់គាត់គិតថាអាយុពី ១៥ឆ្នាំទៅ យើងអាចមានគ្រួសារបានហើយ យើងអាចរកលុយចិញ្ជឹមខ្លួនឯងមានគ្រួសារ មានប្តី មានអ៊ីចឹង យើងមិនមែនជាបន្ទុកក្នុងគ្រួសាររបស់គាត់ទៀតទេ»។
រលឹកទៅដល់រឿងអតីកាលដែលទើបតែហែលឆ្លងកាលពីប៉ុន្មានឆ្នាំមុន រចំ មុន្នី បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា នាងជាក្មេងស្រីជនជាតិដើមភាគិចារ៉ាយដែលសហគមន៍ក៏ដូចជាក្រុមគ្រួសារមិនជំរុញលើកទឹកចិត្តឱ្យរៀនសូត្របានច្រើនដូចទៅនឹងក្មេងប្រុស។ ការជំនះផ្នត់គំនិតសហគមន៍ និងក្រុមគ្រួសារមានបញ្ហាប្រឈមជាច្រើនសម្រាប់ក្មេងជនជាតិដើមភាគតិចដូចនាង មុន្នីត្រូវចាកចេញពីផ្ទះដែលធ្លាប់តែផ្តល់ភាពកក់ក្តៅពីក្រុមគ្រួសារ និងរៀនរស់នៅដោយម្នាក់ឯងនៅទីក្រុងបានលុង ខេត្តរតនគីរី។
នាងតែងតែអន់ចិត្តនឹងខ្សែជីវិតរបស់នាង និងអន់ចិត្តនឹងឪពុកម្តាយដែលមិនគាំទ្រឱ្យនាងទទួលបានការសិក្សា ដូច្នេះនាងត្រូវព្យាយាមស្វែងរកការសិក្សាដោយខ្លួនឯង ពេលខ្លះពេលមិត្តភក្តិសួរនាំពីគ្រួសារម្តងៗ នាងតែងតែអួលដើមករ និងមិនដឹងថាគួរឆ្លើយដោយរបៀបណា។
រចំ មុន្នី បន្តថា៖ «ខ្ញុំរៀងអត់ចិត្តដែរពេលហ្នុង ខ្ញុំទៅតែម្នាក់ឯងទេ! មិត្តភត្តិខ្ញុំសួរថាប៉ាអត់មកជាមួយទេ! អ៊ូ បងអត់មកជាមួយទេ។ ពេលហ្នុងខ្ញុំគិតក្នុងចិត្តថា អ៊ឺម! ម៉េចបានអត់មានដូចគេចឹង ម៉េចអត់មានពីណាគេជំរុញខ្ញុំឱ្យរៀនអ៊ីចឹង ខ្ញុំរៀងអន់ចិត្តខ្លាំងមែនទែន»។
ចំណែកឯអ្នកស្រី រចំ អ្យិម ស្រ្តីជនជាតិដើមភាគតិចចារ៉ាយ ម្តាយរបស់ រចំ មុន្នី ប្រកបរបរកសិករបានត្អួញត្អែរពីបញ្ហាជីវភាពខ្វះខាតដែលធ្វើឱ្យគាត់ក៏ដូចជាក្រុមគ្រួសារមិនចង់ឱ្យកូនស្រីបន្តការសិក្សា ដោយក្រោមហេតុផលត្រូវចំណាយច្រើនទៅលើការសិក្សារបស់កូនៗ។
អ្នកស្រី រចំ អ្យិម លើកឡើងថា៖«ដោយសារអី ដោយសារមកពីកូនចង់រៀន បើតាមម៉ែហ្នឹង ម៉ែរាល់ថ្ងៃហ្នឹងម៉ែនៅខ្វះខាតលុយ ហើយកូននៅច្រើនគ្នាអ៊ីចឹង មានមួយបង [កូនប្រុស] មួយពៅហ្នឹងមួយ ហើយមួយហ្នឹងមុន្នីហ្នឹងមួយទៀត។ ខ្ញុំថា! ខ្ញុំខាត់! ខ្ញុំថាខ្ញុំខាត! ខ្ញុំអត់ឱ្យទៅទេ គិតទៅគិតមក ដេកគិតមួយយប់ពីរយប់ហ្នឹង នឹកអាណិតកូនដែរ ទៅគិតមកមកអាណិតកូនចេះតាឱ្យទៅ»។
ម្យ៉ាងវិញទៀតស្រ្តីវ័យ ៤១ឆ្នាំ ទទួលបានការសិក្សាត្រឹមតែថ្នាក់ទី២ រូបនេះបានរៀបរាប់លាយលំជាមួយនឹងទុក្ខកង្វល់ ព្រួយបារម្ភពីសុវត្តិភាពកូនស្រីរស់នៅឆ្ងាយពីគ្រួសារ។ អ្នកស្រីយល់ឃើញថាដោយសារគាត់តែងតែទទួលបានព័ត៌មានអសុវត្តិភាពតាមរយៈបណ្តាញសង្គម តាមរយៈទូរទស្សន៍ ដូច្នេះធ្វើឱ្យអ្នកស្រីកាន់តែព្រួយបារម្ភខ្លាំងឡើងពីសុវត្តិភាពកូនស្រី។
អ្នកស្រីថា៖ «អ៊ូ! តាំងពីកូនទៅរៀននៅខេត្តនេះមក អ៊ូភ័យបារម្ភណាស់ ខ្លាច អាពេលយើងពីមុន យើងអត់ដឹង យើងអត់ចេះ តែសម័យឥឡូវ អឺធ្វើម៉េច។ […] រាល់ថ្ងៃហ្នឹងខ្ញុំផ្តាំដែរ ខ្លាចថាយើងស្រីផងណា! យើងស្រីហើយ យើងទៅឆ្ងាយយើងមិនខ្លាច យើងមើលឃើញទូរទស្សន៍ ទូរស័ព្ទផ្ទាល់ៗ ភ្នែកខ្លួនឯងអ៊ីចឹង ចេះតែភ័យបារម្ភ»។
បើទោះបីជាទទួលបានឱកាសរៀនចប់នៅអនុវិទ្យាល័យអូរយ៉ាដាវ ដែលមានចំងាយជាង ៥គីឡូម៉ែតពីភូមិ និងត្រូវជិះកង់កាត់ចំការកៅស៊ូស្ងាត់ជ្រងំយ៉ាងណាក្តី មុន្នី នៅតែប្រឈមនឹងការបញ្ឍប់ពីគ្រួសារជាច្រើនលើកច្រើនសារ។ ឆ្នាំ២០១៨ មុន្នីទទួលបានការអនុញ្ញាតពីគ្រួសារនិងបន្តការសិក្សានៅវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែក្នុងទីរួមខេត្តខេត្តរតនគីរី។
ឆ្នាំ២០២១ រចំ មុន្នី បានប្រលងបញ្ចប់ថ្នាក់ទី១២ និងបន្តដំណើរជាមួយនឹងជីវិតជាក្មេងស្រីរឹងមាំជាមួយប្រាក់តិចតួចដែលនាងបានសន្សំពីការងារក្រៅម៉ោងមកទីក្រុងភ្នំពេញដើម្បីស្វែងរកសាលា និងទីកន្លែងស្នាក់នៅ។ ឆ្លើយតបអមជាមួយនឹងស្នាមញញឹមដែលមានក្តីសង្ឃឹមថា ជីវិតជាក្មេងស្រីជនជាតិដើមភាគតិចចារ៉ាយគៀបដោយផ្នត់គំនិតសហគមន៍ រចំ មុន្នី មិននឹកស្មានថាខ្លួនបានមករៀននៅទីក្រុងភ្នំពេញនោះឡើយ។
ដោយនាងគិតថានឹងត្រូវឈប់រៀននៅពេលប្រលងបញ្ចប់កម្រិតវិទ្យាល័យ និងធ្វើការរកប្រាក់ជួយសម្រួលដល់ជីវភាពគ្រួសារ ប៉ុន្តែគម្រោងត្រូវបានផ្លាស់ប្តូរនៅពេលដែលនាងបានប្រលងជាប់វិទ្យាល័យ ហើយសង្គេតឃើញមិត្តភត្តិស្ទើរតែគ្រប់គ្នាមកបន្តការសិក្សានៅទីក្រុង។
មុន្នី ថា៖ «ខ្ញុំអត់នឹកស្មានថាខ្ញុំបានទៅរៀនភ្នំពេញទេ បានត្រឹមហ្នឹងខ្ញុំធ្វើការហើយ ដូចថាធ្វើការបានប្រាក់អីជួយគាត់ខ្លះ ពីព្រោះយើងរៀនរៀងយូរដែរ ១២ឆ្នាំហើយ ល្មមយើងអាចយកចំណេះយើងទៅប្រើប្រាស់រកលុយជួយគាត់ ប៉ុន្តែក្រោយដឹងលទ្ធផលមក គឺអារម្មណ៍ផ្លាស់ប្តូរភ្លាមៗ យកហ្មង ឃើញមិត្តភត្តិទៅរៀន ដល់ពេលអ៊ីចឹងអារម្មណ៍ចង់ មាន ១៦មុឺនគឺទៅជាមួយគេយកហ្មង»។
បើទោះបីជាបានមកបន្តការសិក្សានៅទីក្រុងស៊ីវិល័យដែលពោលពេញទៅដោយភ្លើងពណ៌ចំរុះគ្នាយ៉ាងណាក៏ដោយ តែវាមិនងាយស្រួលសម្រាប់ក្មេងជនជាតិដើមភាគតិចម្នាក់នេះឡើយ នាងត្រូវរៀនទ្វេដងបើប្រៀបធៀបជាមួយនឹងសិស្សដែលរៀនបញ្ចប់នៅទីក្រុង។ បច្ចុប្បន្ន មុន្នី ទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (CamTech) ផ្នែកព័ត៌មានវិទ្យា (Cyber Security) និងស្នាក់នៅមជ្ឈមណ្ឌល និស្សិត ជនជាតិដើម។
រចំ មុន្នី៖ «រយៈពេលដែលខ្ញុំបានឡើងមករៀននៅភ្នំពេញហ្នឹងវា គឺជារឿងមួយលំបាកសម្រាប់ជនជាតិដើមភាគតិចដែលមកពីយតំបន់ដាច់ស្រយាល ហើយបានឪកាសបានមករៀននៅភ្នំពេញ។ សម្រាប់ដូចជាបទពិសោធន៍ដូចដែលខ្ញុំឆ្លងកាត់កន្លងមកហ្នឹង អីទាំងអស់ហ្នឹង គឺខ្ញុំរកដោយខ្លូនឯង ខ្ញុំប្រឹងដោយខ្លូនឯងដើម្បីមករៀនត ហើយខាងឪពុកម្តាយខ្ញុំក៏គាត់អត់គាំទ្រឱ្យខ្ញុំមករៀនឆ្ងាយ ក៏ដូចជាមរៀនភ្នំពេញដែរ»។
មុន្នី បានបន្ថែមពីហេតុផលដែលស្រ្តីជនជាតិដើមភាគតិចមិនសូវទទួលបានការកសិក្សាដោយសារកត្តាដែលសហគមន៍ថា៖ «ដោយសារតែយើងជាស្រ្តីជនជាតិដើមភាគតិត ដោយសារខាងសហគមន៍យើងគាត់មានផ្នត់គំនិតគាត់អត់ឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ទេ ដោយសារអនាគតទៅ យើងគង់តែក្លាយជាប្រពន្ធគេដដែរ អ៊ីចឹងហើយគាត់មានផ្នត់គំនិតគៀបជាប់នៅក្នុងដួងចិត្តរបស់ក្មេងៗ ស្រីៗ អ៊ីចឹង»។
ការខិតខំប្រឹងប្រែងបានធ្វើឱ្យក្មេងស្រីជនជាតិដើមភាគតិចមកពីទិសឦសានម្នាក់នេះ បានឈានជើងទៅកាន់ទឹកដីប្រទេស បារាំងក្នុងកម្មវិធីវេទិកាសន្តិភាពទីក្រុងប៉ារីស (Paris Peace Forum) ដែលរៀបចំនិងជ្រើសរើសដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កាលពីខែវិច្ឆិកាថ្មីៗ នេះ កាលណ៍នេះកាន់តែធ្វើឱ្យម្តាយ ក៏ដូចជាក្រុមគ្រួសារកាន់តែព្រួយបារម្ភកាន់តែខ្លាំងជាងមុនៗ។
ស្រ្តីជាម្តាយអង្គុយលើកៅអីជ័រពណ៌ផ្ទៃមេឃពាក់អាវសាច់ក្រណាត់ពណ៌ត្រួយចេក ស្លៀកសំពត់ជនជាតិដើមភាគតិចបាននិយាយឡើងទាំងទឹកមុខនឹកឃើញពីសកម្មភាពដែលបានដឹងដំណឹងកូនថាត្រូវប្រទេសបារាំងថា៖ «អ៊ូ! តាំងទៅរៀននៅភ្នំពេញមានទៅបារាំងទៀត អ៊ូរ…កាន់តែភ័យខ្លាំងទៀតណាស់ខ្ញុំ បើយើងអត់ធ្លាប់ទៅ ពីព្រោះកន្លែងគេឆ្ងាយៗ ផង បារម្ភមែនទែន»។
លោក ធី ទ្រី នាយកប្រតិបត្តិ និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្រាប់ឱ្យដឹងពីដំណើរការនៃការជ្រើសរើសបេក្ខភាពក្នុងការចូលរួមកម្មវិធីវេទិកាសន្តិភាពទីក្រុងប៉ារីស (Paris Peace Forum) នៃប្រទេសបារាំងថា រចំ មុន្នី គឺម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើននាក់ដែលបានដាក់ពាក្យ។ ក្រុមការងារអូឌីស៊ីជ្រើសរើសយកគាត់ដោយសារតែនាងមានលក្ខខណ្ឌគ្រប់គ្រាន់ ជាពិសេសនាង គឺជាជនជាតិដើមភាគតិចដែលសាកសមទៅនឹងគម្រោងដែលអូឌីស៊ីបានយកទៅធ្វើបទបង្ហាញនៅក្នុងកម្មវិធី។
លោក ធី ទ្រី លើកឡើងថា៖ «មួយក្នុងចំណោមពីរហ្នឹង គឺ រចំ មុន្នី ដែលយើងបានជ្រើសរើសតាមលក្ខខណ្ឌដែលយើងពិនិត្យ ហើយអ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមសន្តិភាពទីក្រុងប៉ារីសបាទ»។
លោកបានបញ្ជាក់បន្ថែមថាការធ្វើដំណើរទៅកាន់ទឹកដីអឺរ៉ុបសម្រាប់ រចំ មុន្នី គឺមិនមានភាពងាយស្រួលនោះទេ ដោយ សារតែនាងមានស្ថិតនៅក្នុងវ័យសិក្សា និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ។ រូបលោកក៏ដូចជាក្រុមការងារអូឌីស៊ី បានធ្វើពន្យល់ណែនាំឪពុកម្តាយរបស់នាង ដោយការជួបប្រជុំ និងមានកិច្ចសន្យាទាំរាំតែមានការយល់ព្រមពីគ្រួសារ របស់នាង ដោយលោកបញ្ជាក់ថាការយល់ព្រមពី មុន្នី វាជារឿងមួយ តែរឿងមួយដែលសំខាន់ គឺការយល់ព្រមពីឪពុកម្តាយរបស់នាង។
លោកបន្តថា៖ «សម្រាប់ រចំ មុន្នី ធាតុពិតទៅទំរាំតែបានឱ្យគាត់ចូលរួមកម្មវិធីយើងហ្នឹងមិនជាភាពងាយស្រួលប៉ុន្មានទេ មិនជាការងាយស្រួលទេ […] យើងមិនត្រឹមតែទទួលការឯកភាពពីគាត់ក្នុងការគាត់ទៅចូលរួមបន្ទាប់ពីគាត់ដាក់ពាក្យទេ តែយើងត្រូវការពិភាក្សាជាមួយនឹងឪពុកម្តាយរបស់គាត់»។
លោក ធី ទ្រី បានលើកឡើងពីគោលដៅច្បាស់លាស់រួមជាមួយនឹងការជំរុញលើកទឹកចិត្តឱ្យស្រ្តីជនជាតិដើមគភាគតិចដូចជា មុន្នី មានឱកាសបង្ហាញពីសម្ថភាព ដើម្បីការពារប្រពៃណី វប្បធម៌ និងទិន្នន័យជនជាតិដើមភាគតិចនៅក្នុងប្រទេស កម្ពុជា ដោយលោកមានការព្រួយបារម្ភពីការបាត់បង់អនត្តសញ្ញារបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមាននៅក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «ការពិភាក្សាជាមួយដែលខ្ញុំចាំមិនភ្លេចហ្នឹង យើងពិភាក្សាជាមួយឪពុកម្តាយរបស់គាត់ ពេលហ្នឹងឪពុកម្តាយរបស់គាត់មានភាពអល់អ៊ែកមែនទែន […] ជាឪកាសបង្ហាញពីសម្ថភាពដែលគាត់ ក៏ដូចជាការលើកកំពស់ប្រពៃណី វប្បធម៌ ឬក៏ទិន្នន័យដែលពាក់ព័ន្ធជាមួយនឹងជនជាតិដើមភាគតិច»។
ងាកមក រចំ មុន្នី បានបង្ហាញការយល់ឃើញដោយជឿជាក់ទៅលើការសិក្សាថា៖ «ការគិតរបស់ខ្ញុំ អនាគតទៅ គឺយើងត្រូវការចំណេះដឹង ត្រូវការការអប់រំដើម្បីបូកគួបផ្សំដើម្បីយើងអាចយករឿងអស់ហ្នឹង អភិវឌ្ឍន៍នៅតំបន់យើង សហគមន៍ជនជាតិដើមភាគតិចយើង គឺត្រូវការចំណេះដើម្បីរក្សានូវអនត្តសញ្ញាយើង បើសិនជាយើងអត់មានចំណេះដឹងទេ អ្វីៗ ទាំងអស់គេនឹងយក គេលុបបំបាត់នូវសហគមន៍ជនជាតិដើមភាគតិចយើងតែម្តង»។
អត្ថបទដោយ៖ ទុយ អេងលី (សាគូរ៉ា)